មន្ត្រីជំនាញ​រិះ​គន់​​​​​​​ការ​​​ផលិតភាព​យន្តបែបកំប្លុកកំប្លែង​​​​បច្ចុប្ប​ន្ន​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 07:32 AM​
http://vodhotnews.com


(រាប់ពីស្តាំ) លោក ​ស៊ិន ចន្ទ​ឆាយ៉ា ប្រធាន​​​​នាយកដ្ឋាន​​ភាព​យន្តប្រចាំ​​​ក្រសួង​​​វប្បធម៌ ​វិចិត្រ​សិល្បៈនិង​លោក​លោក សោម សុគន្ធ ​ប្រធាន​គណៈកម្មការ​មហោស្រព​ភាព​យន្ត​​​​​ជាតិ​លើក​ទី​​៤


នៅ​ក្នុងវេទិកា​សន្និសីទ​កាសែត​​​ដើម្បី​​​ត្រៀម​ខ្លួន​​​​​​បើក​ដំណើរ​​​​​​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​​លើក​ទី​៤កាល​ពី​ថ្ងៃ​​​​​​​​៣០ខែ​វិច្ឆិកា ​មន្ត្រី​​ជំនាញ​ជា​គណៈកម្មការ​​​វាយ​តម្លៃ​ភាព​យន្ត​បាន​រិះ​គន់​ចំៗ​ទៅ​លើ​​​​ការ​ផលិត​ភាព​យន្ត​​​​នា​ពេល​បច្ចុ​ប្បន្នរបស់​ផលិតករ​ខ្មែរ។​​​ ជា​​ពិសេស​គឺ​ភាព​យន្ត​​​បែប​កំប្លុក​កំប្លែង ដោយ​​​​​​ក្រុម​មន្ត្រីជំនាញ​បាន​ហៅ​​​​​​ភាព​យន្ត​ទាំង​នោះ​​ថា​​ជោគជ័យ​ដោយ​​ចៃដន្យនិង​​​ព្រមាន​​ថា​នឹង​ធ្វើ​​ឲ្យ​ការ​ផលិតទាំង​​នោះ​​អស់​ផ្លូវ​​​​​​​​​​មិន​យូរ​មិន​ឆាប់ ​បើ​ទោះ​ជា​​ផលិតករដែល​​​​​​​​​​​​អួត​ថា​ងើប​លុយ​ស្រួល​ពី​ការ​ផលិតភាព​​​​​​បែបនោះងាយ​ស្រួល​​កើប​ប្រាក់​ចំណេញ។

លោក ​ស៊ិន ចន្ទ​ឆាយ៉ា ប្រធាន​​​​នាយកដ្ឋាន​​ភាព​យន្តប្រចាំ​​​ក្រសួង​​​វប្បធម៌ ​វិចិត្រ​សិល្បៈ ​​​និង​ជា​សមាជិក​​អចិន្ត្រៃយ៍នៃ​គណៈ​កម្មការ​រៀប​ចំ​​មហោស្រព​ភាព​យន្តជាតិ​លើក​ទី​៤ បាន​រិះ​គន់​ចំ​ៗ​ទៅ​លើ​​​ការ​​ផលិត​ភាព​យន្ត​របស់​ផលិតក​រ​​​​បច្ចុប្បន្ន​ ដោយ​លោក​ថ្លែង​ថា​​​​​​​​វត្តមាន​​​​​ភា​ព​យន្ត​​​កាន់តែ​ច្រើននា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​មិន​ជួយ​​ឲ្យ​​វិស័យ​ភាព​យន្តខ្មែរ​មាន​សន្ទុះ​​​​​លើ​​ផ្នែក​​​បច្ចេកទេសនិង​​​​​គុណភាព​នោះ​ទេ។ លោក​​បាន​សង្កត់​ធ្ងន់​ភាគ​ច្រើន​​​ទៅ​លើ​​ភាព​យន្ត​ដែល​​ផោ្ត​ត​លើ​ភាព​កំប្លុក​កំប្លែង។ លោក​​​​បញ្ជាក់​ថា​​ទម្រង់សម្ដែង​​របស់​​តួ​​អង្គ​នៅ​ក្នុង​រឿង​ទាំង​នោះគឺ​ផ្ទុយ​​ស្រឡះ​ពី​​ទម្រង់​ភាព​យន្តដែល​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់​។

លោក​​មាន​ប្រសាសន៍​ថា៖ “​​​​​​តួ​ឥឡូវ​​សម្ដែង​ប៉ាតណា​ប៉ាតណី ហើយ​បើ​​​​​តួ​អ្នក​កំប្លែង​វិញ គឺ​​​សម្ដែងឬ​និយាយ​អត់​មាន​ប៉ារ៉ូល​ទេ នឹក​ឃើញ​​អី​និយាយ​នឹង ដល់​អញ្ចឹង​​គេ​អត់​ហៅ​ថា​​ភាព​យន្ត​ទេ ព្រោះ​ភាព​យន្ត​គឺ​មាន​ប៉ារ៉ូល​ច្បាស់​លាស់ មាន​ការ​​ដឹក​ច្បាស់​លាស់ ​​​​​មិនមែន​​ពេល​ខុស​​​រក​​​​​​​ប្លង់​​រក​សម្ដី​​​​​​​​​​​អី​​មក​សម្ដែង​ឡើង​វិញ​អត់​បាន​​ដូច​រឿង​​ឥឡូវ​​ទេ​​!”។

​យ៉ាង​ណា​មិញ លោក​បាន​​​​​​​សម្ដែង​ការ​កោតសរសើរ​ចំពោះ​​​រឿង​​​​​មួយ​ចំនួន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើគុណភាព ​បើ​ទោះជា​​​​​​ទីផ្សារ​តម្រូវ​ការ​ហាក់​​ចាញ់​រឿង​ដែល​​ផលិត​​បែប​កំប្លុក​កំប្លែង ដែល​លោក​​ហៅ​ថា​​ជា​រឿង​​​​​មិនត្រូវ​ស្ដង់​ដារ​នោះ​ក៏​ដោយ​។ ​ក្រៅ​ពី​ចំណុច​​តួ​សម្ដែង លោក​ថា​​​បញ្ហា​​ពន្លឺ បច្ចេកទេស​សំឡេង បច្ចេកទេស​ប្លង់ ក៏​​​​សឹង​នឹង​មាន​បញ្ហា​​​ភាគ​ច្រើន​នៅ​ក្នុង​ខ្សែ​រឿង​ភាគ​ច្រើន​នោះ​ដែរ ទើប​​ធ្វើ​​ឲ្យ​​វិស័យ​ភាព​យន្ត​ខ្មែរ​នៅ​តែ​មាន​កម្រិត។ លោក​ថា​​​​​​ភាព​យន្ត​​បច្ចុប្បន្ន មាន​ការ​ផលិត​ច្រើន ​​​ប៉ុន្តែ​​បើ​​​ឲ្យ​ត្រូវ​កម្រិតដែល​អាច​ទទួល​យក​បាន គឺ​មាន​ចំនួន​តិច​ណាស់​។ លោក​បន្ថែម​ថា​គណៈកម្មការ​របស់​លោក ​​​​រក​​ឃើញ​តែ​រឿង​​ចំនួន​​៨​ប៉ុណ្ណោះ ដែល​​អាច​​ចូល​ប្រកួត​ប្រជែង​​នៅ​ក្នុង​មហោស្រព​ភាព​យន្ត​លើក​ទី​​៤ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​​​​៤ ដល់​ថ្ងៃ​ទី​​​១០ខែ​ធ្នូ​នោះ​។ ​លោក​ថា​​បរិបទ​ឥឡូវ​នេះ ​ប្រទេស​កម្ពុជា​មាន​​​​​​រោង​កុន​ល្អ មាន​ទស្សនិកជន ប៉ុន្តែការ​ផលិត​រឿង​គឺ​ល្អ​ភាគ​តិច​បំផុត ទើប​ពលរដ្ឋ​កម្ពុជា​បាន​ងាក​ទៅ​គាំទ្រ​​​​ខ្សែ​រឿង​បរទេសមិន​ថា​នៅ​​​តាម​រោង​កុននិង​តាម​កញ្ចក់​ទូរទស្សន៍​។ លោក​​ព្រមានចំពោះ​​ភាព​យន្ត​ដែល​​ផ្ដោត​​ទៅ​លើ​​​ភាព​កំប្លុក​កំប្លែង ​ហើយ​​​​​​​​​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ប៉ារ៉ូល បញ្ហា​​​​ប្លង់និង​​​​​​​ទម្រង់​​ស្ដង់​ដារ​​​​​​​របស់​ភាព​យន្ត ថា​​​​នឹង​ធ្វើ​​ឲ្យ​​អ្នកទស្សនា​​​​បាត់​បង់​ការគាំទ្រ​ នៅ​ពេល​អ្នក​និយម​ភាព​យន្ត​​​​​​ក្នុង​ស្រុកកាន់​តែ​ឃើញ​ពីគុណភាព​​​​របស់​ភាព​យន្ត​​​​បរ​ទេស​ក្នុង​ពេល​ប​ន្ត​បន្ទាប់​។ លោក​ទទួល​ស្គាល់​​ថា​ ​ក្នុង​នាម​ក្រសួង​វប្បធម៌​​ មិន​មាន​ចំណាត់​ការ​​ដើម្បី​គាប​សង្កត់​​​ទៅ​លើ​ផលិតករ​ទាំង​នោះ ​​​ឲ្យ​ចោល​ទម្លាប់​ផលិត​រឿង​​​​​​​​ដោយ​មិន​គិត​ពី​គុណភាព​ដូច​រាល់​​ថ្ងៃ​បាន​ទេ ដោយសារ​តែ​បរិបទ​ជាក់​ស្ដែង គឺ​​​ខាង​ក្រសួង​គឺ​បាន​ត្រឹម​តែ​​​​​​​​​​​ផ្ដល់​​​​​​ជាមតិ​យោបល់​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង គឺ​​ផលិត​ករ​​ជា​អ្នក​​​​​​​​​​​​​​​​​​​​​​​ទទួល​យក​​ ឬ​មិន​ទទួល​​យក​ដោយ​ខ្លួន​ឯង​។ ​​​លោក​ថា​មាន​តែ​​​​​​ទស្សនិកជន និង​ពេលវេលា​ប៉ុណ្ណោះ ដែល​អាច​​​កែ​ប្រែ​​ទម្លាប់​​ផលិត​រឿង​របស់​​ផលិតករ​ទាំង​នោះ នៅ​ពេល​ខ្សែ​រឿង​​ដែល​គ្មាន​​​​​ស្ដង់​ដារ​​​ទាំង​នោះ  បាត់​បង់​ការ​គាំទ្រ​​​​បន្តិច​ម្ដង​ៗ រហូត​​​​​​​​​​​​​ប្រែ​ពី​ការ​ចំណេញ​ក្លាយ​ជា​ខាត​។

មិន​ខុស​គ្នា​ដែរ លោក សោម សុគន្ធ ​ប្រធាន​គណៈកម្មការ​មហោស្រព​ភាព​យន្ត​​​​​ជាតិ​លើក​ទី​​៤​ បាន​ថ្លែង​បញ្ជាក់​ថា ​​​ចំណុច​​ខ្វះ​​ចន្លោះរបស់​​ភាព​យន្ត​បច្ចុប្បន្នគឺ​ជា​កត្តា​​ធ្វើ​ឲ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បង្កើត​​ឲ្យ​មាន​​​​មហោស្រប​​ភាព​យន្ត​ជាលើក​ទី​​៤​នេះ​ឡើង ដើម្បី​ជំរុញ​ទឹក​ចិត្ត​ផលិតករ​​ឲ្យ​ងាក​មក​​​ផលិត​រឿង​​ដែល​មាន​ស្ដង់ដារនិង​គុណ​ភាពជាជាង​ផលិត​​​រឿង​​​​​​តម្រូវ​តែ​តាម​ទីផ្សារ ហើយ​មិន​សំឡឹង​មើល​និរន្តភាព​អនាគត។ លោកទទួល​ស្គាល់​ថាមហោស្រព​​​ភាព​យន្ត​​​៣​លើក​កន្លងមក មិន​បាន​កែ​ប្រែ​​​​ទម្លាប់​​​​របស់​ផលិតករ​ដែល​​​និយម​ផលិត​រឿង​​​​​ដោយ​មិន​មាន​ស្ដង់ដារ​​​ច្រើន​ទេ ប៉ុន្តែផលិត​ករ​ទាំង​នោះ​នឹង​មាន​ការ​ភ្ញាក់​រឭក​​នៅ​ពេល​​ផលិតកម្ម​របស់​ខ្លួន​ ​​ផលិត​រឿង​ក្នុង​មួយ​​ឆ្នាំ​ជា​​ច្រើន​រឿង ប៉ុន្តែ​មិន​មាន​រឿង​ណា​មួយ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ក្នុង​​មហោស្រពភាព​យន្ត​​​​​​​​។ លោក​បន្ត​ថា​នៅ​ពេល​​​​​​​ពលរដ្ឋ​​កម្ពុជាកាន់តែ​យល់​ពី​គុណតម្លៃ​នៅ​​ក្នុង​ភាព​យន្ត គឺ​​​​​​​​​​​​​​​​​​​​ស្ថានភាព​​​ក្នុង​ការ​ផលិត​​​ពិត​ជា​ផ្ដោត​លើ​​សាច់​រឿង ​​ប្លង់​រឿង ​ប៉ារ៉ូល​រឿង និង​បច្ចេកទេស​ផលិត​​​​​​​​​ដោយឯងៗ​។

ផលិតករម្នាក់ លោក ​​​​​​​​​អ៊ិន សុភិន បាន​ទទួ​ល​ស្គាល់​​​​​​ការផលិត​ភាព​យន្ត​នា​ពេល​បច្ចុប្បន្ន​​​ហាក់​ផ្ដោត​លើ​​​ការ​តម្រូវ​ទីផ្សារ​ជា​ជាង​​​​​​​​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​​​ស្ដង់ដារ​។ ​យ៉ាង​ណា​ក៏​ដោយ លោក​​​​ថា​​​​​​ផលិតករ​ភាព​យន្ត​គួរ​តែ​​​​​​​ដល់​ពេល​រួម​គ្នា​លើក​កម្ពស់​​​​​​​​គុណភាព​ក្នុង​ការ​ផលិតភាព​យន្ត ​​​ជា​ជាង​គិត​រឿង​​​​​តែ​រឿង​ទីផ្សារ​​​​​​​​​ដូចដែល​បាន​ធ្លាប់​ធ្វើ​ទៀត​ហើយ​។ លោក​ថា​​ខ្លួន​នឹង​​​​​ផ្អាក​​ការ​ផលិត​រឿង​​​បែប​កំប្លែក​កំប្លែង​ដែល​​​តម្រូវ​​ឲ្យ​តួ​អង្គ​និយាយ​​​ខ្លួន​ឯង​ប៉ាតណាប៉ាតណី ដូច​ក្នុង​រឿង​​«​​​ខ្មោច​ថត​កុ​ន​» ដើម្បី​កុំ​​ឲ្យ​​​​​​​​​​បាត់​បង់​​​​ប្រជាប្រិយភាព នៅ​ពេល​គុណភាព​ទាំង​សាច់​រឿង ទាំង​​​​​​តួ​សម្ដែង​ ទាំង​ការ​ដឹក​នាំ​​ថត និង​​​ប្លង់​​កាមេរ៉ា​ ​ត្រូវ​បា​ន​យក​ចិត្តទុក​ដាក់​៕ ­­

សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

What Next?

Recent Articles