អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាសល់ត្រឹម ០,៦ ភាគរយ​

ដោយ៖​ ឡាយ សាមាន​​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កាកបាទក្រហមកម្ពុជារកឃើញថាអត្រាអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាធ្លាក់ចុះពី១,៦ភាគរយ កាលពីឆ្នាំ១៩៩ ៨ មកនៅត្រឹម០,៦ ភាគរយនៅឆ្នាំ២០១៥នេះ។

លិខិតចុះហត្ថលេខាដោយប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី បានបង្ហាញរបាយការណ៍នេះក្នុងឱកាសទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៥។ លិខិតបន្តថាទោះបីជាករណីឆ្លងមេរោគអេដស៍ថ្មីក្នុងមួយថ្ងៃថយចុះពី៦៨នាក់ក្នុងឆ្នាំ១៩៩៥មកនៅត្រឹម២នាក់ក្នុងឆ្នាំ២០១៥នេះពិតមែន តែការព្រួយបារម្ភមួយចំនួននៅមាននៅឡើយ។ លិខិតដដែលឱ្យដឹងថាអត្រាផ្ទុកមេរោគអេដស៍នៅតែខ្ពស់ទៅលើក្រុមស្រ្តីធ្វើការកន្លែងសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំលែងភេទនិងក្រុមអ្នកប្រើគ្រឿងញៀនដែលទាំងបីក្រុមនេះ លើសពី៥០ភាគរយជាយុវវ័យ។

លិខិតបញ្ជាក់ថាក្នុងបរិបទនេះកម្ពុជា​ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការឆ្ពោះសម្រេចគោលដៅយុទ្ធសាស្រ្ត ៩០-៩០-៩០ នៅឆ្នាំ ២០២០។

នាយកគេហទំព័រសុខភាពកម្ពុជាលោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ មានប្រសាសន៍ថាតាមរយៈរបាយការណ៍នេះ ឆ្លុះបញ្ចាំងថាកម្ពុជាអនុវត្តបានជោគជ័យនូវការកាត់បន្ថយប្រយុទ្ធប្រឆាំងទប់ស្កាត់និងការរីករាលដាលនៃការឆ្លងមេរោគអេដស៍។ លោកបន្តថាការថយចុះអ្នកផ្ទុកមេរោគអេដស៍នេះក៏បង្ហាញថាប្រជាជនកម្ពុជាទូទាំងប្រទេសមានការយល់ដឹងខ្ពស់និងទទួលបានការអប់រំផ្នែកសុខភាពមានភាពប្រសើរជាងមុន។ លោក​មានប្រសាសន៍ថា៖ “ជារបាយការណ៍មួយដែលបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរភាគច្រើនជាពិសេសប្រជាពលរដ្ឋពីទសវត្សរ៍ទី៩០ឬ ២០​០០ហ្នឹង គឺពួកគាត់ទទួលបានការអប់រំពីមេរោគអេដស៍ជាច្រើន អញ្ចឹង​ជារួមជាអត្រាមួយដែលយើងអាចទទួលយកបានថាការឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគឺយើងមានចំនួនតិច។ ប៉ុន្តែទស្សនៈខ្ញុំទោះបីជាយើងឃើញអត្រាថយយ៉ាងនេះក្តី ប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុត គឺយុវវ័យ ពីព្រោះថាយុវវ័យជារួមគឺគាត់ធំពេញវ័យ គាត់ចាប់ផ្តើមរួមភេទ អាឡូវនេះកាន់តែក្មេងទៅៗមានន័យថាគាត់អាចរួមភេទអាយុ១២ឬ១៣ឆ្នាំ”

បើតាមលោកលី ចេងហ៊ុយ នៅពេលប្រជាជនកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ច្រើននឹងបង្កផលប៉ះពាល់ដល់សង្គមជាតិ ថវិកាជាតិ ប៉ះពាល់បុគ្គលផ្ទាល់ខ្លួននិងសេដ្ឋកិច្ចក្នុងគ្រួសារជាដើម។

ចំណែកកាកបាទក្រហមកម្ពុជា រំពឹងថាកម្ពុជានឹងអាចបញ្ចប់នូវការគំរាមកំហែងនៃការរីករាលដាលមេរោគអេដស៍នៅឆ្នាំ២០៣០ ខណៈកម្ពុជាធ្លាប់មានការរីករាលដាលមេរោគអេដស៍ធ្ងន់ធ្ងរបំផុតនៅឆ្នាំ១៩៩៨ ដោយមានអត្រាផ្ទុកមេរោគអេដស៍១,៦ % ក្នុងចំណោមប្រជាពលរដ្ឋអាយុពី១៥ទៅ៤៩ឆ្នាំ៕

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.co

What Next?

Recent Articles