ដោយ៖ លី បេឡា | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ថង់ប្លាស្ទីកត្រូវបានអាជីវករប្រើប្រាស់ជាប្រចាំដូចជាការវេចខ្ចប់ចំណីអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗ តែប្រជាពលរដ្ឋខ្លះនៅមិនទាន់យល់ដឹងពីផលប៉ះពាល់ពីការប្រើប្រាស់ថង់ប្លាស្ទីកនេះនៅឡើយ ហើយពលរដ្ឋខ្លះក៏បានយល់ដឹងដែរតែថាវាជាតម្រូវការចំបាច់ប្រចាំថ្ងៃ។
ក្នុងទឹកមុខមាំដៃកំពុងកាន់បន្លែច្រកចូលទៅក្នុងថង់ប្លាស្ទីកព៌ណសដើម្បីលក់ឲ្យភ្ញៀវដែលកំពុងឈររង់ចាំអាជីវករលក់បន្លែគ្រប់មុខនៅក្នុងផ្សារបឹងកេងកង អ្នកស្រី កេស ផន បាននិយាយថាជារៀងរាល់ថ្ងៃអ្នកស្រីប្រើប្រាស់ថង់ទាំងតូចទាំងធំជាង១គីឡូក្រាមសម្រាប់ច្រក់បន្លែលក់តែអ្នកស្រីលើកឡើងយ៉ាងថាអ្នកស្រីពិតជាមិនបានដឹងពីផលប៉ះពាល់នោះទេ។
អ្នកស្រីលើកឡើងបន្ថែមថា៖ "ច្រកគ្រប់បែបយ៉ាងទាំងអស់ទាំងជ្រក់ ម្ទេស ម្ពិល កំពឺស ត្រីសព្វបែបទាំងអស់។ អ៊ំអត់ដឹងទេអត់បានពិនិត្យមើលអ្វីទេចេះតែច្រកៗទៅ"។
ទោះបីជាយ៉ាងណាអាជីវករលក់ត្រីម្នាក់ទៀតអ្នកស្រី សេង សម្បត្តិ បានឲ្យដឹងថារាល់ថ្ងៃអ្នកស្រីក៏ប្រើប្រាស់ថង់អស់ជិត២គីឡូក្រាម ហើយអ្នកស្រីក៏ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទីកនេះដែរតែអ្នកអ្នកស្រីថាវាជាតម្រូវការប្រើប្រាស់សំខាន់។ ដៃម្ខាងកំពុងកាន់ថង់ប្លាស្ទីកសនិងដៃម្ខាងទៀតកាន់ត្រីច្រក់ចូលថង់អ្នកស្រី សម្បត្តិ បន្ថែមថា៖ "ដឹងតើដូចថាអ្នកទិញខ្លះអត់ចង់ឲ្យច្រកច្រើនជាន់ទេគេចង់ដាក់តែមួយជាន់ៗខ្លាចប៉ះពាល់បរិស្ថានអីចឹង។ ចុះហេតុអ្វីបានជាចែនៅតែប្រើថង់ទៀតបើដឹងថាវាប៉ះពាល់បរិស្ថានដែរ? ចុះអាហ្នឹងធ្វើម៉េចបើត្រូវច្រកចឹងមានស្អីយកមកវេចខ្ចប់ឥឡូវគេប្រើចឹង ចឹងទាំងអស់ទៅ"។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា អង្គការយូណេស្កូសហការជាមួយក្រសួងបរិស្ថាននិងក្រសួងទេសចរណ៍បានធ្វើយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីកនៅខាងមុខវត្តបុទុមវតីដែលមានការចូលរួមរើសសំរាមពីបណ្ដាយុវជនប្រមាណជាង៥០០នាក់។
កញ្ញា ហ៊ន់ ស្រីនាង ដែលជានិស្សិតចិត្តសាស្ត្រមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញជំរុញឲ្យមានការចូលរួមរើសថង់ប្លាស្ទីកដើម្បីសំអាតបរិស្ថាន។ កញ្ញាបន្ថែមថា៖ "ខ្ញុំគិតថាការរើសនេះអាចជួយបរិស្ថានបានត្រឹមតែ១០ទៅ២០ភាគរយទេ ព្រោះអ្នកចោលគឺចោលរាល់ថ្ងៃចឹងខ្ញុំគិតថាបើមានការរើសដាក់តាមអាទិត្យវាល្អជាង ហើយបើរើសមួយថ្ងៃវាជួយបានតែមួយថ្ងៃហ្នឹងទេ ហើយសម្រាប់ថ្ងៃស្អែកនឹងមានការបោះចោលសំរាមទៀតចឹង"។
ក្នុងយុទ្ធនាការនេះតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអ្នកស្រី អាន ឡឺមែត្រ បានឲ្យដឹងថាប្រជាពលរដ្ឋគឺជាជនរងគ្រោះដោយសារសំរាមថង់ប្លាស្ទីកតាមរយៈការប្រើប្រាស់សម្រាប់ច្រកអាហារ ភេសជ្ជៈនិងវត្តុប្រើប្រាស់ផ្សេងៗដោយមិនមានការដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។អ្នកស្រីបន្ថែមថា៖ "ជាការពិតនៅពេលដែលថងប្លាស្ទីកមិនអាចរម្លាយបាន វាចំណាយពេលយ៉ាងហោចណាស់៤០០ឆ្នាំទៅ១០០០ឆ្នាំក្នុងការបំបាត់នូវថង់ប្លាស្ទីកមួយចេញពីបរិស្ថាន ហើយវាក៏មិនប្រាកដថាអាចបំបាត់បាននោះទេហើយវានឹងបំបែកទៅជាផ្នែកតូចដែលនឹងបរិភោគចូលទៅក្នុងពោះមនុស្ស សត្វនិងត្រី ហើយផ្នែកតូចៗនេះអាចប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សនិងសត្វ"។
លោកស្រី អាន ឡឺមែត្រ បន្ថែមថាការប្រើប្រាស់ថង់ប្លាស្ទីកនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែលោកស្រីក៏ជំរុញឲ្យមានការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទីកដែលប្រើរួច។
បន្ថែមលើនេះអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោក ស៊ូ សូវុធ បានឲ្យដឹងថាថង់ប្លាស្ទីកជាសារធាតុពុលដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ ហើយវាមិនអាចរម្លាយតាមរយៈការដុត ការកប់ឬក៏បោះចោលក្នុងទឹកនោះទេដូច្នេះលោកជំរុញឲ្យពលរដ្ឋប្ដូរមកប្រើប្រាស់វិធីវេចខ្ចប់តាមបែបបុរាណ។
លោកបន្ថែមថា៖ "ជំនួសការប្រើប្រាស់ថង់ប្លាស្ទីកបុរាណកាលមកគេប្រើស្លឹកចេក គេប្រើកន្ត្រក់ កន្រ្តក់ផ្ដៅ និងអ្វីដែលងាយរម្លាយហើយទុកយូរទៅវាពុកផុយក្លាយទៅជាកំប៉ុស ដូច្នេះប្រើថង់ប្លាស្ទីកនៅលើពិភពលោកឥឡូវគេកាត់បន្ថយ កាត់បន្ថយច្រើនមែនទែន។ ដូចជានៅប្រទេសបារាំងនៅសហភាពអឺរ៉ុបទាំងអស់កាលណាអ្នកឯងហ៊ានយកថង់ប្លាស្ទីកមកប្រើមួយ កន្លះដុល្លារចឹង វាថ្លៃណាស់គេធ្វើឲ្យថ្លៃគឺចង់ឲ្យមនុស្សជៀសឲ្យផុតពីការប្រើរបស់ដែលមានគ្រោះថ្នាក់"។
កាលពីថ្ងៃទី២៧ ខែសីហា រដ្ឋាភិបាលបានចេញអនុក្រិត្យស្ដីពីការគ្រប់គ្រងសំរាមនិងសំណល់រឹងដោយហាមឃាត់ជាដាច់ខាតនូវការបោះចោលឬការដុតសំរាមសំណល់រឹងនៅទីប្រជុំជននៅតាមដងផ្លូវទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជនជាដើម។
អនុក្រឹត្យនេះក៏បានចែងពីការផាកពិន័យចាប់ពី១ម៉ឺនរៀលសម្រាប់លំនៅដ្ឋាន ១០ម៉ឺនសម្រាប់ទីតាំងអាជីវកម្ម ទីតាំងសេវាកម្ម ទីតាំងសិប្បកម្ម អគារខុនដូរ បុរីលំនៅដ្ឋាន និង២០ម៉ឺនរៀលសម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលល្មើសនឹងបំរាមនោះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថាការធ្វើយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីកនេះគឺជួយកាត់បន្ថយការប៉ះពាល់ដល់ទីសាធារណៈដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ លោកបន្ថែមថា៖ "ឃើញនៅប្រទេសណាស្អាតយើងសរសើរ ហើយគេស្អាតយើងចង់ទៅលេងអាចំណុចហ្នឹងធំណាស់ភាពស្អាតភាពបៃតងមានភាពទាក់ទាញធំណាស់សម្រាប់គោលដៅទេសចរណ៍នីមួយៗចឹងបានយើងមើលឃើញថាប្លាស្ទីកដែលវារសាត់រសាយតាមហើរតាមខ្យល់ក៏ដូចជាសំរាមនឹងមានការប៉ះពាល់ខ្លាំងណាស់ដល់ភាពទាក់ទាញចឹងបានយើងនាំគ្នាធ្វើរឿងហ្នឹង"។
មន្រ្តីជំនាញបានលើកឡើងថាការផាកពិន័យពីការបោះចោលសំរាមនិងថង់ប្លាស្ទីកមិនមានប្រសិទ្ធភាពខ្ពស់ដូចជាការអប់រំមនុស្សឲ្យមានការយល់ដឹងពីផលប៉ះពាល់របស់វានោះទេ។ ប៉ុន្តែមន្រ្តីជំនាញជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការរក្សានូវសំណល់ថង់ប្លាស្ទីកឲ្យមានសណ្ដាប់ធ្នាប់៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
