ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com


ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar (រូបថតផ្តល់ឲ្យ​)


ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar កាលពីថ្ងៃចន្ទ បានប្រគល់សារតាំងរបស់លោកជូនលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជាការបង្ហាញពី​ការចាប់ផ្តើម​បេសកកម្មរបស់​លោក​នៅកម្ពុជា។

លោក Edgar បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ជំនួសលោកJean-Francois Cautain។​

សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបឲ្យដឹងថាការប្រគល់ជូនសារតាំងនេះបញ្ជាក់ពីការទទួលស្គាល់​ជាផ្លូវការថាលោកEdgarជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបន្តថាលោក Edgar មិនមែនជាអ្នកមកថ្មីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ដោយលោកបានបម្រើការងារនៅក្នុងប្រទេសកម្ពុជាជាឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសចាប់ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០០។

លោកEdgar បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ ខ្ញុំមានកិត្តិយស និងមានសេចក្ដីរីករាយជាពន្លឹកដែលបានធ្វើជាតំណាងឲ្យសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ សហភាពអឺរ៉ុបគឺជាទីដៅនាំចេញធំបំផុតរបស់ប្រទេសកម្ពុជានិងជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយដល់កិច្ចខិតខំប្រឹងប្រែង​របស់ប្រទេសកម្ពុជាក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងសមធម៌ជាមួយកម្មវិធីសហប្រតិបត្តិការក្រោមការផ្តល់ជំនួយឥតសំណងចំនួន៤១០លានអឺរ៉ូសម្រាប់ឆ្នាំ២០១៤-២០២០”។ លោក​បន្ថែម​ថា៖ “ខ្ញុំសង្ឃឹមថានឹងបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាអង្គភាពធុរកិច្ចនិងសង្គមស៊ីវិលនៅក្នុងឆ្នាំខាងមុខនេះ

បើតាមសេចក្តីប្រកាសព័ត៌មាន មុនពេលចូលរួមបម្រើការងារក្នុងផ្នែកកិច្ចការបរទេសដែលជាបេសក​កម្មការទូតរបស់សហភាពអឺរ៉ុបនិងដែលបានបង្កើតឡើងស្របតាមសន្ធិសញ្ញាលីសបោន(Lisbon) កាលពីខែធ្នូ ឆ្នាំ២០១០  លោកEdgar បានធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំសាធារណរដ្ឋអ៊ូបេគីស្ថាន (២០១២-២០១៥) ម៉ាសេដូនី អតីតសាធារណរដ្ឋយូហ្គោស្លាវី (២០១១-២០០៤។

គួរបញ្ជាក់ថា​សហភាពអឺរ៉ុប្រចាំនៅកម្ពុជា​កំពុង​តែ​ជួយ​កំណែទម្រង់ការបោះឆ្នោត​នៅកម្ពុជា តាមរយៈ​ការផ្តល់ជំនួយជាថវិកានិងបច្ចេកទេស៕​

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles