Tue, 1 December 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បោះទុនភាពសិចស៊ីបញ្ចេញរូបថតអាក្រាតកាយននលគក ចំណីភ្នែកបុរសៗមិនចាញ់តារាបស្ចិមប្រទេស តែមួយឈុតនោះ បានរុញច្រានប្រជាប្រិយភាពតារាសម្តែងកូនកាត់បីសាសន៍ កញ្ញា បេននី យ៉ាំង អណ្តែតលើវិថីសិល្បៈឡើងត្រដែត។
ទន្ទឹមនឹងឱកាសទីផ្សារសម្តែងនាយសមុទ្រលើកដំបូងក៏របូតវិញទាំងរៀបចំបង្វេចត្រៀមរួចរាល់នោះ ស្រីស្រស់សម្រស់សិចស៊ីបេននី យ៉ាំង ដែលពោលយ៉ាងម៉ឺងម៉ាត់មិនស្តាយឡើយឱកាសនោះ នាងក៏បានបញ្ជាក់ថា ទោះយ៉ាងណានាងមិនបោះបង់ដាច់ខាតភាពសិចស៊ី។
តារាស្រីវ័យ ២៦ ឆ្នាំ ចាំងចែងដោយរូបសម្ផស្សជាមួយភាពក្លាហានបញ្ចេញភាពសិចស៊ី នៅលើវិថីសិល្បៈ មិនញញើតនឹងព្រនង់ស្ថាប័នថែទាំអភិរក្សវប្បធម៌ប្រពៃណីខ្មែរ កញ្ញា បេននី យ៉ាំង បានប្រាប់ថា៖ «ខ្ញុំគ្មានការសោកស្តាយបន្តិចឡើយពីការខកខាននៅក្នុងឱកាសចេញទៅសម្តែងនៅក្នុងដែនដីកោះអូស្រ្តាលី កាលពីខែមុន ដោយសារម្តាយខ្ញុំឈឺចំថ្ងៃឡើងយន្ដហោះនោះទេ»។
ជាមួយសម្ដីបង្ហាញពីសុខភាពម្តាយ ថាដ្បិតជំងឺបេះដូងម្តាយឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ ប៉ុន្តែខាងពេទ្យនៅតាមដានពិនិត្យសុខភាពម្ដងៗត្រូវចំណាយលុយទាំងពាន់ៗទៀតនោះ នាងប្រាប់ថា៖ «ស្ពន់ស័រនៅអូស្រ្តាលីនោះ នៅតែផ្ដល់ឱកាសឲ្យខ្ញុំចេញទៅសម្តែងនៅអូស្រ្តាលីនោះដដែលហ្នឹង»។
តារាសម្តែងមានកំណើតនៅភ្នំពេញកើតក្នុងត្រកូលអ្នកមានទ្រព្យធនស្តុកស្រាប់ កញ្ញា បេននី យ៉ាំង ដែលមានឈ្មោះពិត លី សុគន្ធារី នាងបញ្ជាក់ឲ្យដឹងថា៖ «តាមគម្រោងលើកទី ២ ស្ពនស័រនេះ ឲ្យខ្ញុំចេញទៅសម្តែងនៅខែ ២ ឆ្នាំ ២០១៦ ម្ដងទៀត។ តែខ្ញុំក៏មិនទាន់ប្រាកដថាព្រមទៅឬយ៉ាងណាទេ»។
បង្ហាញពីភាពស្ទាក់ស្ទើរសម្រាប់ឱកាសហោះហើរឆ្លងដែនទៅអូស្រ្តាលី ដែលតារាជាច្រើនគេចង់ឲ្យមានឱកាសនេះ និងបានទៅកើបដុំដុល្លារនោះ ត្រូវបានបុប្ផាសម្រស់សិចស៊ីខ្ចីល្វក់នាង បេននី យ៉ាំង បែរជាពោលថា៖ «មិនរំពឹងថា ទៅសម្តែងនៅទីនោះ កាក់កបជានៅប្រទេសកំណើតទេសម្រាប់ខ្ញុំ»។
កញ្ញា បេននី យ៉ាំង ប្រាប់ថា៖ «ខ្ញុំមិនមែនមិនប្រាកដពីសមត្ថភាពខ្លួន ទើបមិនចង់ទៅសម្តែងនោះទេ រឿងចង់នោះចង់ហើយ ទៅក្រៅប្រទេសអ្នកណាមិនចង់ តែគ្រាន់ថាខ្ញុំពេលនេះនៅស្រុកខ្មែរក៏មានការងារច្រើន រកតែពេលថតឲ្យគេមិនគ្រប់ទើបបានខ្ញុំមិនទាន់ចង់ទៅ»។
ស្រីស្រស់ចាយសម្ផ្សស្សតែប្រកែកមិនទាន់មានស្នេហា បេននី យ៉ាំង បានប្រាប់មូលហេតុថា៖ «ពេលនេះមិនសូវជាមានច្រើនទេ ពីការសម្តែងចម្រៀងខារ៉ាអូខេ មានតិចតួចនិងភាពយន្ដក៏ដូចគ្នា ទើបមានការចុះនូវកុងត្រាថតឲ្យអ្នកមីង ពាន់ ភួងបុប្ផា សម្រាប់រឿងភាគចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន តែពេលនេះសម្បូរច្រើនតែថតស្ប៉តពាណិជ្ជកម្មធំៗ »។
យ៉ាងណាកញ្ញា បេននី យ៉ាំង មិនភ្លេចគុណភាពសិចស៊ីដែលនាំឲ្យនាងល្បីផ្អើលពិភពសិល្បៈមុននេះ ដែរថា៖ «រូបថតសិចស៊ីនោះ ធ្វើឲ្យខ្ញុំមានការងារច្រើន មានទាំងគេហៅទៅសម្តែងក្រៅប្រទេស ហើយពេលក៏គ្មានគំនិតបោះបង់ភាពសិចស៊ីនោះទេ គ្រាន់បង្អន់់បន្តិចសិន»។
តារាស្រីសាច់ខ្ចីល្វក់ បេននី យ៉ាំង ប្រាប់ថា៖ «ភាពសិចស៊ីនេះនាងនឹងមិនបោះបង់វាទេ។ ភាពសិចស៊ីនេះធ្វើឲ្យខ្ញុំល្បី ហើយការល្បីរបស់ខ្ញុំក៏គេល្បីថា តារាសិចស៊ីដែរ ដូច្នេះខ្ញុំបានត្រៀមរួចហើយថា នឹងបង្ហាញចំណីចក្ខុថ្មីទៀត និងសិចស៊ីជាងមុនដែរ សម្រាប់ឱកាសក្រោយៗជាបន្ដបន្ទាប់ទៀត»៕
