នី មុនី​នាថ ផ្ទុះ​ស្នេហ៍​ផ្កាយ​ពីរ ក្រោយ​ល្បី​បែក​សង្សារ​អាមេរិក

តារា​សម្ដែង​កញ្ញា នី មុនីនាថ។ ហុង មិនា

តារា​សម្ដែង​កញ្ញា នី មុនីនាថ។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដំណើរ​បណ្តើរ​គ្នាដូចលលក ញីឈ្មោល​តាំងពី​ដី​ក្រុង ធ្លាយ​ដល់ចុងកាត់​មាត់ញក​ជា​មួយ​បុរស​អាណិក​ជនអាមេរិក ឈ្មោះ សូឡា បាន​ឃ្លាត​ពី​ភ្នែក​មហាជន ក្រោយពី​បុរសអាណិក​ជន​ម្នាក់​នេះហោះ​ហើរ​ត្រឡប់​ទៅទឹកដីអាមេរិក​វិញ​ ជា​មួយ​ព័ត៌​មាន​ល្បី​ថា ​ស្នេហាក៏ប្រែបែរ​ខ្នង​មិន​ទាន់​បាន​ប៉ុន្មាន​ខែផង។

ពេលនេះ​ក៏ផ្ទុះ​ដំណឹង​ថា បុប្ផា​លើដី​សុវណ្ណភូមិ​រះ​លើ​វិថីសិល្បៈ​​ ងារ​កំពូល​តារា​ទឹកភ្នែក​ជា​ដើម​ទុន កញ្ញា នី មុនីនាថ កំពុង​ទទួល​បានកាដូ​ស្នេ​ហ៍​លួងចិត្ត​ពី​បុរសម្នាក់​ពាក់​ផ្កាយ​ពីរ​លើស្មា។

ដំណឹង​ពី​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​​រវាង កញ្ញា នី មុនីនាថ និង​បុរស​អាណិកជនអាមេរិក​ រូបសង្ហា​វ័យ ៤០ ឆ្នាំឈ្មោះ សូឡា ប្រែបែរខ្នង​ដាក់​គ្នា​វិញ​ ក៏​ធ្លាយ​ព័ត៌មាន​បោកបក់បញ្ច្រាស​​វិញ​​ថា «បុរស​អាណិក​ជនរូប​នេះ មិនអាច​ទទួលយក​អតីត​ល​របស់​ស្រី​ស្រស់​នី មុនីនាថ គ្រា​ដឹង​ថា​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារាសម្តែង​ជើង​ចាស់​លោក កែវ កុសល»។

ប៉ុន្តែ​ការអះអាង​​ពី​​ម្តាយនាង​ថា៖ «គ្មាន​រឿង​បែបនោះទេ។ លោក សូឡា គាត់​ត្រឡប់​ទៅ​ធ្វើ​ការងារ​គាត់វិញ។ពួកគេគ្រាន់​តែ​​រាប់អាន​គ្នា​ធម្មតា​ តែ​បើ​ថ្ងៃមុខមើល​ឃើញ​ថា​ល្អអាច​ឈាន​ដល់ស្នេហា​នោះ ក៏មិន​ដឹង​ដែរ»។ ​

នៅ​ក្រោ​យ​សម្ដី​ការពារភាព​ស្អាតស្អំរបស់​​កូនស្រី​នេះក៏​ស្រាប់តែ​ថ្មី​ៗ​នេះ​ល្បី​ថា នី មុនីនាថ កំពុង​ព្យាយាម​លុប​ស្រមោលអនុស្សា​វរីយ៍​អាណិ​កជន​អាមេរិក លោក សូឡា ចេញពី​បេះដូង ដើម្បី​យក​កន្លែង​​ដាក់​អ្នកថ្មី។ប្រភព​បង្ហើបថា៖ «នី មុនីនាថ កំពុង​ចាប់​អារម្មណ៍​ស្នេហា​លើបុរស​លោកផ្កាយ​ពីរក្នុង​ស្រុក​វិញ​ទេ នោះ​គឺ​មក​ពី​បុរស​រូបនេះចិត្ត​ល្អ​ដៃ​ទូលាយ ហើយ​គេ​បាន​ចំណាយ​មក​លើនាង​មិន​ខ្លាច​ធូរ​ហោ​ប៉ៅឡើយ»។

ប្រ​ភព​ពី​អ្នកសិល្បៈ​ដដែលនេះ​បន្ដ​ថា​៖ «ប៉ុន្តែ​ការ​ឆ្លើយ​តប​ជាក់​ស្ដែងលើព័ត៌មាន​នេះ នី មុនីនាថ នៅ​មិន​មាន​ភាពក្លាហាន​បង្ហាញ​រឿងនេះ​ទេ ក្រៅពី​អ្នក​សិល្បៈ​ស្និទ្ធ​ៗនឹងគ្នា​ ព្រោះ​ថា ទើប​កើត​ឡើង​ថ្មី​ដែរ»។

យ៉ាងណា​ព័ត៌មាន​នេះ​ ម្តាយ​កញ្ញា នី មុនីនាថ ច្រាន​ចោល​ទាំងស្រុង​ ដោយ​បញ្ជាក់​ថា៖ «កូន​ស្រី​ខ្ញុំ​មិនបានបង្កើតចំណង​ស្នេហ៍​ជា​មួយ​លោក ផ្កាយពីរម្នាក់ណាទេ​»។

ជាមួយសម្ដី​ថ្លែង​​ថា៖ «លុយ​ ដុល្លារ​ ​អ្នក​ណា​ក៏​​ចង់​បានវា​ ម្នាក់ៗ​ខំរាល់​ថ្ងៃ​ដោយសារអាហ្នឹង (លុយ)» នោះ អ្នក​ស្រី​ សុភា​លី ក៏បាន​ប្រកែក​ទៀត​ថា៖ «​មិន​មែន​ជា​ការ​ពិតទេ ពីព័ត៌មាន​នេះ ហើយ​​ពួកយើង​ក៏​មិន​ដែល​បាន​ស្គាល់លោក ផ្កាយ​ពីរ​ម្នាក់​ណា​ដែរ»។

អ្នក​ម្តាយតារា​សម្ដែង នី មុនីនាថ ដែល​រមែង​រួម​ដំណើរ​ជា​មួយ​កូន​ស្រីថត​កម្មវិធី​ទាំងយប់​ថ្ងៃ​គ្រប់​ច្រកល្ហក​នោះ​​ ក៏​ទទួលស្គាល់​ដែរថា កូនស្រី​ជា​តារា​សិល្បៈ​​ និងជា​មនុស្ស​របស់​មហាជន​ គេច​មិនផុត​ពី​ព័ត៌មាន​អេចអូច​ទេ។

ប៉ុន្តែ​អ្នកស្រី​​បាន​សម្ដែង​ក្ដីបារម្ភ​ឡើង​ថា៖ «វាធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ដល់​គ្រួសារ ​និង​កូន​ស្រី ហើយដែលល្បី​តែពី​រឿង​អាស្រូវ​ពី​មួយ​ទៅមួយ ហើយរឿង​ថ្មី​នេះ​ល្បី​ថា ដោយ​សារ​ឃើញ​ដុំ​ដុល្លារក៏ទោរទន់​រក​គេ​នោះ»។

អ្នកស្រី សុភាលី បញ្ជាក់​បន្ថែមទៀត​ថា៖ «ការ​ពិតវាគ្មាន​បែបនោះ​ទេ សូម្បី​តែ​រឿង ជាមួយ​ សូឡា នៅ​អាមេរិក ក៏​គ្នាគ្រាន់​តែរាប់​អាន​គ្នា​ថា គ្នាមាន​ស្នេហា​នឹងគ្នាដែរ​»៕


What Next?

Recent Articles