
អាល់ប៊ុម Live in Concert ដែលប្រើចម្រៀងខ្មែរលាយភ្លេងបែបអារ៉ាប់ ត្រូវបានចំណាយពេលផលិត ៤ ឆ្នាំ។ រូប សហការី
Wed, 2 December 2015
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជាអ្នកនិពន្ធជនជាតិន័រវែស លោក អ៊ីនហ្គូល ហាលែន បានចំណាយពេល ៤ ឆ្នាំតាក់តែងចម្រៀង ៩ បទដែលនឹងរំលេចក្នុងអាល់ប៊ុមរបស់លោកនៅខែនេះ។ អាល់ប៊ុមថ្មីនេះជាការបញ្ចូលគ្នារវាងឧបករណ៍ភ្លេងអារ៉ាប់ ការរៀបចំបែបបស្ចិមប្រទេស និងអ្នកចម្រៀងខ្មែរ។
តន្ដ្រីករសក់ពណ៌ទង់ដែង ដែលជាជំនួយការសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យអេហ្គឌ័រ នៃប្រទេសន័រវែស បាននិយាយតាម Skype កាលពីពីរសប្ដាហ៍មុនថា៖ «វាទាមទារពេលវេលាច្រើនទើបសម្រេចលទ្ធផលថ្ងៃនេះ។ ប្រាកដណាស់ ពេលយើងធ្វើការជាង ២០ ម៉ោងក្នុងមួយថ្ងៃមួយរយៈវែង វាមិនល្អចំពោះសុខភាពឡើយ។ ប៉ុន្ដែយើងត្រូវបង្ហាញថា យើងអាចធ្វើវាបាន»។
លោក ហាលែន បានផលិតអាល់ប៊ុមថ្មី «Live in Concert» កាលពីចុងខែមីនា ជាមួយនឹងតារាចម្រៀងកម្ពុជា អ៊ុច សាវី និងវង់ភ្លេងតន្ដ្រីស៊ីមហ្វូនីមកពីក្រុងគ្រីស្ទៀនសេននៅមជ្ឈមណ្ឌលសម្ដែងសិល្បៈឃីលដេន ក្នុងប្រទេសន័រវែស។
តន្ដ្រីចម្រៀងប្រើដោយសំឡេងព្យ៉ាណូស្រាលរបស់លោក ហាលែន ផ្សំជាមួយសូរសៀងក្រុមតន្ដ្រីករចម្រុះជាតិសាសន៍បង្កើតបានជាបទភ្លេងសប្បាយ លន្លង់លន្លោច និងព្រឺព្រួច។ វាគីជាកិច្ចសហការដ៏តានតឹងបំផុតសម្រាប់តន្ដ្រីករជនជាតិន័រវែសរូបនេះ។
លោក ហាលែន បានបន្ដថា៖ «ការច្របាច់បញ្ចូលតន្ដ្រីប្រើខ្សែជាមួយឧបករណ៍ភ្លេងអារ៉ាប់ គ្មាននរណាអាចធ្វើបានឡើយ ពីព្រោះពួកគេនិយាយថា វាទៅមិនរួចទេ»។
បទនិពន្ធសម្រាប់បេក្ខភាពបណ្ឌិត ក្រោមចំណងជើងថា «តើមានវិធីអ្វីអាចអភិវឌ្ឍសំឡេងតន្ត្រីប្លែកពីគេ? គំនិតទស្សនៈរបស់អ្នកសម្ដែងម្នាក់ បទចម្រៀងទាំងនោះគឺជាផ្នែកមួយនៃអត្ដសញ្ញាណតន្ដ្រីកម្មសិទ្ធិរបស់លោក និងជាឱកាសជំរុញសមត្ថភាពសិល្បៈឲ្យឆ្ពោះទៅមុខ»។
តន្ដ្រីករន័រវែសបានជួបតារាចម្រៀងខ្មែរ សាវី ក្នុងប្រទេសកម្ពុជានាឆ្នាំ ២០០៩។ ដោយបានចំណាយពេលក្នុងប្រទេសលីបង់ និងប៉ាឡេស្ទីន លោកបានពាំនាំនូវបទភ្លេងបែបអារ៉ាប់មកបញ្ចូលជាមួយចម្រៀងខ្មែរ។ ជាមួយនឹងការខិតខំរិះរកវិធីផ្សែផ្សំគ្រឿងទាំងពីរ លោកបានពិគ្រោះជាមួយមិត្ដភក្ដិម្នាក់បម្រើនៅសិល្បៈខ្មែរអមតៈ ដែលណែនាំលោកឲ្យស្គាល់តារាវ័យ ២៨ ឆ្នាំនោះ។
សាវី ជាសិស្សរបស់គ្រូចាប៉ីដងវែងពិការភ្នែក លោកតា គង់ ណៃ បាននិយាយថា៖ «នៅពេលខ្ញុំសម្ដែងខនសឺត មនុស្សនៅជុំវិញខ្លួនខ្ញុំគឺជាបរទេស។ ខ្ញុំមានមោទនភាពណាស់ដែលបានតំណាងឲ្យកម្ពុជាលើឆាកអន្ដរជាតិ»។
ថ្វីដ្បិតតែ សាវី គ្រោងទៅប្រទេសន័រវែសតែប៉ុន្មានថ្ងៃ ប៉ុន្ដែនាងពិតជារីករាយក្នុងការពន្យារពេលប៉ុន្មានសប្ដាហ៍ទៀតពេលត្រូវបានស្នើសម្ដែងឲ្យសមាគមខ្មែរមួយ។ អ្នកនាងបានរំឭកថា៖ «ពួកគេបានប្រាប់ខ្ញុំថា ពួកគេមិនបានឮសំឡេងចាប៉ី ឬចម្រៀងបុរាណខ្មែរអស់ពេលជាច្រើនឆ្នាំហើយ។ ខ្ញុំរីករាយក្នុងការសម្ដែងជូនពួកគេ»។
អ្នកនាងក៏បានទៅវិទ្យាស្ថានតន្ដ្រីនៅប្រទេសស៊ុយអែតដើម្បីរៀបចំសិក្ខាសាលាចម្រៀងប្រពៃណីខ្មែរផងដែរ។
ក្រោយពីបញ្ចប់ខនសឺតដែលជា «ព្រឹត្ដិការណ៍សំខាន់ក្នុងឆាកជីវិត» របស់លោក ហាលែន អ្នកនិពន្ធសក់ទង់ដែងរូបនេះបាននិយាយថា លោកធូរទ្រូងខ្លាំងណាស់។
ចំពោះអាល់ប៊ុម «Live in Concert» នឹងបង្ហាញវត្ដមានលើទីផ្សារនៅថ្ងៃទី ១៥ ខែធ្នូ នៅហាងលក់សៀវភៅ Monument Books ព្រមទាំងអាចរកជាវបាននៅ iTunes និង Amazon ផងដែរ៕
