ក្រសួង​ការបរទេស​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ចំណាកស្រុក

ដោយ សិរីមុនី
2015-12-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ចំណាក​ស្រុក កំពង់ឆ្នាំង ៦២០
ប្រជាពលរដ្ឋ​នៅ​ខេត្ដ​កំពង់ឆ្នាំង អង្គុយ​រង់ចាំ​ឡាន​ក្រុង​នៅ​បេនឡាន​ផ្សារលើ ដើម្បី​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។ RFA/Chin Chetha


ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​លិខិត​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ចំពោះ​ពលករ​ខ្មែរ​ក្នុង​ការ​តាមដាន និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ត្រូវ​ឃ្លាំមើល និង​ការពារ​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពលករ​ពី​ថៅកែ​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលករ​ខ្មែរ និង​ត្រូវតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឱ្យ​ភាព​កក់ក្ដៅ នៅ​ពេល​ពួកគេ​ជួប​បញ្ហា​នៃ​ការ​រំលោភ​បំពាន។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​លិខិត​ផ្លូវ​ការ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា តែងតែ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នានា នៅ​ពេល​ដែល​ពលករ​ជួប​បញ្ហា​រំលោភ​សិទ្ធិ​ការងារ និង​ការ​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​រស់​នៅ​ពី​ថៅកែ​នៅ​បរទេស។

ការ​ចេញ​លិខិត​ជា​ផ្លូវការ​នេះ គឺ​ក្រោយ​ពេល​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា “អង្គប់​នៅ​ក្នុង​ផ្ទះបាយ​ពិភពលោក” (Trapped in the Kitchen of the World) ដែល​ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដោយ​អង្គការ​អឺរ៉ុប​ចំនួន​ពីរ គឺ​ស្វេដវ៉ច្ឆ (Swedwatch) និង ហ្វិនវ៉ច្ឆ (Finnwatch) បង្ហាញ​ថា ពលករ​ចំណាក​ស្រុក​កម្ពុជា ដែល​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់​មាន់​នៅ​ថៃ រង​ការ​ធ្វើ​បាប និង​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ថៅកែ ប៉ុន្តែ​មិន​មាន​យន្តការ​ជាក់លាក់​ណា​មួយ​ដើម្បី​ទប់ស្កាត់ ឃ្លាំមើល និង​តាមដាន​សកម្មភាព​ទាំង​នោះ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ទេ។

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា កម្មករ​នៅ​ក្នុង​រោងចក្រ​កែច្នៃ​សាច់​មាន់​នៅ​ថៃ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា ត្រូវ​បាន​មេខ្យល់ និង​ថៅកែ​រំលោភបំពាន​សិទ្ធិ​ក្នុង​ការ​រស់​នៅ និង​សិទ្ធិ​ការងារ ដោយ​ដក​យក​លិខិត​ឆ្លង​ដែន និង​ទារ​ថ្លៃ​សេវា​ចូល​ធ្វើ​ការ​ក្នុង​តម្លៃ​ខ្ពស់។

ទាក់​ទង់​នឹង​ការ​សិក្សា​ស្រាវជ្រាវ​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ឯកភាព​ថា កន្លង​មក​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តែង​តែ​ត្រូវ​បាន​ថៅកែ​ថៃ រំលោភ​លើ​សិទ្ធិ​ការងារ បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ដូចជា​មិន​មាន​យន្តការ​នៃ​ឃ្លាំមើល និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាមដាន​សង្កេត​ជុំវិញ​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​ការងារ​ចំពោះ​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឡើយ។

លោក មឿន តុលា៖ «ការ​ធ្វើ​អធិការកិច្ច​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ គួរ​ចុះ​ត្រួត​ពិនិត្យ​មួយ​ខែ​ម្ដង ប៉ុន្តែ​អ្វី​ដែល​យើង​ខ្វះខាត​កន្លង​មក គឺ​យន្តការ​ក្នុង​ការ​តាមដាន។ បើ​សិន​យើង​មិន​មាន​យន្តការ​ក្នុង​ការ​តាមដាន​ទេ យើង​មិន​អាច​ដឹង​ថា ប្រជាពលរដ្ឋ​គេ​គោរព​សិទ្ធិ​ប៉ុណ្ណា និង​មិន​គោរព​សិទ្ធិ​ប៉ុណ្ណា​នោះ​ទេ។ ទី​២ អ្វី​ដែល​យើង​ទទួល​បាន​ដំណឹង​តាម​ពលករ​ខ្មែរ គឺ​ពួក​គាត់​លើក​ឡើង​ថា នៅ​ពេល​មាន​បញ្ហា​កើត​ឡើង ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ហាក់​មាន​ចំណាត់​ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ»

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ចេះ​ប្រើ​របៀប​នៃ​រៀប​ចាំ​គោលនយោបាយ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​បង្កើត​ផែនការ​ប្រកប​ដោយ​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​ក្នុង​ការងារ​បណ្ដុះបណ្ដាល​កម្មករ​ជំនាញ និង​ពង្រឹង​សមត្ថភាព​កសិករ​ខ្មែរ ឱ្យ​ចេះ​របៀប​ធ្វើ​កសិកម្ម​បែប​ទំនើប និង​បង្កើត​ទីផ្សារ​សម្រាប់​ទិញ​ស្រូវ ឬ​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ស្តុក​ទុក​នៅ​ពេល​ឈ្មួញ​កណ្ដាល​ទម្លាក់​តម្លៃ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក ដោយ​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​ពលករ​ខ្មែរ និង​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​នៅ​បរទេស៖ «ក្រសួង​ការបរទេស ឧប (ឧបនាយករដ្ឋមន្ត្រី) ហោ ណាំហុង ផ្ទាល់ តែងតែ​ទូរស័ព្ទ​ទៅ​ណែនាំ​ផ្ទាល់ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ឱ្យ​យក​ចិត្ត​ទុក​ដាក់ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ពលករ​ខ្មែរ​នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ»

​លិខិត​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា នៅ​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ហើយ​បាន​សម្រួល​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ថៃ មាន​ចំនួន​ជិន ២​សែន (១៩៧.១២៥) នាក់។ ស្ថានទូត និង​អង្គកុងស៊ុល​នៅ​ខេត្ត​ស្រះកែវ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជា​ច្រើន មាន​ជាអាទិ៍ ការ​រំលោភ​បំពាន​លើ​ពលករ​កម្ពុជា ផ្ដល់​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ ការ​ទាមទារ​សំណង​ផ្សេងៗ និង​សម្រួល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជាដើម។

​លិខិត​ដដែល​បង្ហាញ​ទៀត​ថា ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​ជួយ​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជួយ​ដោះស្រាយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រទេស​វៀតណាម ប្រ៊ុយណេ អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជាដើម បាន​ទាន់​ពេល​វេលា នៅ​ពេល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ជួយ​ដោះស្រាយ​បញ្ហា​នានា ដែល​ពលរដ្ឋ​កម្ពុជា និង​ពលករ​ខ្មែរ​ចំណាក​ស្រុក​ជួប​ប្រទះ មិន​មែន​ជា​រឿង​អ្វី​ប្លែក​នោះ​ទេ ព្រោះ​ថា កិច្ចការ​ទាំង​នេះ​ជា​តួនាទី និង​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ស្រប​ទៅ​តាម​កិច្ចសន្យា​សង្គម​នៃ​ប្រទេសជាតិ​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles