ដោយ៖ ទូច សុខា និងស៊ុន ណារិន | ថ្ងៃពុធ ទី2 ធ្នូ 2015
http://vodhotnews.com
អង្គការជាតិនិងអន្តរជាតិចំនួនពីរអំពាវនាវឲ្យមានការបង្កើតស្ថាប័នឯករាជ្យមួយក្នុងការផ្តល់អាជ្ញាប័ណ្ណឲ្យប្រព័ន្ធផ្សព្វផ្សាយឲ្យមានតម្លាភាព ក្រោយពីរកឃើញថាប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ត្រូវបានគ្រប់គ្រងដោយមនុស្សដែលស្និទ្ធិនឹងរដ្ឋាភិបាល។
អង្គការទាំងនោះមានអង្គការអ្នករាយការណ៍គ្មានព្រំដែន ប្រទេសអាល្លឺម៉ង់ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ អង្គការទាំងពីរបានសហការគ្នាស្រាវជ្រាវពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមគម្រោង“ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ” (MOM)។ ការសិក្សានោះបានចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
បើតាមរបាយការណ៍នៃការសិក្សានោះ ប៉ុស្តិ៍ទូរទស្សន៍ចំនួន៧ក្នុងចំណោម១០ស្ថានីយទូរទស្សន៍មានម្ចាស់ដែលមានជាប់ពាក់ព័ន្ធនយោបាយជាមួយគណបក្សកាន់អំណាច(ទទួលបៀវត្សពីរដ្ឋាភិបាលឬត្រូវបានតែងតាំងជាទីប្រឹក្សា)។ របាយការណ៍បន្តថាសាជីវកម្មនិងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយលំដាប់កំពូល៤ រួមមានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង ក្រុមហ៊ុនហង្សមាស លោកស្រី ហ៊ុន ម៉ាណា និងលោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ។
លោក Christian Mihr នាយកប្រតិបត្តិនៃអង្គការអ្នករាយការណ៍គ្មានព្រំដែន ប្រទេសអាល្លឺម៉ង់មានប្រសាសន៍ថាប្រព័ន្ធផ្សព្វផ្សាយបង្កើតជាមតិសាធារណៈ ហើយពហុប្រព័ន្ធផ្សព្វផ្សាយនិងឯករាជ្យភាពចាំបាច់សម្រាប់ប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំមួយ។ លោកបន្ថែមថា៖ “កម្មសិទ្ធិប្រមូលផ្តុំលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្ពស់ដូច្នេះ រួមទាំងការពាក់ព័ន្ធផ្នែកនយោបាយនិងសេដ្ឋកិច្ចដូចដែលយើងឃើញនៅកម្ពុជាបានធ្វើឱ្យពហុប្រព័ន្ធផ្សព្វផ្សាយជួបហានិភ័យ។ លើសពីនោះ វានឹងបង្អាក់ការរាយការណ៍បែបស៊ីជម្រៅ”។
លោក Christian Mihr មានប្រសាសន៍ថា៖ “យើងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនិងអ្នកតំណាងរាស្ត្របង្កើតនូវស្ថាប័នឯករាជ្យ ដើម្បីគ្រប់គ្រងលើកម្មសិទ្ធិ និងការប្រមូលផ្តុំលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស ក្នុងនោះការផ្តល់អាជ្ញាប័ណ្ណប្រកបដោយតម្លាភាពជារឿងដែលត្រូវធ្វើដំបូងគេ”។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្យផ្សាយឯករាជ្យ មានប្រសាសន៍ថានៅបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជាស៊ុយអ៊ែតនិងអាល្លឺម៉ង់ជាដើម គឺប្រទេសទាំងនោះមានគណៈកម្មការឯករាជ្យមួយសមស្របវាយតម្លៃនិងផ្តល់អាជ្ញាប័ណដល់នីតិបុគ្គលណាដែលស្នើសុំអាជ្ញាប័ណសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយ។ ដោយឡែកលោកថា នៅកម្ពុជាមិនទាន់មាននៅឡើយ ដែលលោកថាធ្វើឲ្យមានភាពអយុត្តិធម៌កើតមានឡើងចំពោះអ្នកមាននិន្នាការទៅរកអ្នកមានអំណាច និងមិនមាននិន្នាការទៅរដ្ឋាភិបាល។
លោកបន្ថែមថា៖ “ដល់យើងអត់មានគណៈកម្មការណាឯករាជ្យច្បាស់លាស់ទេ អ៊ីចឹងសព្វថ្ងៃនេះអ្នកដែលទទួលបានអាជ្ញាប័ណទូរទស្សន៍ ឬក៏វិទ្យុ ឬប្រព័ន្ធអនឡាញ ISP(អ្នកផ្គត់ផ្គង់អ៊ិនធើណែត) គឺមានតែពីរទេ…គឺកត្តាទី១ទំនាក់ទំនងនយោបាយនិងកត្តាពុករលួយ”។
លោក ប៉ា ងួនទៀងបន្តថាកម្រិតខ្ពស់ការប្រមូលផ្ដុំបង្ហាញពីកង្វះនៃក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវមួយ។ លោកបន្តថាក្រសួងព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងនាមជាអាជ្ញាធរតែមួយគត់ក្នុងការផ្ដល់និងដកហូតអាជ្ញាប័ណ្ណ តែដំណើរការនេះមិនមានភាពច្បាស់លាស់ជាជាងការបង្កើតនិងប្រគល់ការទុកចិត្តលើអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង មានប្រសាសន៍ថាសព្វថ្ងៃនេះ ក្រសួងព័ត៌មាននិងក្រសួងប្រៃយ៍សណីយ៍និងទូរគមនាគមន៍កំពុងបំពេញការងារនេះហើយលោកថាបើតាមយោបល់លោក មិនចាំបាច់មានស្ថាប័នណាមកជំនួសក្រសួងទាំងពីរនេះនោះទេ។ លោកបន្ថែមថា៖ “នៅពេលនេះយើងមានក្រសួងមានសមត្ថកិច្ចហើយៗយល់ទេ…អ៊ីចឹងយើងមានអស់ហើយ នេះជាយោបល់ខ្ញុំ អ៊ីចឹងរដ្ឋាភិបាលអត់មានត្រូវការបង្កើតអីលើសពីហ្នឹងទៀត”។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថាក្រុមប្រឹក្សាផ្សព្វផ្សាយឯករាជ្យនេះ មិនអាចកើតឡើងនៅកម្ពុជាបានភ្លាមៗនោះទេ ដោយសារអ្នកសារព័ត៌មានមិនទាន់អាចដើរតួនាទីវិជ្ជាជីវៈបាននៅឡើយ។
កន្លងទៅ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងនាយកវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ បានសុំអាជ្ញាប័ណ្ណទូរទស្សន៍ពីក្រសួងព័ត៌មាន ប៉ុន្តែមិនបានសម្រេចនោះទេ ដោយក្រសួងអះអាងថាអស់ហ្រេ្វកង់។ ចំណែកគណបក្សសង្រ្គោះជាតិបានទទួលអាជ្ញាប័ណ្ណទូរទស្សន៍មួយ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់លើកឡើងថាលោកគាំទ្រនឹងការបង្កើតក្រុមប្រឹក្សានេះ។ លោកបន្តថាការផ្តល់អាជ្ញាប័ណ្ណសព្វថ្ងៃនេះ ស្ថិតនៅក្រោមក្រសួងព័ត៌មានដែលនាំឲ្យមានការរើសអើង។ លោកបញ្ជាក់ថាលោកនឹងលើកបញ្ហានេះទៅពិភាក្សាជាមួយតំណាងរាស្រ្តផ្សេងទៀត។
បើតាមអគ្គនាយករងនៃអគ្គនាយករដ្ឋានព័ត៌មាន និងសោតទស្សន៍ លោក ពៅ ពិសិដ្ឋ រហូតមកដល់ពេលនេះនៅរាជធានីភ្នំពេញមានស្ថានីយ៍វិទ្យុចំនួន៨៥និងទូរទស្សន៍ចំនួន១៧។ បើតាមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានវិទ្យុចំនួន១៧៥ដែលផ្សាយផ្ទាល់នៅទូទាំងរាជធានីខេត្ត៕
សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com និងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រង (វីដេអូ)
ដោយ៖ វិចិត្រ | ថ្ងៃពុធ ទី2 ធ្នូ 2015, 05:26 PM
http://vodhotnews.com
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រង

អាមួយនេះមុខមិនមានអំណោយទានសោះ