ដោយ៖ លី បេឡា | ថ្ងៃពុធ ទី2 ធ្នូ 2015, 07:28 PM
http://vodhotnews.com
ប្រជាពលរដ្ឋជាង១០០នាក់តវ៉ានៅមុខតុលាការខេត្តរតនគិរី នៅថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥ (រូបថតដោយប្រជាពលរដ្ឋអ្នកសារព័ត៌មានខេត្តរតនគិរី)
ប្រជាពលរដ្ឋជាង១០០នាក់ នៅរសៀលថ្ងៃពុធនេះ បានរុញបំបាក់ទ្វាររបងសាលាដំបូងខេត្តរតនគិរី ដោយពួកគេទាមទារឲ្យមន្ត្រីតុលាការខេត្តនេះដោះលែងតំណាងពួកគេ៣នាក់វិញដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ករណីជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋផ្សេងទៀត។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថាការចាប់ខ្លួននិងការកាត់ទោសពលរដ្ឋទាំង៣រូបនោះជាមូលហេតុនាំឲ្យប្រជាពលរដ្ឋនាំគ្នាសម្រុកចូលក្នុងបរិវេណតុលាការដើម្បីទាមទារឲ្យដោះលែងតំណាងពួកគេវិញ។
ពលរដ្ឋ៣នាក់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះថាលោក សូត្រ សឿន លោក អែម ចាន់ និងលោក ជ្រឹង ទូច រស់នៅក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។ ពួកគេត្រូវបានសាលាដំបូងខេត្តរតនគិរីប្រកាសសាលក្រមនៅថ្ងៃពុធនេះ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទរំលោភលើទ្រព្យជាកម្មសិទិ្ធអ្នកដទៃតាមមាត្រា ២៤៧ ២៤៨ និង២៥៣ នៃច្បាប់ភូមិបាល។
ពលរដ្ឋដែលចូលរួមតវ៉ា លោក លាង ស្រេង មានប្រសាសន៍ថាតុលាការបានហៅតំណាងពលរដ្ឋ៣នាក់ចូលទៅក្នុងបន្ទប់សវនាការ រួចហើយពលរដ្ឋបានដំណឹងថាតុលាការបានកាត់ទោសនិងបញ្ជូនពួកគេទៅឃុំខ្លួន ទើបនាំឲ្យប្រជាពលរដ្ឋខឹងសម្បារ។
លោក សឿន សុត ដែលជាកូនរបស់ពលរដ្ឋម្នាក់ដែលត្រូវបានតុលាការផ្តន្ទាទោស សូត្រ សឿន ប្រាប់វីអូឌីថាតុលាការកាត់ទោសដោយអយុត្តិធម៌ចំពោះឪពុករបស់លោក។
ចៅក្រមតុលាការខេត្តរតនគិរី លោកស្រី ជ័យ មាលា មានប្រសាសន៍ថាការចាប់ខ្លួនពលរដ្ឋ៣នាក់នេះទាក់ទងនឹងករណីរំលោភកាន់កាប់អចលនៈទ្រព្យរបស់អ្នកដទៃដែលប្ដឹងដោយតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច១៧គ្រួសារដែលមានប្លង់រឹងកាន់កាប់។ លោកស្រីបន្ថែមថា៖ “យើងចេះតែស្ដាប់ទៅលើអ្វីដែលគាត់និយាយហ្នឹងថា ហ៊ាង សុជាតិ(ពលរដ្ឋអះអាងថាជាអ្នកជំនួញ) តែនៅពីក្រោយហ្នឹងមាន១៦នាក់ទៀតដែលប្រជាជនដូចគ្នាដែលជាជនជាតិដើមភាគតិចដែលគេមានប្លង់កាន់កាប់ត្រឹមត្រូវ”។

លិខិតរបស់រដ្ឋសភា ករណីពលរដ្ឋស្នើសុំដំណោះស្រាយ(រូបថតដោយប្រជាពលរដ្ឋអ្នកសារព័ត៌មានខេត្តរតនគិរី)
បើតាមរបាយការណ៍របស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃពុធនេះ ពលរដ្ឋទាំងបីនាក់នោះត្រូវបានកោះហៅសាកសួរដំបូងនៅខែឧសភា ឆ្នាំ២០១៥។ របាយការណ៍បន្តថាកម្មកររបស់អ្នកជំនួញម្នាក់ឈ្មោះ ហ៊ាង សុជាតិ បានឈូសឆាយដីរាប់រយហិកតារបស់ពលរដ្ឋដែលចូលរួមតវ៉ា។
កាលពីខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្តឹងទៅរដ្ឋសភា ដោយស្នើសុំជួយដោះស្រាយការផ្តល់ដីលំនៅឋាននិងដីចម្ការ ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋផ្សេងទៀត៕
សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com