ដោយ ជិន ជេដ្ឋា
2015-12-02
RFA

អង្គការ សមាគម និងសហគមន៍ដែលគាំទ្រ និងលើកស្ទួយវិស័យសិទ្ធិមនុស្សនៅកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិរាល់ឆ្នាំ។ នៅឯខេត្តពោធិ៍សាត់ តំណាងសង្គមស៊ីវិល និងសហគមន៍ គ្រោងរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០១៥ លើកទី៦៧ ក្រោមប្រធានបទ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌” ហើយត្រៀមមនុស្សចូលរួមប្រមាណ ៥០០នាក់។
តំណាងអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មើលឃើញថា ការគោរពសិទ្ធិមនុស្ស និងដំណើរការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា មិនទាន់ល្អប្រសើរនៅឡើយ។ នៅគ្រាដែលវិស័យសិទ្ធិមនុស្ស និងនយោបាយនៅមានបញ្ហានេះ មានមន្ត្រីរាជការ និងសិស្សនិស្សិតមួយចំនួនដែលបានឈប់សម្រាកពីការងារ ឬការសិក្សាក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះ មិនទាន់យល់ច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននោះទេ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ក្នុងដំណើរការគោរពសិទ្ធិមនុស្ស ១០០ភាគរយ ប្រទេសកម្ពុជា គោរពបានតែ ៣០ ទៅ ៤០ភាគរយប៉ុណ្ណោះ។ លោកថា កន្លងទៅ មន្ត្រីរាជការ ឬមេឃុំនៅតំបន់ដាច់ស្រយាលខ្លះ មិនបានយល់ដឹងពីទិវាសិទ្ធិមនុស្សអន្តរជាតិនេះទេ ដោយទៅរករឿងសួរនាំរកច្បាប់ទម្លាប់នៃការធ្វើពិធីជួបជុំ ដើម្បីអបអរទិវានេះ៖ «ធាតុផ្សំនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស វាសំខាន់លើសិទ្ធិមូលដ្ឋានទាំងប្រាំ។ យើងបានចំណែកខ្លះវាមិនបានទាំងអស់ នៅបាត់បង់អាធាតុផ្សំសំខាន់ៗច្រើន។ បាត់បង់ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិតវ៉ា សិទ្ធិដាក់សំណើទៅឲ្យអាជ្ញាធរទទួលពិនិត្យ និងដោះស្រាយ ជាដើម»។
លោកបញ្ជាក់ថា ពិធីអបអរនេះមិនធ្វើសម្រាប់តែសង្គមស៊ីវិល ឬមនុស្សមួយក្រុមណានោះទេ គឺសម្រាប់មនុស្សទូទៅ ដោយមិនគិតពីជំនឿ ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ។ ពិធីដែលនឹងប្រារព្ធនៅទីរួមខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ មានតំណាងសហគមន៍មកពីស្រុកក្រគរ ចំនួន ៤០០នាក់ និងតំណាងអង្គការសមាគមក្នុងខេត្តសរុបប្រមាណ ៥០០នាក់។
ចំណែកពលរដ្ឋម្នាក់ និងជាអតីតសកម្មជនដីធ្លី និងធនធានធម្មជាតិនៅស្រុកក្រគរ លោក គុជ វេង ថ្លែងថា ដោយមើលឃើញពីសារសំខាន់នៃពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ រូបលោក និងអ្នកស្រុកផ្សេងទៀត នឹងទៅចូលរួមពិធីនេះ។ លោកថា សិទ្ធិជាមូលដ្ឋានរបស់មនុស្ស ត្រូវតែគោរព និងមានភាពស្មើគ្នាចំពោះមុខច្បាប់ ប៉ុន្តែកន្លងទៅ នៅក្នុងមូលដ្ឋានរបស់លោកមានប្រជាពលរដ្ឋក្រីក្រជាច្រើនរងគ្រោះដោយការចោទប្រកាន់ និងប្ដឹងចាប់ដាក់គុកពីសំណាក់អ្នកមានលុយ ឬមានអំណាចមួយចំនួន៖ «រាល់ថ្ងៃនេះ អ្នកដែលខ្ញុំបានឃើញនឹងភ្នែក ទាំងរដ្ឋាភិបាល អាជ្ញាធរ ឬមានអ្នកមានអំណាចក៏ដោយឃើញថា មិនសូវនរណាចាប់អារម្មណ៍ទៅលើសិទ្ធិមនុស្សទាំងអស់»។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង តំណាងអង្គការ សមាគម និងសហគមន៍ ក៏មានគម្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៧ នេះដែរ នៅថ្ងៃទី៩ ខែធ្នូ ខាងមុខ ហើយអាចមានមនុស្សចូលរួមប្រមាណ ១ពាន់នាក់ទៀតផង។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ថ្លែងថា តំណាង និងប្រជាពលរដ្ឋដែលចូលរួម គឺមានមកពីស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងសិស្សនិស្សិតក្នុងខេត្ត។ លោកថា ពិធីនឹងប្រារព្ធក្រោមប្រធានបទ “រួមចំណែកការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម” នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង៖ «អង្គការលីកាដូ បានធ្វើជារៀងរាល់ឆ្នាំទៅតាមទីកន្លែងមានដូចជា ពិធីមីទីញ ពិធីដង្ហែក្បួន និងពិធីធម្មយាត្រា ដើម្បីធ្វើម៉េចឲ្យបានផ្សព្វផ្សាយព័ត៌មានហ្នឹងបានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរសាធារណៈ ឲ្យយល់ដឹងថា សិទ្ធិមនុស្សជាសិទ្ធិរបស់យើង ហើយសេរីភាពជាសេរីភាពយើងទាំងអស់គ្នា»។
សង្គមស៊ីវិលរកឃើញបញ្ហាប្រឈមមួយចំនួននៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និងកែលំអ គឺបញ្ហាដីធ្លី ធនធានធម្មជាតិ ប្រព័ន្ធយុត្តិធម៌ ឬតុលាការ សេរីភាពបញ្ចេញមតិ ឬការជួបជុំ សិទ្ធិបង្កើតសហជីព និងប្រាក់ឈ្នួលសមរម្យ និងអំពើហិង្សា ជាដើម។ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គេសម្គាល់ឃើញថា មានការរឹតត្បិតសេរីភាពក្នុងការជួបជុំ ជាពិសេសការតវ៉ារកដំណោះស្រាយទាក់ទងជម្លោះដីធ្លីពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រធានបទជាសកលនៃពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ២០១៥ ខួបលើកទី៦៧ (១៩៤៨-២០១៥) គឺ “សិទ្ធិយើង សេរីភាពយើងជានិច្ច”។ ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិនេះ បានប្រារព្ធជារៀងរាល់ឆ្នាំនៅលើសកលលោក ហើយនៅប្រទេសកម្ពុជា ក៏មានការប្រារព្ធដូចគ្នានេះដែរ ប៉ុន្តែរាល់ឆ្នាំ គេមិនសូវឃើញរដ្ឋាភិបាលប្រារព្ធពិធីនេះធំដុំនោះទេ ខណៈតំណាងអង្គការ សមាគម និងសហគមន៍ ប្រារព្ធពិធីនេះរាល់ឆ្នាំមិនអាក់ខាន។
បីឆ្នាំក្រោយសង្គ្រាមលោកលើកទីពីរបានរលត់ អង្គការសហប្រជាជាតិ បើកមហាសន្និបាតអនុម័តជាគោលការណ៍សិទ្ធិមនុស្សមួយជាអាទិភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដែលឲ្យឈ្មោះថា “សេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្ស”។ សេចក្ដីប្រកាសនេះ មានទិសដៅទប់ស្កាត់កុំឲ្យមានការភ័យខ្លាចអំពើប្រល័យពូជសាសន៍ និងអំពើទារុណកម្មផ្សេងៗបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការអន្តរជាតិរកឃើញថាប្រព័ន្ធផ្សព្វផ្សាយកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់
- “យុត្តិធម៌សង្គម”គឺជាប្រធានបទស្នូលសម្រាប់ទិវាសិទ្ធិមនុស្សឆ្នាំនេះ
- សង្គមស៊ីវិលថ្កោលទោសពលរដ្ឋវៀតណាមប្រើហិង្សាវាយប៉ូលិសការពារព្រំដែនខេត្តស្វាយរៀង
- របាយការណ៍អឺរ៉ុប៖ ពលករកម្ពុជាក្នុងឧស្សាហកម្មកែច្នៃសាច់មាន់ត្រូវថៅកែថៃរំលោភបំពាន
- CCHR៖ ការជជែកដោយសេរីអំពីបញ្ហានយោបាយតាមអ៊ីនធឺណិតកាន់តែរួមតូច
- សង្គមស៊ីវិលថាជនពិការនៅតែមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី
- រដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
- សកម្មជនសហជីពធ្វើយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារី
- សង្គមស៊ីវិល៖ ការដោះលែងអ្នកទោសរៀងរាល់ឆ្នាំមានភាពមិនប្រក្រតី