តុលាការខេត្តក្រចេះកោះហៅអ្នកមានជម្លោះដីធ្លីឲ្យ​ចូលបំភ្លឺករណីកាប់រានដីរដ្ឋ​

ដោយ៖​ ណាត សុភាព​និងឆោម ស្រីល័ក្ខ​​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកស្រី ឌី សុភី ភរិយារបស់​ពលរដ្ឋ​ដែលតុលាការ​កោះហៅ (រូបថតដោយ ឆោម ស្រីល័ក្ខ)


សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃពុធ ​បានកោះហៅប្រជាពលរដ្ឋមាន​ជម្លោះដីធ្លី៣នាក់ ឲ្យ​ចូល​បំភ្លឺជុំវិញករណី​ជម្លោះដីធ្លី​ ដែល​ប្តឹងដោយអាជ្ញាធរ​ ពាក់ព័ន្ធការកាប់រានដីព្រៃរបស់រដ្ឋដោយ​ខុសច្បាប់ ​។

អ្នកស្រីឌី សុភី រស់​នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ប្រាប់អ្នកយកព័ត៌មានVODថាតំណាង​អយ្យការសាលាដំបូងខេត្តលោក ទុត វីនីត ចេញដីកាកោះហៅស្វាមីគាត់លោក ខឹម ចេន និង​ប្រជាពលរដ្ឋ២នាក់ទៀត ឲ្យ​ចូល​បំភ្លឺនៅថ្ងៃនេះ ទៅតាមបណ្តឹងរបស់អភិបាល​ស្រុកចិត្របុរី​ លោក ហង្ស ចាន់ឌី ដែលចោទពីរបទល្មើស កាប់រានព្រៃ ដោយគ្មានលិខិត​អនុញ្ញាត ​និង​ធ្វើឲ្យខូច​ខាតទ្រព្យ​សម្បត្តិ​​ដោយចេតនា​។​  ប៉ុន្តែអ្នកស្រី​ថាអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុង​ដីកានោះ គឺឈ្មោះអ្នក​ប្តឹង​ បែរជា​ប្រជាពលរដ្ឋ​មក​ពីភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះទៅវិញ។

យ៉ាងណាក៏ដោយអ្នកស្រី ឌី សុភី បញ្ជាក់​ថាស្វាមីគាត់មិនបានចូល​បំភ្លឺតាមដីកាកោះទេ ដោយសារ​គាត់ទើបទទួលបានដីកា​​នៅថ្ងៃ២៩ ខែវិច្ឆិកា។ អ្នកស្រីថាករណីនេះ​តុលាការតម្រូវ​ឲ្យ​ស្វាមីគាត់មក​បំភ្លឺនៅម៉ោង៨ព្រឹក ថ្ងៃទី១១ ខែធ្នូវិញ។

ពលរដ្ឋម្នាក់ទៀត លោក បេត ភារ៉ែន ដែលរងការ​ចោទប្រកាន់ដែរនោះ លើក​ឡើង​ក្រោយពីព្រះរាជអាជ្ញាសាកសួរ​នៅរសៀលថ្ងៃនេះថាលោក​អះអាង​ថា ដីនោះពួកគាត់កាន់កាន់ជាង៣០ឆ្នាំ មិនដែលមានទំនាស់ជាមួយបុគ្គលណានោះទេ ហើយលោកថាអាជ្ញាធរស្រុកបានចេញលិខិតទទួលស្គាល់ដី​ទំហំ១ហិកតាឲ្យ​គាត់​ទៀត​ផង​។

ចំណែក លោក អ៊ិន តាព្រយ ដែលត្រូវបានតុលាការកោះហៅនិងចោទប្រកាន់ពីបទធ្វើឲ្យ​ខូចខាតទ្រព្យសម្បត្តិដោយចេតនា ដែរនោះ លោកអះអាងថាលោកមិនមានឈ្មោះពាក់ព័ន្ធលើដីដែលមានជម្លោះនោះទេ។

នៅពេលអ្នកយកព័ត៌មានVODទៅសុំការ​បំភ្លឺបន្ថែមពី​ព្រះរាជអាជ្ញា លោក ទុត​ វីនីត នៅមុខ​តុលាការ លោកបដិសេធ សុំមិនអត្ថាធិប្បាយ ដោយបង្វែរសំណួរឲ្យសួរថ្នាក់លើទៅវិញ។

ចំណែកអភិបាលស្រុកចិត្របុរី លោក ហង្ស ចាន់ឌី សុំមិនអត្ថាធិប្បាយ ដោយអះអាងថា ជាប់រវល់​។

លោក ឌិន ខន្នី មន្ត្រីស៊ើបអង្កេតដីធ្លីនិង​សិទ្ធិមនុ​ស្ស​នៅសមាគមការពារ​សិទ្ធិមនុស្សអាដហុក​ប្រចំាខេត្ត​ក្រចេះ​ យល់ថាអ្នកមានលុយនិងអ្នកមានអំណាចកំពុង​ប្រើប្រព័ន្ធតុលាការ​ ដើម្បី​បំភិតបំភ័យប្រជាពលរដ្ឋ​ស្លូតត្រង់។ លោកថាបើពិនិត្យតាមទិដ្ឋភាពច្បាប់អ្នកដែលត្រូវទទួលសិទ្ធិស្របច្បាប់លើដីស្ថិតនៅភូមិសំបុក ខេត្តក្រចេះ​​គឺប្រជាពលរដ្ឋនៅភូមិនោះ មិនមែនអ្នកភូមិផ្សេងនោះទេ។​

ប្រជាពលរដ្ឋអះអាងថាដីដែលមានជម្លោះនោះមានទំហំជាង១០ហិកតា ពួកគេកាន់កាប់តំាងពីក្រោយឆ្នាំ១៩៧៩ រហូត​ដល់​ពេលបច្ចុប្បន្ននេះ មានចំនួន៣៧គ្រួសារ។ ប៉ុន្តែពួកគេថាកាលពីខែមេសា ឆ្នាំ២០១៤ អាជ្ញាធរបានឃុបឃិត​​ជាមួយប្រជាពលរដ្ឋចំណូលថ្មី មកពីភូមិថ្មគ្រែ យកម៉ាស៊ីនអារសសរផ្ទះពីរខ្នង និងយកទ្រាក់ទ័រឈូសដំណំាពួកគេ ព្រមទំាងចោទប្រកាន់ប្រជាពលរដ្ឋរស់​នៅភូមិសំបុក ស្រុកចិត្របុរី ថា ជាអ្នកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា និងកាប់រានព្រៃ កាន់កាប់ដីដោយគ្មានលិខិត​អនុញ្ញាតទៅវិញ៕

សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com

What Next?

Recent Articles