ដោយ៖ លី បេឡា | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com
ប្រមាណជាង១០០នាក់រុញបំបាក់របងសាលាដំបូងខេត្តរតនគិរីដើម្បីទាមទារឲ្យមន្ត្រីតុលាការខេត្តនេះដោះលែងតំណាងពួកគេ៣នាក់វិញដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជម្លោះដីធ្លី។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរីលោក ឆាយ ធី ពលរដ្ឋ៣នាក់ដែលត្រូវបានចាប់ ខ្លួនមានឈ្មោះថាលោក សូត្រ សឿត លោក ឯម ចាន់ និងលោក ជ្រិក ទូច រស់នៅក្នុងភូមិបរឡយ ឃុំកេះចុង ស្រុកបកែវ ខេត្តរតនគិរី។ លោកបញ្ជាក់ថាការចាប់សកម្មជនដីធ្លីទាំង៣រូបនេះជាមូលហេតុនាំឲ្យប្រជាពលរដ្ឋនាំគ្នាសម្រុកចូលក្នុងបរិវេណតុលាការដើម្បីទាមទារឲ្យដោះលែងតំណាងពួកគេវិញ។
ទាក់ទងនឹងបញ្ហានេះចៅក្រមតុលាការខេត្តរតនគិរីលោកស្រី ជ័យ មាលា បានឲ្យដឹងថាការចាប់ខ្លួនពលរដ្ឋ៣នាក់នេះទាក់ទងនឹងករណីរំលោភកាន់កាប់អចលនៈទ្រព្យរបស់អ្នកដទៃដែរប្ដឹងដោយតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច១៧គ្រួសារដែលមានប្លង់រឹងកាន់កាប់។ លោកស្រីបន្ថែមថា៖ «យើងចេះតែស្ដាប់ទៅលើអ្វីដែលគាត់និយាយហ្នឹងថា ហ៊ាង សុជាតិ តែនៅពីក្រោយហ្នឹងមាន១៦នាក់ទៀតដែលប្រជាជនដូចគ្នាដែលជាជនជាតិដើមភាគតិច»។
ពលរដ្ឋ៣នាក់ដែលជាតំណាងឲ្យពលរដ្ឋប្រមាណជាង១០០នាក់នោះត្រូវបានសាលាដំបូងខេត្តរតនគិរីផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទរំលោភលើទ្រព្យជាកម្មសិទិ្ធអ្នកដទៃតាមមាត្រា២៤៧ ២៤៨ និង២៥៣នៃច្បាប់ភូមិបាល។ ជម្លោះដីធ្លីដែលឈានដល់ការចាប់ខ្លួននេះគឺកើតឡើងរវាងប្រជាពលរដ្ឋនិងពលរដ្ឋពីរក្រុមនៅក្នុងស្រុកបកែវតាំងពីឆ្នាំ២០១៣។
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com