សមត្ថកិច្ច​បំបែក​ពលរដ្ឋ​មានជម្លោះដីធ្លី កុំឲ្យ​តវ៉ាមុខ​ធនាគារពិភពលោក​​

ដោយ៖​ ទេព សូនី​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com


រូបថតដោយ ទេព សូនី​


សមត្ថកិច្ចនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាន​បំបែក​ប្រជាពល​រដ្ឋប្រមាណ​​៣០​នាក់ មក​ពី​សហគមន៍បុរីកីឡា បឹង​កក់ និងព្រលានយន្តហោះអេស​អូអេស​ ខណៈ​ពួក​ប្រមូលផ្តុំគ្នា​តវ៉ា​​ទាម​ទារ​ឲ្យ​ធនាគារពិភព​លោក​ប្រ​ចាំកម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជាពន្លឿនការ​ដោះ​បញ្ហា​ដី​ធ្លី​របស់​អ្នក​ភូមិបឹង​កក់​ដែល​នៅ​សេស​សល់។

ក្រោយពីឈរតវ៉ា​និង​ស្រែក​ទាមទារ​រកដំណោះស្រាយ​នៅមុខធនាគារពិភពលោក​តាមបណ្តោយផ្លូវ​នរោ​ត្តម​ សមត្ថកិច្ចដោយមានសន្តិសុខខណ្ឌ នគរបាល​និងកងរាជអាវុធហត្ថប្រមាណ៣០ទៅ៤០នាក់ បាន បំបែក​ក្រុមអ្នកតវ៉ា​ឲ្យទៅខាងក្រោយធនាគារពិភពលោក ប្រសិន​បើ​ចង់បន្តការតវ៉ា។ សមត្ថកិច្ចបានចាប់សែងប្រជា​ពលរដ្ឋចេញពីមុខធនាគារពិភពលោក​ ក្រោយ​ពីអ្នក​តវ៉ាប្រកាន់ជំហរ​មិនទៅប្រមូលផ្តុំនៅខាងក្រោយធនាគារ។​

​​កន្លងទៅ ​ ប្រ​ជាពល​រដ្ឋ​ទាំងនោះ​ទាម​ទារ​ឲ្យ​ធនគា​រមួយ​នេះ​ជួយ​ជំរុញ​ដល់​​រដ្ឋា​ភិបាលឆាប់​ដោះ​ស្រាយវាស់​​វែ​ង​ដី​នៅ​តំបន់​បឹង​កក់​ជូន​ប្រ​ជាពល​រដ្ឋ​ក្នុង​ភូមិ​១ ចំនួន​៧​គ្រួសារ​ដែល​មិន​ទាន់​បាន​ទទួល​ដំណោះ​ស្រាយ។

ប្រ​ជា​ពលល​រដ្ឋ​ភូមិ១ អ្នក​ស្រី​ ហុង សុខេង ធ្លាប់​មាន​ប្រ​សាសន៍​ថាក្នុង​ភូមិ​អ្នក​ស្រី​មាន​១៣​គ្រួ​សារ​រងគ្រោះ​ដោយ​សារការអភិវឌ្ឍ​តំបន់​បឹង​កក់​នេះ។ អ្នក​ស្រី​បន្ត​ថា៦​គ្រួ​សារ​បាន​ទទួល​ការសន្យា​ពី​អាជ្ញាធរ​ថា​នឹង​វាស់​វែង​ដី​ធ្លី​ជូន​ពួកគាត់ តែ​អ្នក​ស្រី​ថានៅ​សល់​៧​គ្រួសារ​ទៀត​មិន​ទាន់​មាន​ដំណោះ​ស្រាយ។​ អ្នកស្រីឲ្យ​ដឹង​ដែរថាកន្លង​មក​ប្រ​ធាន​រដ្ឋសភា លោក ហេង​ សំរិន ក៏​បាន​អន្តរាគន៍​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយ​ជូនពួកគាត់​ផង​ដែរ។​ អ្នកបន្ថែម​ថា៖ “​សម្តេចហេង​ សំរិន បាន​ចារលិខិត​មួយ​ឲ្យខ្ញុំ​ហើយ តើ​សម្តេច​ ហេង សំរិន មាន​តម្លៃ​ក្នុង​ជួរ​រដ្ឋា​​ភិបាល​ទេ បើ​គាត់​មាន​តម្លៃ​ឯកឧត្តម​ ប៉ា  សុជាតិវង្ស ត្រូវ​គោរពតាម​អនុក្រឹត្យ​គាត់ទៀត មិន​ត្រូវ​ល្មើស​ដូច​ឯឧត្ត​ម​ កែប ជុតិមា ទេ​”

អ្នក​ស្រីឲ្យ​ដឹង​ដែរថាគ្រួ​សារដែលនៅ​សេស​សល់នេះ​ធ្លាប់មាន​ផ្ទៃដី​ពី​១០០០​ទៅ​៣០០០​ម៉ែត្រ​ក្រឡា តែ​អ្នកស្រី​ថា​ពួកគាត់​សុខ​ចិត្ត​យកវិញ​តែ​៥៣​ភាគ​រយ​នៃ​ផ្ទៃ​ដី​ដែលពួកគាត់​ធ្លាប់​មាន​តែ​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយជូនពួកគាត់។​

រូបថតដោយទេព សូនី​


ទោះ​យ៉ាងណា អ្នក​នាំពាក្យ​សាលា​រាជថានី​ភ្នំពេញ​លោក ឡុង​ ឌី​ម៉ង់​ ធ្លាប់​ឲ្យ​ដឹង​ថាសាលារាជធានី​ភ្នំពេញ និង​ធនាគារពិភព​លោក​បាន​ផ្សព្វ​ផ្សាយពី​វិធានការ​ដោះ​ស្រាយ​ជូន​ប្រ​ជាពល​រដ្ឋទាំងនោះ​រួច​រាល់​ហើយ ប៉ុ​ន្តែ​លោកថានៅ​សល់​តែ​ប្រ​ជាពល​រដ្ឋ​ប៉ុន្មានគ្រួសារ​ប៉ុណ្ណោះ​ដែលមិន​ព្រម​ចូល​រួម​ដោះ​ស្រាយ​ជាមួយ​សាលា​រាជធានីភ្នំពេញ។​ លោក​បន្ថែម​ថា៖ “ជាពិសេស​World Bank ក៏​បាន​មក​ធ្វើ​ការ​ជាមួយ​សាលារាជធានី​ភ្នំពេញ ហើយ​គេ​យល់​​អំពី​អ្វី​ដែលជាសុឆន្ទៈក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ហ្នឹង​ឲ្យ​ឆាប់​ចប់ ហើយ​នៅ​សល់​តែ​បុន្មាន​គ្រួសារ​ដែល​មិន​មា​ន​​ឆន្ទៈ​ពិតប្រកដក្នុង​ការ​ដោះ​ស្រាយ​បញ្ហា បើ​សិន​ជា​គាត់​មាន​ឆន្ទៈដោះ​ស្រាយ​ចប់​យូរ​ហើយ ហើយ​World Ba​nk ក៏​យល់ពីស្ថាន​ភាព​របស់​រាជធានី​ភ្នំពេញ​ដែរ”។

ប្រ​ជាពល​រដ្ឋទាំងនោះ​អះអាងថាកាលពី​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់ ដោយ​មិន​បាន​ផ្តល់​​សំណង​សមរម្យដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​រាប់ពាន់​គ្រួសារ​។ ពួកគាត់​​អះអាង​ថាពលរដ្ឋខ្លះ​ចាកចេញ​ពី​បឹងកក់​ទាំង​បង្ខំនិង​មួយ​ចំនួន​នៅបន្ត​ទាមទារ​សំណង៕

សរសេរ​មក​កាន់​លោក ទេព សូនី តាម​រយៈ tepsony@vodhotnews.com nbsp;  

What Next?

Recent Articles