ដោយ៖ ទូច សុខា | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com
រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយសម្រាប់រៀបចំការផ្ទេរការគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនាអង្គរ ក្រោយពីរដ្ឋាភិបាលបានសម្រេចដកសិទ្ធិគ្រប់គ្រងអង្គរពីក្រុមហ៊ុនសុខាអូតែលរបស់លោក សុខ គង់កាលពីដើមខែវិច្ឆិកា។
រដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចបញ្ឈប់ការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូលថវិកាពីការលក់សំបុត្រអង្គរ ដោយអះអាងថាការដកយកមកគ្រប់គ្រងវិញនេះ ជាកំណែទម្រង់មួយរបស់រដ្ឋាភិបាល។
ដប់ថ្ងៃក្រោយការសម្រេចនេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ទៀតឲ្យបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីរៀបចំនីតិវិធីសម្រាប់ផ្ទេរការគ្រប់គ្រងការលក់ប័ណ្ណចូលអង្គរ។ គណៈកម្មការនោះមានសភាព១១រូប ដែលមកពីក្រសួងសេដ្ឋកិច្ច ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរាជាដើម។ គណៈកម្មការនេះមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ជូ វិជិត្ត ជាប្រធាន និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក តឹករ៉េត សំរេចនិងរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ជា បូរ៉ា ជាអនុប្រធាន។
បើតាមសេចក្តីសម្រេចនេះ គណៈកម្មការនឹងពិនិត្យ វាយតម្លៃនិងចរចាជាមួយក្រុមហ៊ុនក្នុងការទូទាត់គ្នានូវកាតព្វកិច្ចហិរញ្ញវត្ថុដែលពាក់ព័ន្ធនិងរៀបចំនូវលិខិតបទដ្ឋានចាំបាច់នានាជូនរដ្ឋាភិបាល ដើម្បីបង្កើតគ្រឹះស្ថានរដ្ឋបាលសម្រាប់ការគ្រប់គ្រងចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនាប្រាសាទ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុន កិរិយា ឲ្យដឹងថាលោកស្រីមិនមានព័ត៌មានទាក់ទងនឹងកិច្ចការរបស់គណៈកម្មការនេះនោះទេ។ លោកស្រីឲ្យដឹងដែរថាកិច្ចសន្យាផ្តល់សិទ្ធិឲ្យក្រុមហ៊ុនសុខាអូតែលលក់សំបុត្រចូលទស្សនាអង្គរគឺធ្វើឡើងក្នុងមួយឆ្នាំម្តង។ ដោយឡែកលោកស្រីថាសម្រាប់ឆ្នាំ២០១៦ រដ្ឋាភិបាលសម្រេចមិនបន្តកិច្ចសន្យាឲ្យក្រុមហ៊ុនមួយនេះទៀតឬយ៉ាងណានោះជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល។
គួររំឭកថា ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ក៏ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលឲ្យដកសិទ្ធិពីក្រុមហ៊ុន សុខ គង់ ក្នុងការលក់សំបុត្រឲ្យអ្នកទេសចរណ៍ដែលទៅទស្សនាប្រាសាទអង្គរវត្ត ។ លោកចាត់ទុកថាការដកសិទ្ធិនេះនឹងជួយ បង្កើនចំណូលរដ្ឋ ដោយសារមិនត្រូវចែកផលចំណេញទៅឲ្យក្រុមហ៊ុន។
ទាក់ទងនឹងករណីនេះដែរកន្លងទៅ អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានអះអាងថាលោករកឃើញភាពមិនប្រក្រតីពីចំណូលនៃការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរនិងបានទាមទារឲ្យអាជ្ញាធរអប្សរាបញ្ចេញឯកសារ សម្ងាត់ទាំងអស់ ដែលក្នុងនោះរួមមានកុងត្រាលើប្រាសាទអង្គរវត្តផងដែរ។ តែអាជ្ញាធរបានបដិសេធ។ លោកបន្តកម្ពុជាបានបាត់ចំណូលរាប់រយលានដុល្លារពីការលក់សំបុត្រចូលអង្គរនេះ។ លោកបន្ថែមថារដ្ឋាភិបាលនឹងអាចទទួលចំណូលពីអង្គរបានច្រើនជាងមុននៅពេលដែលរដ្ឋគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរនេះដោយខ្លួនឯង។
សម្រាប់ឆ្នាំ២០១៤ ចំណូលដុលបានគេការលក់សំបុត្រចូលទស្សនាអង្គរមានចំនួនជាង៥៩លានដុល្លារ។ ដោយឡែកនៅ១០ខែដើមឆ្នាំ២០១៥នេះចំណូលដុលសរុបបានពីការលក់សំបុត្រចូល ទស្សនាអង្គរមានចំនួនជាង៤៧,៦លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
