សហជីព​ស្នើសុំជួប​គណៈកម្មការជំនាញនៃ​រដ្ឋសភា ពិភាក្សា​លើសេចក្តីព្រាងច្បាប់សហជីព​

ដោយ៖​ កាន់ វិច្ឆិកា និង​ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015
http://vodhotnews.com

សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព


សហជីពធំៗមួយចំនួន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ បានដាក់សំណើ​មួយ​​ទៅ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ដើម្បី​សុំ​ជួបពិភាក្សា​ជាមួយគណៈ​កម្មការនីតិកម្មនិងយុត្តិធម៌នៃ​រដ្ឋសភា បង្ហាញពីការព្រួយបារម្ភលើសេចក្តីព្រាងច្បាប់សហជីព។​

សហជីពទាំងនោះរួមមាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ សមាគម​IDEA សមាគមការងារកម្ពុជា(CLC) សហព័ន្ធ​សហជីពកម្មករសំណង់ ​សម្ព័ន្ធ​សហជីពជាតិ​ សម្ព័ន្ធ​សហជីពមិត្តភាពកម្មករ និង​សហព័ន្ធ​សហជីព​ដើម្បីកម្មករ។​

គណៈរដ្ឋមន្រ្តី​កាលពីថ្ងៃទី​១៣ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បានសម្រេចឆ្លង​សេចក្តីព្រាង​ច្បាប់សហជីព ហើយ​រដ្ឋសភា​​បាន​បញ្ជូន​សេចក្តីព្រាង​នេះ​ឲ្យ​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ដើម្បី​ត្រួត​ពិនិត្យ​កាលពីពេលថ្មីៗនេះ។​

បើតាមសំណើនោះ ​សហជីពសុំជួបជាមួយគណៈកម្មការជំនាញ​​នៅថ្ងៃទី​៧ ខែធ្នូ វេលាម៉ោង​៩និង៣០នាទីព្រឹក។ សំណើនោះ​ឲ្យ​ដឹង​ថា​​ខ្លឹមសារ​ក្នុងមាត្រា​ខ្លះ​ចែងមិនច្បាស់​លាស់​និងបង្កប់ន័យអាច​នាំឲ្យ​មាន​ការបកស្រាយ​រៀងៗខ្លួន​បង្កជា​ជម្លោះនៅពេលច្បាប់នេះ​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់។ សំណើ​លើក​ឡើង​ថា​៖ “តាមការពិនិត្យ​ជាទូទៅ ​ច្បាប់នេះ​មានគោល​បំណង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់កម្មករ​និយោជិត​ក្នុងការអនុវត្តសិទ្ធិ​សហជីព​ ដើម្បីលើកកម្ពស់​លក្ខខណ្ឌ​ការងារសមរម្យ​និង​ជីវភាព​រស់នៅ​បានល្អប្រសើរ​ជូន​បងប្អូនកម្មករនិយោជិត​នៅក្នុងព្រះរាជាណាចកម្រកម្ពុជា”។ រហូតមក​ដល់ពេលនេះ សហជីព​ក៏មិនទាន់ទទួល​បាន​​សេចក្តីព្រាងច្បាប់ផ្លូវការ​ចុងក្រោយ​នោះទេ។ នេះ​បើ​តាម​សំណើ​របស់សហជីព។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា​រហូត​មក​ដល់ពេលនេះ លោក​មិនទាន់​ឃើញ​សំណើនោះទេ។ លោក​បន្តថា​គណៈកម្មការជំនាញ​ជាអ្នកសម្រេច​ថាតើ​នឹង​ជួបពិភាក្សា​ឬ​យ៉ាងណា។​

គួរបញ្ជាក់​ថា កន្លង​ទៅ​សហជីព​ទាមទារ​ឲ្យ​កែប្រែ​មាត្រា​មួយចំនួន ដែលមាន​ខ្លឹមសារ​ដូចជា សហជីព​មូលដ្ឋាន​​មួយ​ត្រូវ​បង្កើត​ដោយ​មាន​កម្មករ​យ៉ាង​តិច​២០%​នៃ​ចំនួន​កម្មករ​សរុប​។  រីឯ​សហព័ន្ធ​សហជីព​មួយ​ត្រូវ​បង្កើត​ដោយ​សហជីព​មូលដ្ឋាន​យ៉ាងតិច​១៥និង​សហភាព​ឬ​សម្ព័ន្ធ​សហព័ន្ធ​សហជីព​មួយ ត្រូវ​បង្កើត​ដោយ​​មាន​សហព័ន្ធ​សហជីព​ចំនួន​១០​។ ចំណែក​ការតម្រូវ​ឲ្យ​សហជីព​ត្រូវ​រាយការណ៍​ពី​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​ការងារ​និង​ចំណុច​មួយទៀត ​គឺ​ការកំណត់​សមាជិក​ចាប់ពី​៥០%​បូក​១​ឡើងទៅ បាន​អាចធ្វើ​កូដកម្ម​និង​មហាសន្និបាត​សហជីព​បាន រួម​ទាំង​ការពិន័យ​ជា​ប្រាក់​៥​លាន​ករណី​ធ្វើ​ខុស​នោះ ក៏​សហជីព​ស្នើ​ឲ្យ​កែ​សម្រួលដែរ​។​

​សេចក្តីព្រាងច្បាប់​ស្តីពីស​ហ​ជីព​នេះ​បាន​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​២០០៨​។ ច្បាប់​នោះ​មាន​១៧​ជំពូក និង​៩១​មាត្រា ក្នុងនោះ​យ៉ាងតិច​៣០​មាត្រា ត្រូវបាន​សហជីព​ជំរុញ​ឲ្យ​កែ​ស្រប​តាម​បទដ្ឋាន​អ​ន្តរ​ជាតិ​ដែល​មាន​ស្រាប់​ទើប​អាច​ធានា​សិទ្ធិ​សហជីព​និង​កម្មករ​បាន​៕ 

សរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈvicheika@vodhotnews.comនិង​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព (វីដេអូ)​

ដោយ៖​ វិចិត្រ​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015, 06:32 PM
http://vodhotnews.com

សហជីពស្នើជួបគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោយរកឃើញផលប៉ះពាល់ពីសេចក្តីព្រាងច្បាប់សហជីព

What Next?

Recent Articles