ពលរដ្ឋ​ស្រុក​ស្ទឹងហាវ​អំពាវនាវ​អាជ្ញាធរ​ជួយ​ជំរុញ​ការ​ត​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​បាន​ឆាប់

ដោយ ដែន អយុធ្យា
2015-12-03
RFA

ស្ថានីយ​ទឹក​ស្អាត​អានកូ ៦២០
ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ (Anco) នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ (RFA/Den Ayuthyea)


ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​ជំរុញ​សកម្មភាព​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​ជូន​ពួក​គាត់​ប្រើប្រាស់​ឲ្យ​បាន​ឆាប់ ខណៈ​ក្រុមហ៊ុន​ចាស់​ផ្គត់ផ្គង់​ទឹក ផលិត​ទឹក​គ្មាន​អនាម័យ និង​មាន​តម្លៃ​ខ្ពស់។

បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ខេត្ត​នេះ​ថ្លែង​ថា ពលរដ្ឋ​ស្រុក​ស្ទឹងហាវ នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់ ព្រោះ​មាន​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ (Anco) កំពុង​ត​ភ្ជាប់​បណ្ដាញ​មក​កាន់​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ និង​ត្រៀម​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ចាស់ ដើម្បី​បញ្ចប់​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក ចាន់ វុត្ថា បាន​បង្ហាញ​កង្វល់​ថា មូលដ្ឋាន​នេះ​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ ហើយ​តម្លៃ​ទឹក​ក្នុង​មួយ​ម៉ែត្រ​គូប​មាន​តម្លៃ​ខ្ពស់​រហូត​ដល់ ៣​ពាន់​រៀល។ តំណាង​ពលរដ្ឋ​រូប​នេះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​ត​បណ្ដាញ​ចូល​មក​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ឲ្យ​បាន​ឆាប់ និង​បញ្ចុះ​តម្លៃ​សេវា​ឲ្យ​ទាប​ជាង​ក្រុមហ៊ុន​ចាស់។

លោក ចាន់ វុត្ថា៖ «សូម​សម្ដេច​ជួយ​ពិចារណា​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ មាន​ទឹក​ស្អាត​ប្រើប្រាស់​ឲ្យ​មាន​អនាម័យ ព្រោះ​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរ​ការ​រាល់​ថ្ងៃ​នេះ ផលិត​ទឹក​គ្មាន​អនាម័យ ហើយ​មាន​តម្លៃ​ខ្ពស់។ សព្វថ្ងៃ​នេះ បើ​មាន​ក្រុមហ៊ុន​ណា​មួយ​ផ្សេង​ទៀត​ចូល​មក​វិនិយោគ​ផលិត​ទឹក​ស្អាត​នៅ​តំបន់​នេះ និង​មាន​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​ចាស់ សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ជួយ​ពិចារណា និង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​ថ្មី​អាច​ដំណើរ​ការ​ឲ្យ​បាន​ឆាប់»

តំណាង​ពលរដ្ឋ លោក ចាន់ វុត្ថា មាន​ចម្ងល់​ថា សព្វថ្ងៃ​នេះ​ឃើញ​សកម្មភាព​របស់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ បាន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ចូល​មក​កាន់​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ប៉ុន្តែ​បែរ​ជា​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​នេះ ផ្អាក​ដំណើរ​ការ​ទៅ​វិញ។ បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជួយ​មាន​ដំណោះស្រាយ​ធ្វើ​យ៉ាង​ណា ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​នេះ​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​មាន​តម្លៃ​ទាប​សមរម្យ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ស្ទឹងហាវ លោក ឆាយ សុគន្ធដា មាន​ប្រសាសន៍​ថា មិន​យូរ​ទេ ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់ ព្រោះ​តំណាង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ កំពុង​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​ទឹក​ចាស់ ដែល​មិន​មាន​លទ្ធភាព​ផលិត​ទឹក​ស្អាត​ឲ្យ​មាន​ស្តង់ដារ​ត្រឹមត្រូវ។ លោក​ស្នើ​ដល់​ពលរដ្ឋ​មូលដ្ឋាន​នេះ​ស្ងប់​អារម្មណ៍ និង​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ក្នុង​ពេល​ដ៏​ឆាប់៖ «ម្ចាស់​អាជីវកម្ម​ផលិត​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹងហាវ នេះ គឺ​មិន​ទាន់​ចប់​កុងត្រា ឬ​ច្បាប់​អនុញ្ញាត​ទេ នៅ​សល់ ៣​ឆ្នាំ​ទៀត ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ផលិត​ទឹក​ស្អាត​មុន​ហ្នឹង​គេ​និយាយ​ថា ក្រុមហ៊ុន​នេះ​មិន​មាន​លទ្ធភាព​ពង្រីក​សេវា​របស់​ខ្លួន​ទេ ហើយ​បើ​មាន​ក្រុមហ៊ុន​ផ្សេង​ចង់​មក​បន្ត​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹងហាវ គេ​ក៏​មិន​ជំទាស់​ដែរ ប៉ុន្តែ​សូម​ឲ្យ​ម្ចាស់​អាជីវកម្ម​ថ្មី​ជួយ​ចេញ​ការ​ខាតបង់​ដល់​ក្រុមហ៊ុន​ខ្លួន»

ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ លោក ប្រាក់ ប្រាកដ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្ទឹងហាវ នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់ ព្រោះ​ក្រុមហ៊ុន​អានកូ កំពុង​ត​ភ្ជាប់​បណ្ដាញ​ចូល​មក​ក្នុង​តំបន់​នេះ។ លោក​បន្ត​ថា ក្រុមហ៊ុន​អានកូ គួរ​ជំរុញ​ការ​ត​ភ្ជាប់​បណ្ដាញ​របស់​ខ្លួន​ចូល​មក​កាន់​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​នេះ​ទេ។

លោក ប្រាក់ ប្រាកដ៖ «ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ចាស់​នៅ​ស្រុក​ស្ទឹងហាវ បាន​រក​ស៊ី​ខាត ឬ​ក្ស័យ​ធន ហើយ​បាន​ពឹង​ឲ្យ​ក្រសួង និង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ជួយ​រក​ដៃគូ​ថ្មី ដើម្បី​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ជំនួស​វិញ។ ហើយ​ក្រសួង និង​មន្ទីរ បាន​ពិនិត្យ​ឃើញ​ថា មាន​តែ​ក្រុមហ៊ុន​អានកូ ទេ​ដែល​មាន​បច្ចេកទេស និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ទឹក​ស្អាត​មាន​ស្តង់ដារ ឬ​មាន​អនាម័យ។ ករណី​នេះ ខាង​តំណាង​ក្រុមហ៊ុន​អានកូ ក៏​បាន​យល់​ព្រម​តាម​សំណើ​ឲ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ចូល​មក​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹងហាវ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខាង​ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ចាស់ បាន​ទាមទារ​សំណង​មួយ​ចំនួន​ពី​ក្រុមហ៊ុន​អានកូ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ចរចា​គ្នា​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ»

តំណាង​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ លោក ស៊ុន ងី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នេះ​រីករាយ​នឹង​ត​ភ្ជាប់​បណ្ដាញ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នា​ខេត្ត​ព្រះសីហនុ នៅ​ពេល​មាន​សំណូមពរ​ពី​អាជ្ញាធរ ឬ​មន្ត្រី​ស្ថាប័ន​ជំនាញ​ខេត្ត​នេះ។ លោក​បន្ត​ថា កន្លង​មក​នេះ ក្រុមហ៊ុន​អានកូ បាន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​របស់​ខ្លួន​ចូល​ទៅ​ស្រុក​ស្ទឹងហាវ រួច​ហើយ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ស្រុក​ស្នើ​ឲ្យ​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ជួប​ចរចា​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ទឹក​ចាស់។

លោក ស៊ុន ងី៖ «មន្ទីរ​ជំនាញ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ហើយ​ករណី​នេះ ខាង​មន្ទីរ​ជំនាញ​ក៏​ត្រូវ​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ។ ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ទោះ​បី​មាន​ប្រតិកម្ម​តិច ឬ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក៏ដោយ ក៏​ខាង​មន្ទីរ​ត្រូវ​ទាក់ទង​មក​ក្រុមហ៊ុន​ខ្លួន ដើម្បី​ឈាន​ដល់​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យ​បាន​ទាន់​ពេលវេលា។ បច្ចុប្បន្ន​នេះ បណ្ដាញ​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ បាន​ត​ភ្ជាប់​បណ្ដាញ​របស់​ខ្លួន​បាន​ទូលំទូលាយ រហូត​ដល់​តំបន់​ទំនប់​រលក តំបន់​អូរ​២ តំបន់​អូរ​៣ និង​ភ្ជាប់​បណ្ដាញ​ទៅ​ដល់​វត្ត​លើ ជាដើម»

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ នឹង​មាន​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់ នៅ​ក្រោយ​ពេល​ក្រុមហ៊ុន​អានកូ បញ្ចប់​ជំនួប​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ទឹក​ស្អាត​នៅ​ស្រុក​ស្ទឹងហាវ ដែល​ក្ស័យ​ធន និង​គ្មាន​លទ្ធភាព​ពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​មាន​អនាម័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles