ដោយ អ៊ូ បាណុង
2016-04-13
RFA

គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA
![]()
អំឡុងពេលបុណ្យជាតិធំៗ ពិសេសគឺបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌជាដើម ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្វើចរាចរ គឺជារឿងដែលមិនអាចជៀសផុត។ ដូច្នេះ តើពលរដ្ឋត្រូវធ្វើចរាចរបែបណា ដើម្បីអាចបញ្ចៀស ឬកាត់បន្ថយការប្រឈមនឹងគ្រោះថ្នាក់នៅតាមដងផ្លូវបាន?
គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ប្រជាជនកម្ពុជា ជាមធ្យមប្រមាណ ៦នាក់ជារៀងរាល់ថ្ងៃ។ ដោយឡែកអំឡុងពេលបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬភ្ជុំបិណ្ឌ អត្រានៃការស្លាប់នៅលើដងផ្លូវនោះ បានកើនឡើងទ្វេដង គឺប្រមាណជា ១១នាក់ក្នុងមួយថ្ងៃៗនៃរយៈពេលបុណ្យចំនួន ៣ថ្ងៃ។ នេះបើតាមប្រសាសន៍របស់ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។
លោក អ៊ា ចរិយា ថ្លែងថា «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ ប្រជាពលរដ្ឋគាត់ធ្វើដំណើរច្រើន ចេញពីភ្នំពេញទៅខេត្ត ឬបកពីខេត្តមកភ្នំពេញវិញហ្នឹង ហើយការធ្វើដំណើរជាទូទៅពុំមានការប្រយ័ត្នប្រយែង ឬក៏គោរពច្បាប់ចរាចរណ៍ទេ ហើយដោយសារនៅក្នុងពេលហ្នឹង គឺការត្រួតពិនិត្យ ឬការអនុវត្តនៃការរឹតបន្តឹងច្បាប់ ក៏នៅមានភាពធូររលុងដែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ។ ហើយប្រជាពលរដ្ឋភាគច្រើនដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅពេលបុណ្យចូលឆ្នាំនេះ គឺដោយសារតែការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង»។
លោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា សមត្ថកិច្ចតែមួយមិនអាចបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍បាននោះទេ គឺទាល់តែមានការចូលរួមសហការពីប្រជាពលរដ្ឋ៖ «ការអនុវត្តច្បាប់ចរាចរណ៍សង្ឃឹមថានគរបាលតែមួយ គឺមិនបានទេ ទាល់តែមានការចូលរួមទាំងអស់គ្នា ព្រោះធម្មតា នគរបាលចរាចរណ៍ផ្សព្វផ្សាយណាស់ ពេលខ្លះហ្នឹងឃាត់គាត់ហើយហ្នឹង គាត់តែងតែមានហេតុផលផ្សេងៗថា គាត់ទៅជិតនេះទេ គាត់ការពារខ្លួនឯងបានហើយ»។
មន្ត្រីរូបនេះបានបន្ថែមទៀតថា សមត្ថកិច្ចមិនត្រឹមតែមិនបានសម្រាកក្នុងពេលចូលឆ្នាំនោះទេ ប៉ុន្តែថែមទាំងរៀបចំកម្លាំងបន្ថែមលើសពីគោលដៅចាស់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ សមត្ថកិច្ច នឹងធ្វើការពិនិត្យ និងផាកពិន័យលើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការដឹកលើសចំនួនមនុស្សសំពីងសំពោង និងការបើកបរហួសល្បឿនកំណត់ ដោយខាងអាជ្ញាធរនឹងដាក់ឧបករណ៍វាស់ល្បឿនយានយន្ត ជាដើម។
អំឡុងពេលពិធីបុណ្យបែបនេះ ចរាចរណ៍តាមបណ្ដាផ្លូវក្នុងក្រុង–រាជធានី មានសភាពរយាល តែនៅតាមបណ្ដាផ្លូវជាតិធំៗដែលចេញក្រៅក្រុងវិញ បែរជាមមាញឹក។
ទាក់ទិននឹងបញ្ហានេះ លោក អ៊ា ចរិយា បានឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងច្រើននៅតាមបណ្ដាខេត្ត៖ «ដោយសារតែផ្លូវជាតិជាផ្លូវជាតិធំ ហើយប្រជាពលរដ្ឋភាគច្រើន គាត់បើកលឿននៅលើផ្លូវជាតិហ្នឹង។ ហើយពេលខ្លះ រួមផ្សំជាមួយនឹងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយមករដូវបុណ្យចូលឆ្នាំឆ្នាំ២០១៥ នេះ ខេត្តកណ្តាល មានគ្រោះថ្នាក់ច្រើនជាងគេ ហើយ កំពង់ធំ ព្រៃវែង កំពត និងកំពង់ឆ្នាំង»។
កាលពីបុណ្យចូលឆ្នាំឆ្នាំមុន យានជំនិះដែលបានជួបប្រទះនឹងគ្រោះថ្នាក់ច្រើនជាងគេ គឺម៉ូតូ។ នេះបើតាមសម្ដីរបស់ អ្នកស្រី ម៉ែន ច័ន្ទសុកល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក៖ «និយាយជារួម ភាគច្រើន គឺម៉ូតូកើតឡើងច្រើនជាងគេ ដោយសារយានជំនិះគាត់តូច ហើយផ្លូវចង្អៀត គាត់ចេះជ្រេទៅជ្រេមកអ៊ីចឹង ហើយគាត់បើកក្នុងល្បឿនលឿនដែរ ភាគច្រើនវាបង្កឲ្យមានគ្រោះថ្នាក់អ៊ីចឹង»។
លោក ហ៊ុន សែន ក៏បានក្រើនរំឭកប្រជាពលរដ្ឋនៅក្នុងពិធីសម្ពោធមហាកុដិនៅវត្តមួយ ក្នុងក្រុងតាខ្មៅ និងលើទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីសប្ដាហ៍មុននេះ ឲ្យប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងក្នុងរដូវចូលឆ្នាំ ព្រោះពេលនោះ ប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ហើយសុំឲ្យប្រជាពលរដ្ឋបើកបរប្រកបដោយសុវត្ថិភាព និងចៀសវាងគ្រឿងស្រវឹងនៅពេលបើកបរ៖ «គឺធ្វើយ៉ាងណាខិតខំបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចូលឆ្នាំនេះតែម្តង។ យើងចូលឆ្នាំ គួរតែសប្បាយ មិនគួរពេលចូលឆ្នាំបាត់បង់ជីវិត ហើយធ្វើឲ្យក្រុមគ្រួសារទាំងមូលមិនបានចូលឆ្នាំ បែរជាធ្វើបុណ្យខ្មោចនោះទេ។ សុំអំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តាគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការយោគយល់គ្នា ហើយកុំប្រើគ្រឿងស្រវឹងនៅក្នុងពេលដែលខ្លួនបើកបរ»។
កាលពីថ្ងៃទី៦ មេសា កន្លងទៅនេះ អគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកោះប្រជុំណែនាំបណ្ដាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ស្ដីពីការសម្រួល ការដឹកជញ្ជូនអ្នកដំណើរនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងលើកទឹកចិត្តកុំឲ្យមានការឡើងថ្លៃឈ្នួល។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញជាសារអប់រំមួយចំនួនដល់អ្នកធ្វើដំណើរដែរ ដូចជា មួកមួយ ជួយការពារជីវិតបានម្នាក់ បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ ជាដើម។
បើទោះបីជាមានសារអប់រំ ឬការចុះអប់រំផ្សព្វផ្សាយនៅតាមផ្សារ ចំណតឡាន និងនៅតាមរោងចក្រមួយចំនួនក្តី តែ លោក អ៊ា ចរិយា នៅតែលើកទឹកចិត្តបន្ថែមដល់អ្នកធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្ន និងជ្រើសរើសមធ្យោបាយដែលសុវត្ថិភាព៖ «ពេលខ្លះ យើងអាចមានជម្រើស។ អ៊ីចឹងបើសិនយើងមានជម្រើស យើងត្រូវជ្រើសរើសរកមធ្យោបាយណាដែលវាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ព្រោះកាលណាមានគ្រោះថ្នាក់ទៅ មានរហូតដល់ពិការ ឬស្លាប់ទៅ យើងមិនអាចត្រឡប់មកក្រោយវិញបានទេ យើងមិនអាចរស់វិញបានទេ ជីវិតមានតែម្តងទេ។ អ៊ីចឹងត្រូវប្រយ័ត្នឲ្យបានខ្ពស់បំផុត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញក្រើនរំឭកអ្នកបើកបរឲ្យគោរពច្បាប់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
- ក្រសួងមហាផ្ទៃអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ពលរដ្ឋរិះគន់សមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតថាមិនអើពើរៀបចំសណ្ដាប់ធ្នាប់
- ពលរដ្ឋស្នើអាជ្ញាធរខេត្តព្រះសីហនុចាត់វិធានការចំពោះរថយន្តចតគ្មានសណ្ដាប់ធ្នាប់
- លោក ខៀវ កាញារីទ្ធ ថាអ្នកបើកបរឡានឲ្យថ្នាក់ដឹកនាំមិនសូវយល់ដឹងពីច្បាប់ចរាចរណ៍
- អ្នកជំនាញបង្ហាញពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
- គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើតក្រុមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍
- កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហាញរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥
- នីតិវិធីគ្រប់គ្រងប្រាក់ចំណូលបានពីការផាកពិន័យអំពើល្មើសច្បាប់ចរាចរណ៍
