ដោយ ហ៊ុំ ចំរើន
2016-04-13
RFA

សាលាខេត្តបាត់ដំបង។ រូបថតថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ RFA/Hum Chamroeun
![]()
អាជ្ញាធរខេត្តបាត់ដំបង រៀបចំការប្រគំតន្ត្រីឲ្យប្រជាពលរដ្ឋរាំលេងកម្សាន្តសប្បាយចំនួន ៤រាត្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅមាត់ស្ទឹងសង្កែ ត្រើយខាងលិចមុខផ្សារណាត់ ក្រុងបាត់ដំបង។ កម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈ និងមានលេងល្បែងប្រជាប្រិយមួយចំនួនផងដែរ។
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ភាគច្រើនសាទរនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់អាជ្ញាធរខេត្តបាត់ដំបង ក៏ប៉ុន្តែពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណារក្សាសន្តិសុខឲ្យបានល្អក្នុងការលេងសប្បាយនេះ។
ពលរដ្ឋនៅក្រុងបាត់ដំបង មួយចំនួន ប្រាប់វិទ្យុអាស៊ីសេរី នៅមុខផ្សារណាត់មាត់ស្ទឹងសង្កែ នៅថ្ងៃទី១៣ មេសា ថា ពួកគាត់មានក្ដីរំភើបក្នុងចិត្តជាខ្លាំង នៅពេលដែលទទួលដំណឹងថា អាជ្ញាធរខេត្តបាត់ដំបង រៀបចំឲ្យមានការប្រគំតន្ត្រីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីចែកជូនប្រជាពលរដ្ឋបានចូលរាំលេងកម្សាន្តនោះ។ អ្នកស្រុកបន្ថែមថា ការប្រគំតន្ត្រីនេះ នឹងរឹតតែធ្វើឲ្យក្រុងបាត់ដំបង មានភាពអ៊ូអរមួយកម្រិតថែមទៀត៖ «ខ្ញុំចង់ឲ្យអាជ្ញាធរបង្កើតកម្មវិធីបែបនេះឲ្យបានរៀងរាល់ពិធីបុណ្យសំខាន់ៗរបស់ជាតិ ដើម្បីឲ្យខេត្តបាត់ដំបង មានភាពអ៊ូអរ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ធី ស្សារ៉ា មានប្រសាសន៍ថា នៅរាត្រីដំបូង គឺថ្ងៃទី១៣ មេសា មានការប្រគំតន្ត្រីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរាំលេងកម្សាន្ត។ ចំណែកនៅយប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានការប្រគំតន្ត្រីផង និងមានការសម្ដែងសិល្បៈ និងលេងល្បែងប្រជាប្រិយប្រពៃណីជាតិផង មានជាអាទិ៍ វាយក្អម និងលេងលាក់កន្សែង ជាដើម។ លោកបន្ថែមថា កម្មវិធីនេះរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តបាត់ដំបង ឲ្យបានច្រើនបន្ថែមទៀត៖ «បាទ! កម្មវិធីនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឲ្យមានភាពអ៊ូអរនៅក្នុងខេត្តបាត់ដំបង»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា លោកសាទរចំពោះការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ និងសម្ដែងសិល្បៈប្រពៃណី ចែកជូនប្រជាពលរដ្ឋទស្សនា ក៏ប៉ុន្តែលោកថា អាជ្ញាធរពាក់ព័ន្ធក៏ត្រូវដាក់ពង្រាយកងកម្លាំងតាមដងផ្លូវ ដើម្បីជួយធ្វើចរាចរ និងរក្សាសន្តិសុខជូនពលរដ្ឋឲ្យបានរៀងរាល់រាត្រី៖ «ពីព្រោះពេលនេះវាជាពេលដែលជនខិលខូចឆ្លៀតឱកាស ដើម្បីធ្វើសកម្មភាពរបស់ខ្លួន។ ដូច្នេះ សមត្ថកិច្ចត្រូវតែរឹតបន្តឹងសន្តិសុខឲ្យបានល្អ»។
លោក យិន ម៉េងលី ក៏ផ្ដល់ទស្សនៈដែរថា អាជ្ញាធរពាក់ព័ន្ធត្រូវការពារកុំឲ្យប្រជាពលរដ្ឋយកទឹកច្រកថង់ ហើយគប់អ្នកធ្វើដំណើរតាមដងផ្លូវ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ នៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង មានដាក់ទង់ជាតិខាងមុខ និងរៀបចំរានទេវតា ដើម្បីអបអរសាទរឆ្នាំថ្មីរៀងៗខ្លួន។ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រំពឹងថា បុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ នឹងមានភ្ញៀវទេសចរចូលមកទស្សនាខេត្តបាត់ដំបង ច្រើនជាងឆ្នាំកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ខេត្តបាត់ដំបងរៀបបុណ្យចូលឆ្នាំថ្មីបួនយប់
2016-04-13
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកំពង់ចាមប្ដេជ្ញារក្សាសន្តិសុខឲ្យបានល្អជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- អាជ្ញាធរខេត្តសៀមរាបពង្រាយកម្លាំងសន្តិសុខជាង៣ពាន់នាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
- អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការក្រុមយុវជនជិះម៉ូតូជះទឹកនិងប៉ាតម្សៅ
- ជំនឿរបស់ពលរដ្ឋចំពោះឆ្នាំវក ឬឆ្នាំស្វា
- រណ្ដាប់ទទួលទេវតាឆ្នាំថ្មី
- អាជ្ញាធរខ្មែរ-ថៃត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅតាមព្រំដែនដើម្បីរឹតចំណងមិត្តភាព
- អាជ្ញាធរខេត្តព្រះសីហនុសម្អាតឆ្នេរសមុទ្ររង់ចាំទទួលទេសចរពេលបុណ្យចូលឆ្នាំ
- អត្ថន័យបទចម្រៀងភិសវង់នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
- សមាគមចុងភៅត្រៀមអង្ករនិងម្សៅដំណើប២តោនធ្វើនំផ្លែអាយនិងបាយទ្រាបនៅអង្គរសង្ក្រាន្ត