ដោយ ទីន ហ្សាការីយ៉ា
2016-04-13
RFA

លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី។ រូបថតថ្ងៃទី១៤ មេសា ឆ្នាំ២០១៥ (RFA/Hang Savyouth)
វប្បធម៌សន្ទនារវាងគណបក្សជាប់ឆ្នោតទាំងពីរ បានជំរុញឲ្យ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានចូលរួមកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយគ្នាកាលពីឆ្នាំ២០១៥។ ប៉ុន្តែសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះវិញ មេដឹកនាំទាំងពីរមិនមានឱកាសចូលរួមកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ជាប្រវត្តិសាស្ត្រទៀតទេ ដោយសារតែកត្តានយោបាយ បានជំរុញឲ្យមេដឹកនាំទាំងពីរមិនអាចរក្សាសម្ព័ន្ធភាពជាមួយគ្នាបានយូរអង្វែង។
រីឯពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រដ្ឋាភិបាលថែមទាំងចាប់ចងតំណាងរាស្ត្រគណបក្សប្រឆាំងបន្ថែមទៀត ក្រៅពីបង្ខំឲ្យ លោក សម រង្ស៊ី រត់គេចទៅក្រៅប្រទេស គេចវេះពីការចាប់ខ្លួនដែរនោះ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ អ្នកនយោបាយបានដំឡើងកម្ដៅនយោបាយដាក់គ្នានៅពេលប្រជាពលរដ្ឋទូទាំងប្រទេស បានស្វាគមន៍ឆ្នាំថ្មី ដែលអ្នកខ្លះបានទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំនេះ។
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ អ្វីៗបានប្រែប្រួលដោយហេតុថា ក្រុមគ្រួសាររបស់អ្នកនយោបាយខ្លះ មិនបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំនេះទេ ដែលខុសពីពិធីចូលឆ្នាំប្រពៃណីជាតិកាលពីឆ្នាំ២០១៥។ ពិធីបុណ្យចូលឆ្នាំកាលពីឆ្នាំទៅ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់ពលរដ្ឋខ្មែរដែលឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅឯខេត្តសៀមរាប និងបានចូលរួមកម្មវិធីអង្គរសង្ក្រាន្តជាមួយគ្នា ដោយបង្ហាញពីភាពកក់ក្ដៅសម្រាប់សង្គមជាតិទាំងមូល។
ក៏ប៉ុន្តែអ្វីៗសម្រាប់ឆ្នាំនេះវិញ ដ្បិតតែសង្គមមិនមានភាពវឹកវរ ភាពចលាចលក្ដី ប៉ុន្តែភាពកក់ក្ដៅសម្រាប់រង្វង់អ្នកនយោបាយមិនឋិតថេរទេ ហើយក៏ឆ្លុះបញ្ចាំងអំពីភាពបែកបាក់ និងគ្មានការបង្រួបបង្រួមជាតិ ទោះបីជាថ្នាក់ដឹកនាំគណបក្សទាំងពីរ នៅតែអះអាងថា គណបក្សទាំងពីរនៅតែប្រើប្រាស់យន្តការវប្បធម៌សន្ទនាសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិក្ដី។
កាដូធំមួយរបស់គណបក្សប្រឆាំងសម្រាប់ឆ្នាំថ្មីនេះ គឺតំណាងរាស្ត្រមួយរូបទៀត គឺលោក អ៊ុំ សំអាន ត្រូវបានតុលាការចាប់ខ្លួន ខណៈដែលសមាជិករបស់ខ្លួនជាច្រើននាក់ផ្សេងទៀត កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ។
ទាក់ទងនឹងការចាប់ខ្លួននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីមុន លោកធ្លាប់បានប្រកាសថា លោក និងលោក សម រង្ស៊ី ជាអ្នកបើកទំព័រប្រវត្តិសាស្ត្រក្នុងការបង្កើតវប្បធម៌សន្ទនា ហើយបានបណ្ដើរគ្នាចូលរួមកម្មវិធីអង្គរសង្ក្រាន្តនៅឯខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៥ ដូចប្ដីប្រពន្ធរៀបការថ្មោងថ្មី។ តែការចូលឆ្នាំឆ្នាំនេះវិញ អ្វីៗបានផ្លាស់ប្ដូរ។ មិនតែប៉ុណ្ណោះ លោកថែមទាំងព្រមានចាប់ខ្លួនបន្ថែមទៀតចំពោះបុគ្គលណាមួយ ដែលហ៊ានរិះគន់អំពីបញ្ហាព្រំដែន ឬថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ទោះបីជាអ្នកនោះជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិក្ដី៖ «អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម ទោះបីជាអ្នកឯងជាអ្វីក៏ដោយ ជាតំណាងរាស្ត្រក៏ដោយ។ អ៊ីចឹងអ្នកច្បាប់ទាំងឡាយ អ្នកឯងនិយាយពីច្បាប់ ខ្ញុំក៏និយាយពីច្បាប់»។
ការចាប់ខ្លួន លោក អ៊ុំ សំអាន នេះ ត្រូវបានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថ្កោលទោសរដ្ឋាភិបាល ដោយចាត់ទុកថាជារឿងខុសរដ្ឋធម្មនុញ្ញ។ បន្ថែមពីនេះទៀត អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែប្រព្រឹត្តទង្វើខុសច្បាប់ ហើយដឹកនាំប្រទេសបែបផ្ដាច់ការ និងដើរផ្ទុយពីរបបប្រជាធិបតេយ្យ៖ «ប្រទេសអត់គោរពច្បាប់ គឺផ្ដាច់ការហើយ។ សំណួរ៖ បើនាយករដ្ឋមន្ត្រីអត់គោរពច្បាប់ តើស្ថាប័នណាមួយឲ្យនាយករដ្ឋមន្ត្រីគោរពច្បាប់វិញ? ចម្លើយ៖ គឺប្រជាពលរដ្ឋ នៅពេលបោះឆ្នោត»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា កម្ពុជា នៅតែមានការបង្រួបបង្រួមជាតិ គ្មានការបែកបាក់នោះទេ។ លោកបញ្ជាក់ថា អ្វីដែលកើតឡើងលើគណបក្សប្រឆាំង គឺជារឿងបុគ្គលទេ៖ «សូមចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែលប្រទេសយើងមានស្ថិរភាពនយោបាយ មានការបង្រួបបង្រួមសាមគ្គីឯកភាពជាតិទាំងមូល បញ្ហាដែលកើតមានកំប៉ិកកំប៉ុកនេះ ខ្ញុំយល់ថា ជារឿងធម្មតានៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយសូមប្រជាពលរដ្ឋយើងកុំប្រកាន់និន្នាការនយោបាយ រើសអើងគ្នា និងប្រកាន់ពូជសាសន៍»។
ទោះបីជាបែបនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា សម្ដែងការសោកស្ដាយដែលអ្នកនយោបាយងាកចេញពីវប្បធម៌សន្ទនាដូច្នេះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ចង់ឃើញពិធីចូលឆ្នាំឆ្នាំនេះ មេដឹកនាំគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ចាប់ដៃគ្នាបង្ហាញពីសាមគ្គីភាពដូចឆ្នាំមុនដែរ៖ «កិច្ចការងារប្រកួតប្រជែងខាងនយោបាយ តែងតែមានការអត់ចិត្តគ្នាចឹងហើយ តែគេមិនរុញច្រានគ្នាឲ្យភាគីម្ខាងអស់ឱកាសនោះទេ។ ប្រទេសកកម្ពុជា យើងគឺបក្សកាន់អំណាចគ្មានភាពចាស់ទុំខាងនយោបាយ ហើយបក្សកាន់អំណាចជាភាគីសំខាន់ក្នុងការផ្ដល់ឱកាស និងមិនផ្ដល់ឱកាស (សន្ទនា)»។
វប្បធម៌សន្ទនា គឺជាយន្តការដ៏សំខាន់ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងការបញ្ចប់ជម្លោះនយោបាយ។ វប្បធម៌សន្ទនានេះ ត្រូវបានគណបក្សទាំងពីរ អនុវត្តជាបន្តបន្ទាប់រហូតដល់មេដឹកនាំទាំងពីរ ចាប់ដៃប្រកៀកស្មាគ្នាដើរលេងនៅខេត្តសៀមរាប ក្នុងឱកាសឆ្នាំថ្មីកាលពីឆ្នាំ២០១៥។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម សម្ដែងសុទិដ្ឋិនិយមចំពោះវប្បធម៌សន្ទនារវាងគណបក្សទាំងពីរដដែល។ លោក ប៉ុល ហំម បញ្ជាក់ថា ការប្រើប្រាស់វប្បធម៌សន្ទនា គឺជាការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ហើយវាក៏ជាអ្វីដែលប្រជាពលរដ្ឋចង់ឃើញ៖ «ខ្ញុំគិតថា វប្បធម៌សន្ទនាត្រូវតែមានការលើកស្ទួយទាំងសងខាង។ កាលពីថ្ងៃមុន ខ្ញុំបានទៅជូនពរឯកឧត្តម ងួន ញ៉ិល។ លោកក៏បានលើកពីវប្បធម៌សន្ទនានេះដែរ។ ខ្ញុំមានការសប្បាយរីករាយ ដើម្បីលើកស្ទួយបាន ទាល់តែមានការអត់ធ្មត់ទៅវិញទៅមក។ ហើយប្រទេសប្រជាធិបតេយ្យនេះ ត្រូវមានតែការប្រកួតប្រជែងគ្នាល្អ មានប្រជាធិបតេយ្យពិតប្រាកដ»។
អ្នកឃ្លាំមើលការវិវឌ្ឍន៍នយោបាយនៅកម្ពុជា រំពឹងថា នៅឆ្នាំថ្មីនេះ អ្នកនយោបាយចាប់យកឱកាសសន្ទនានយោបាយឡើងវិញ ធ្វើឲ្យពលរដ្ឋ អ្នកនយោបាយ រួចផុតពីការភ័យខ្លាច ការគំរាមកំហែងផ្នែកនយោបាយ ការអត់ឱនឲ្យគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយ ដើម្បីឲ្យអ្នកនយោបាយចាប់ដៃគ្នាធ្វើការរួមគ្នា ទោះបីក្នុងពិធីបុណ្យចូលឆ្នាំ ឬមិនចូលឆ្នាំក្ដី ពិសេសកុំឲ្យអ្នកនយោបាយបន្តហែកហួរគ្នាដើរជាន់ប្រវត្តិសាស្ត្រច្រំដែល អ្នកនយោបាយយកឈ្នះចាញ់គ្នា។ ដល់ទីបញ្ចប់រកការបង្រួបបង្រួមជាតិមិនឃើញនោះ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី១៣ មេសា ដែលជាថ្ងៃទទួលទេវតាចូលឆ្នាំថ្មីប្រពៃណីជាតិនោះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋតាមទំព័រហ្វេសប៊ុក (Facebook) របស់លោក។ លោកហាក់បង្ហាញជំហរចង់ឲ្យគណបក្សប្រជាជនកម្ពុជា ងាកមករកវប្បធម៌សន្ទនា និងផ្សះផ្សាគ្នាវិញនៅឆ្នាំថ្មីនេះ៖ «អ្នកនយោបាយខ្មែរ សូមសម្រេចបាននូវការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិពិតប្រាកដ ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ សូមលះបង់ចោលនូវអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ ដូចជា អំពើហិង្សា ការគំរាមកំហែង ការគុំកួនសងសឹកគ្នា ការធ្វើទុក្ខបុកម្នេញគ្នា និងការកាប់សម្លាប់គ្នាជាដើម។ សូមឆ្នាំថ្មី នាំមកនូវទស្សនៈថ្មី ដើម្បីសម្រេចបានជោគជ័យ តាមសេចក្ដីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សម្ដេចក្រុមព្រះព្រមានក្រុមលោក ញឹក ប៊ុនឆៃ រឿងឆាឆៅគណបក្សហ៊្វុនស៊ិនប៉ិច
- រដ្ឋាភិបាលស្នើដាក់លោក ឡុង ឌីម៉ង់ ជាអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េជំនួសលោក ស៊ុត ឌីណា
- សង្គមស៊ីវិលនិងបក្សប្រឆាំងចង់ឃើញលោក ហ៊ុន សែន ដករដ្ឋមន្ត្រីពីររូបដែលអសកម្ម
- នាយករដ្ឋមន្ត្រីស្ដីបន្ទោសមន្ត្រីអសកម្មខ្លះថាជាមនុស្សបក្សក្រៅរដ្ឋាភិបាល
- អ្នកវិភាគថាអ្នកនយោបាយខ្មែរគួររួបរួមដើម្បីប្រយោជន៍ជាតិដូចអ្នកនយោបាយភូមា
- លោក ហ៊ុន សែន ថាការរុះរើគណៈរដ្ឋមន្ត្រីនៅពេលនេះគឺធ្វើតាមការចង់បានរបស់ពលរដ្ឋ
- រដ្ឋសភាបោះឆ្នោតផ្លាស់ប្ដូរសមាសភាពរដ្ឋមន្ត្រីរដ្ឋាភិបាលដូចការគ្រោងទុក
- អ្នកឃ្លាំមើល៖ រដ្ឋាភិបាលអនុវត្តប្រជាធិបតេយ្យតាមបែបផ្ដាច់ការ
- លោក ហ៊ុន សែន ចង់ចងសម្ពន្ធភាពជាមួយក្រុមអ្នកកាសែត
បង្រួបបង្រួម ម៉េចនឹងកើត បើ ចារកម្មវៀតណាម ភ្ជង់ក្បាល ហ៊ុន សែន ហើយ នឹង !
( ម៉េច អ្ហែងចង់ដូច ប៉ែន សុវណ្ណ ឬ ដូច ចាន់ ស៊ី អា ហ៊ុន សែន ? )
culture of dailogue is now on life support and being treated at ICU