អាជ្ញាធរ​ខេត្ត​សៀមរាប​ពង្រាយ​កម្លាំង​សន្តិសុខ​ជាង​៣​ពាន់​នាក់​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

ដោយ ហង្ស សាវយុត
2016-04-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សមត្ថកិច្ច​ខេត្ត​សៀមរាប ២០១៦ ៨៥៥
កម្លាំង​សមត្ថកិច្ច​នៃ​ខេត្ត​សៀមរាប ត្រៀម​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦ RFA/Hang Savyouth


បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​វក នឹង​ចូល​មក​ដល់​នៅ​ម៉ោង ៨​យប់​ថ្ងៃ​ទី​១៣ ខែ​មេសា នេះ។ កាល​ពី​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ទី​១៣ មេសា នៅ​មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប មាន​ធ្វើ​ពិធី​បួងសួង​ដល់​ទេវតា និង​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ ឲ្យ​ប្រទាន​នូវ​សេចក្តី​សុខ​សេចក្តី​ចម្រើន ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អបអរ​សាទរ​ឆ្នាំ​ថ្មី។

មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រួម​គ្នា​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តី​សុខ​គ្រប់​ប្រការ ដើម្បី​ឲ្យ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ ជួយ​ប្រទាន​ពរ​ជ័យ​បវរ​សួស្ដី ព្រម​ទាំង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត អបអរ​សាទរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ពិធី​បួងសួង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត គឺ​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​ឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន និង​លោក យឹម ឆៃលី ព្រម​ទាំង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី កាល​ពី​វេលា​ម៉ោង ៧ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​មេសា៖ «បក់​ផ្លិត​ឲ្យ​ដំណើរ អង្រឹង​ជើង​ស្នែង ទសបារមី វត្ថុ​ស័ក្តិសិទ្ធិ មក​ហើយ​គ្មាន​ឋានៈ គ្មាន​បុណ្យ​ស័ក្តិ សូម​អស់​លោក​ចាំ​ទទួល​នៅ​ខាង​ក្រៅ»

ពិធី​បួងសួង ធ្វើ​ឡើង​រយៈពេល​ជាង ១​ម៉ោង គឺ​បាន​សំបូងសង្រូង​ដល់​អារុក្ខអារក្ខ​អ្នកតា ទេវតា ម្ចាស់​ទឹក ម្ចាស់​ដី និង​វត្ថុ​ស័ក្តិសិទ្ធិ ជួយ​ការពារ និង​ប្រទាន​សេចក្តី​សុខ​ចម្រើន​ដល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

មន្ត្រី​នគរបាល​ជាតិ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រាយ​បណ្ដាក់​កម្លាំង​សន្តិសុខ​ប្រមាណ ៣.០០០​នាក់​នៅ​ជុំវិញ​ទីក្រុង​សៀមរាប ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត ព្រម​ទាំង​តាម​បរិវេណ​នៃ​ប្រាសាទ​បុរាណ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល ៣​ថ្ងៃ​នេះ។

មន្ត្រី​សេនាធិការ​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ក័ន សម្បត្តិ មាន​ប្រសាសន៍​ថា កម្លាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​របស់​ខេត្ត​សៀមរាប ជាង ១​ពាន់​នាក់ ក៏​រាយ​បណ្ដាក់​ជួយ​ការពារ​សន្តិសុខ​ដែរ៖ «ពង្រាយ​នៅ​គ្រប់​គោលដៅ មាន​អង្គរវត្ត បាយ័ន អង្គរ​ឃ្យុងយូ និង​នៅ​ផ្លូវ​ផប់ស្ទ្រីត (Pup Street) ជាប់​បរិវេណ​ផ្សារ​ចាស់ កណ្ដាល​ក្រុង​សៀមរាប»

ចំណែក​អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក សោម រតនា ឲ្យ​ដឹង​ថា មាន​យុវជន​ស្រី​ប្រុស​ជាង ៣.៥០០​នាក់​មក​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ បង្ហាញ​ក្បាច់​គុន​ខ្មែរ ព្រម​ទាំង​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ផង៖ «យុវជន​ភាគ​ច្រើន​មក​ពី​ភ្នំពេញ ហើយ​យុវជន​មួយ​ចំនួន​ទៀត​មក​ពី​ខេត្ត​សៀមរាប។ ពួក​គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ»

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​នៃ​ការ​បើក​ព្រឹត្តិការណ៍​នេះ ដោយ​រំពឹង​ថា អាច​នឹង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់​ចូលរួម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ក្រុម​របាំ​អប្សរា រាំ​ជូន​ពរ បន្ទាប់ពី​អាចារ្យ បាន​ធ្វើ​ពិធី​ថ្វាយ​ភ្លេង​និង​បួងសួង​នៅ​មុខ​ប្រាសាទ​អង្គរ។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
មន្ត្រី​រាជរដ្ឋាភិបាល និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អុជធូប ទៀន ធ្វើ​ពិធី​បួង​សួង នៅ​មុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​ចាប់​ផ្ដើម ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ក្លោង​ទ្វា​អង្គរ​សង្ក្រាន្ត ដែល​គេ​ធ្វើ​នៅ​ច្រក​ទ្វា​ចូល​ខាងត្បូង នៃ​ប្រាសាទ​អង្គរវត្ត។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
សាលាឆទាន និង​ផ្ទះ​ខ្មែរ ដែល​គេ​ធ្វើ​ដាក់​បង្ហាញ ក្នុង​ព្រឹត្តិការណ៍​អង្គរសង្គ្រាន្ត​ នៅ​បរិវេណ​ប្រាសាទ​បាយ័ន។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
យុវតី និង​​យុវជន មក​ពី​សកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ នាំគ្នា​សម របាំ​ស្វា​នៅ​លើ​រោង​​មហោស្រព។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ក្រុម​យុវជន បាន​នាំ​គ្នា​លេង ល្បែង​ប្រជា​ប្រិយ​លាក់​កន្សែង នៅ​ទីធ្លា​មុខ​ប្រាសាទ​អង្គរវត្ត។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ក្រុម​ប្រជាពលរដ្ឋ នាំ​គ្នា​រៀន​ធ្វើ នំផ្លែអាយ នៅ​ជិត​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្នុង​ទី​ក្រុង​សៀមរាប។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ចង្កៀង​គោម ដែលគេ​ធ្វើ​​សម្រាប់​អុជ​បំភ្លឺ​ពេល​យប់ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​មុខ​ប្រា​សាទ​​បាយ័ន។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៦២០
ក្រុម​ម៉ូតូ នៃ​ប៉ូលិស​ចរាចរណ៍ ​បាន​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​សំខាន់ៗ ដើម្បី ធ្វើ​អន្តរាគមន៍​​​​ចរាចរណ៍ ក្នុង​ពេល​ចាំបាច់។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles