ដោយ អ៊ុំ រង្សី
2016-04-14
RFA

ប៉ូលិសដាក់គោលដៅរឹតបន្តឹងការអនុវត្តចរាចរណ៍នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីពិនិត្យមើលអ្នកដែលល្មើសច្បាប់ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ RFA/Chum Rasy
![]()
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមេសា ដែលជាថ្ងៃទទួលទេវតានៃពិធីបុណ្យចូលឆ្នាំបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើនឡើង ទាំងអ្នកស្លាប់ និងអ្នករបួស បើធៀបនឹងថ្ងៃទី១២ ខែមេសា។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងពិធីបុណ្យចូលឆ្នាំក្នុងថ្ងៃទី១៣ ខែមេសា នេះ បានសម្លាប់មនុស្សចំនួន ១១នាក់ ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃទី១២ ខែមេសា មានស្លាប់ចំនួនតែ ៤នាក់។ ដោយឡែករបួសវិញមានចំនួន ៣៤នាក់ ខណៈថ្ងៃទី១២ មានតែ ១៤នាក់ប៉ុណ្ណោះ។
លោក រុន រ័ត្នវាសនា បញ្ជាក់ដែរថា ទាំងចំនួនអ្នកស្លាប់ និងរបួសកើនឡើងនេះ ភាគច្រើនបណ្ដាលមកពីបើកបរក្នុងល្បឿនលឿនបើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹង និងបើកបរប្រជែងគ្នា និងដឹកលើសចំណុះ។ ចំណែកឯខេត្ត និងរាជធានី ដែលមានគ្រោះថ្នាក់មនុស្សស្លាប់ និងរបួសច្រើនជាងគេ ក្នុងនេះមានខេត្តព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ចាម។
លោក រុន រ័ត្នវាសនា ស្នើឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំដែលជាពេលវេលាសប្បាយរីករាយនេះ៖ «ខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋធ្វើយ៉ាងណាត្រូវបើកបរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍ ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងពាក់មួកសុវត្ថិភាព ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីរីករាយក្នុងក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ»។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញថា ក្នុងពិធីបុណ្យចូលឆ្នាំនេះ សមត្ថកិច្ចបានដាក់បន្ថែមកម្លាំងដាក់ត្រួតពិនិត្យ និងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញខាងសុវត្ថិភាពចរាចរណ៍បារម្ភគ្រោះថ្នាក់ចរាចរណ៍កើនឡើង
- សមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
- លោក ហ៊ុន សែន បន្តបញ្ជាឲ្យមានវិធានការលើករណីឡានដឹកអង្ករលើសចំណុះ
- គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវកំពុងរង់ចាំយុត្តិធម៌
- គ្រោះថ្នាក់ចរាចរណ៍និងភ្លើងឆេះផ្ទះក្នុងពេលបុណ្យចូលឆ្នាំចិនកើនឡើងជាងឆ្នាំមុន
- ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសម្រុកទិញមួកសុវត្ថិភាព
- អាជ្ញាធរកសាងសំណុំរឿងតាមផ្លូវច្បាប់រឿងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យកម្មករ៥៧នាក់របួស
- នគរបាលនិងអាជ្ញាធរខណ្ឌខ្លះនៅភ្នំពេញធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី
- ពលរដ្ឋនិងសង្គមស៊ីវិលបារម្ភអំពីវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី