ដោយ យាង សុជាមេត្តា
2016-04-15
RFA

អ្នកទោសដេករង់ចាំតុលាការបើកសវនាការនៅសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥។ RFA/Brach Chev
![]()
អ្នកទោសដែលរដ្ឋាភិបាលគ្រោងស្នើទៅព្រះមហាក្សត្រសុំការលើកលែង និងបន្ធូរបន្ថយ ទោសនៅក្នុងរដូវចូលឆ្នាំថ្មី រហូតមកទល់ពេលនេះ អ្នកទោសទាំងនោះមិនទាន់ត្រូវបានដោះលែង ឬទទួលការបន្ធូរបន្ថយទោសនៅឡើយ។
អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៥ មេសា ថា បញ្ជីឈ្មោះអ្នកទោសដែលត្រូវលើកលែង និងបន្ធូរបន្ថយទោសត្រូវបានគេបញ្ជូនមកហើយ ប៉ុន្តែខាងគណៈកម្មការជាតិត្រូវការពេល វេលាពិនិត្យពិច័យឲ្យបានត្រឹមត្រូវ មុននឹងសម្រេចស្នើឲ្យមានការលើកលែង និងបន្ធូរបន្ថយទោស៖ «ពេលវេលាឆ្នាំនេះ វាមិនអំណោយផល យើងត្រូវការពិនិត្យពិច័យច្រើនណាស់ គឺខុសពីឆ្នាំមុនៗ យើងយកចិត្តដាក់ជាងមុន»។
ជាទូទៅព្រះមហាក្សត្រធ្វើការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតក្នុង១ឆ្នាំចំនួន៣ដង គឺក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា និងបុណ្យអុំទូក។ ទណ្ឌិតដែលអនុវត្តទោសបាន២ ភាគ៣នៃទោសសរុប អាចទទួលបានការលើកលែងទោស ខណៈទណ្ឌិតអនុវត្តទោសបាន១ ភាគ៣នៃទោសសរុប អាចទទួលបានការបន្ធូរបន្ថយទោស ប្រសិនបើគេរកឃើញថា ទណ្ឌិត ទាំងនោះបានកែខ្លួនពេលនៅក្នុងពន្ធនាគារ។
កម្ពុជាមានពន្ធនាគារទាំងអស់ចំនួន២៧ និងមានអ្នកកំពុងជាប់ឃុំជិត១ម៉ឺន ៨ពាន់នាក់ ប៉ុន្តែ ក្នុងចំណោមនោះ មានអ្នកជាប់ឃុំប្រហែល៣០ភាគរយ ឬស្មើប្រមាណ៥៤០០ នៃអ្នកជាប់ឃុំ សរុប ដែលទទួលបានសាលក្រមស្ថាពរពីតុលាការ។
លោក នុត សវនា ឲ្យដឹងថា ទណ្ឌិតដែលរដ្ឋាភិបាលគ្រោងស្នើឲ្យលើកលែង និងបន្ធូរបន្ថយ ទោសនៅពេលនេះ អាចមានពី៧រយ ទៅ៨រយនាក់។
ទោះជាយ៉ាងណា សង្គមស៊ីវិលរកឃើញថា មានការប្រព្រឹត្តអំពើពុករលួយ និងបក្សពួកនិយម ក្នុងការបញ្ជូនឈ្មោះទណ្ឌិតដើម្បីលើកលែង និងបន្ធូរបន្ថយទោសក្នុងពេលកន្លងមក។ សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការលើកលែង និងបន្ធូរបន្ថយទោសម្ដងៗ៕