ដោយ ទីន ហ្សាការីយ៉ា
2016-04-15
RFA

សកម្មភាពពន្លត់អគ្គិភ័យរបស់ពលរដ្ឋនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
ភ្លើងឆេះផ្ទះ និងគ្រោះថ្នាក់ចរាចរនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតែកើតមានច្រើនគួរ ឲ្យកត់សម្គាល់ដដែលពីមួយឆ្នាំទៅមួយឆ្នាំ ពុំមានការថមថយនោះឡើយ។ មន្ត្រីទទួលបន្ទុកពន្លត់ អគ្គិភ័យ និងមន្ត្រីធ្វើការពាក់ព័ន្ធនិងចរាចរលើកឡើងថា គ្រោះថ្នាក់ចរាចរ និងគ្រោះអគ្គិភ័យឆេះផ្ទះ នេះដោយសារតែប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។
មន្ត្រីទទួលបន្ទុកពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងនៅថ្ងៃទី១៥ មេសាថា ក្នុងពិធី ចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៣ថ្ងៃ មានភ្លើងឆេះផ្ទះអស់ជាង៦០ខ្នងនៅខែត្រក្រុងចំនួន៤។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ត្រី នេត វន្ថា មានប្រសាសន៍ថា គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា មានភ្លើងឆេះផ្ទះ៤ករណី ក្នុងនោះមាននៅខែត្រក្រចេះឆេះ៦ខ្នង ខែត្រមណ្ឌលគិរី១ខ្នង និងនៅរាជធានីភ្នំពេញឆេះផ្ទះ នៅសង្កាត់ចាក់អង្រែលើកាលពីរាត្រីថ្ងៃទី១៤មេសា អស់ផ្ទះ៥៥ខ្នង។ លោកបញ្ជាក់ថា ករណីឆេះផ្ទះ នៅចាក់អង្រែលើនេះ សមត្ថកិច្ចពុំទាន់រកពីមូលហេតុឃើញច្បាស់លាស់នៅឡើយ៖ «សំឡេង»
រីឯគ្រោះថ្នាក់ចរាចរវិញ អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ទី ឡុង បញ្ជាក់ថា ខាងលោកមិនទាន់បូកសរុបរបាយការណ៍ក្នុងរយៈពេល៣ថ្ងៃនេះនៅឡើយទេ ម្យ៉ាងលោកកំពុងរវល់រៀបចំសណ្ដាប់ធ្នាប់ខែត្រសៀមរាបក្នុងកម្មវិធីអង្គសង្ក្រាន្ត។ ទោះជាយ៉ាងនេះក្ដី លោកឲ្យដឹងថា កាលពីថ្ងៃទី១៤ មេសាគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសធ្វើឲ្យមនុស្សស្លាប់៨នាក់។ «សំឡេង»
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរ លោក លោក អ៊ា ចរិយា មានប្រសាសន៍ថា ខាងលោកក៏មិនទាន់ បូកសរុបរបាយការណ៍គ្រោះថ្នាក់ចរាចរនេះនៅឡើយ រង់ចាំរហូតដល់ពិធីចូលឆ្នាំបញ្ចប់។ លោកសម្ដែងការព្រួយបារម្ភថា ករណីគ្រោះថ្នាក់ចរាចរនឹងអាចកើតមានឡើងច្រើនដដែល នាឱកាសពិធី បុណ្យចូលឆ្នាំខ្មែរនេះ ដោយសារសមត្ថកិច្ចហាក់ដូចជាមិនរឹតបន្តឹង នៅតាមផ្លូវនានាដូចខ្លួនធ្លាប់បាន ប្រកាសនៅមុនពិធីចូលឆ្នាំបានមកដល់នោះទេ។ លោកបញ្ជាក់ថា ករណីនេះអាចថាសមត្ថកិច្ចឬ នគរបាលចរាចរប្រមូលគ្នាទៅរៀបចំនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តនាខែត្រសៀមរាប៖ «សំឡេង»។
ចំពោះបញ្ហាអគ្គិភ័យវិញ លោក នេត វន្ថា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ដើម្បីជៀសផុតពីបញ្ហាអគ្គិភ័យនេះ។ លោកបញ្ជាក់ថា នៅពេលខាងមុខប្រសិនបើប្រជាពលរដ្ឋ និងសមត្ថកិច្ចពន្លត់អគ្គិភ័យនឹងត្រូវប្រឈមមុខការដាក់ទោសទណ្ឌ បើសិននៅតែធ្វេសប្រហែសទៀត។
លោកពន្យល់ថា ភ្លើងឆេះផ្ទះនៅចាក់អង្រែលើដែលបង្កឲ្យឆេះផ្ទះជាង៥០ខ្នងនោះ ដោយសារតែនៅតំបន់នោះ ជាតំបន់សំណង់មិនរៀបរយ ហើយគ្មានផ្លូវសម្រាប់ឲ្យរថយន្តអគ្គិភ័យចូលទៅពន្លត់បាន។ លោកបន្ថែមថា រដ្ឋាភិបាលនឹងចេញអនុក្រឹត្យស្ដីពីការសាងសង់លំនៅឋានឲ្យមាននិយាម ឬស្តង់ដារ នៅពេលខាងមុខ៖ «សំឡេង»
លោក នេត វន្ថា អះអាងរថយន្តពន្លត់អគ្គិភ័យនៅទូទាំងប្រទេសមានចំនួន១១៨គ្រឿង ក្នុងនោះនៅរាជធានីភ្នំពេញមាន៤៨គ្រឿង។ ហើយរដ្ឋាភិបាលបានទិញរថយន្តពន្លត់អគ្គិភ័យនេះបន្ថែមជាង ១០០គ្រឿង (១១៣គ្រឿង) ទៀត ដែលនឹងយកមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះអគ្គីភ័យអំឡុងពេលចូលឆ្នាំចិន–វៀតណាម មានចំនួន ១៤លើកនៅទូទាំងប្រទេស បណ្ដាលឲ្យខូចខាតផ្ទះចំនួន ១២០ខ្នង។
រីឯរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន–វៀតណាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែកុម្ភៈ បានកើតឡើងចំនួន ៨០លើក សម្លាប់មនុស្ស ៤១នាក់ និងរបួសចំនួន ១៣៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អគ្គីភ័យបំផ្លាញផ្ទះជាង២០ខ្នងនៅចាក់អង្រែលើ
2016-04-14
វីដេអូ វិទ្យុអាស៊ីសេរី
អគ្គីភ័យបានបំផ្លាញផ្ទះជាង ២០ខ្នង ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ។ គេមិនទាន់ដឹងអំពីមូលហេតុនៃអគ្គីភ័យនេះនៅឡើយទេ ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងមនុស្ស៧នាក់ធ្លាក់ចូលកំពង់ចម្លងស្លាប់ទៅតុលាការ
- ខ្យល់កន្ត្រាក់និងភ្លៀងកក់ខែមួយមេធំប៉ះចំកណ្ដាលក្រុងប៉ៃលិន
- ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅពេលមានភ្លៀងកក់ខែ
- រដ្ឋាភិបាលអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណបើកបរអចិន្ត្រៃយ៍អាចប្រើប្រាស់១០ឆ្នាំទៀត
- ពលរដ្ឋពីរនាក់នៅខេត្តកំពង់ធំស្លាប់ក្រោយពេលចុះស្ដារអណ្ដូងទឹក
- ទូកដឹកអ្នកដំណើរនៅខេត្តព្រះសីហនុ១គ្រឿងជួបគ្រោះថ្នាក់លិចក្នុងសមុទ្រ
- ចំនួនអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅតែកើនឡើង
- “ភាពក្រីក្រធ្វើឱ្យពលរដ្ឋនៅតាមសហគមន៍ខ្វះលុយទិញមួកសុវត្ថិភាព”
- កម្មកររោងចក្រ៥នាក់ស្លាប់និងជិត៧០នាក់រងរបួសក្នុងហេតុការណ៍ក្រឡាប់ឡាន