យុវជន​ខ្មែរ​ចុះ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​​នៃ​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ ម៉ែន សុធីរ
2016-04-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

យុវជន​បរិស្ថាន​​ដនសាហុង ៨៥៥
ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន បាន​លើក​បដា​តវ៉ា​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ​ខាងមុខ​ផ្សារ​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Men Sothyr


យុវជន​មួយ​ក្រុម​ចុះ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។ ការ​ចុះ​ស្រាវជ្រាវ​នេះ ដើម្បី​បន្ត​តាម​ដាន​ពី​ដំណើរ​ការវិវឌ្ឍន៍​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដោយ​ប្រទេស​ឡាវ។ ក្រុម​យុវជន​ទទូច​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ចូល​រួម​ធ្វើ​យុទ្ធនាការ និង​អន្តរាគមន៍​ទប់ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដើម្បី​ធានា​និរន្តរភាព​ជីវចម្រុះ​ទន្លេ​មេគង្គ​រួម។

សកម្មជន​ការពារ​បរិស្ថាន នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឲ្យ​ដឹង​ថា ប្រទេស​ឡាវ នៅ​តែ​សម្រុក​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ទាំង​យប់​ទាំង​ថ្ងៃ នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយ​មាន​អាជ្ញាធរ​យាមកាម​តឹងតែង ហាក់​ដូចជា​ចង់​លាក់បាំង​ព័ត៌មាន​ពី​ការ​សាងសង់​ទំនប់។

ក្រុម​យុវជន​មើល​ឃើញ​ថា ចលនា​ប្រឆាំង​ទំនប់​វារីអគ្គិសនី​ដនសាហុង ពី​ភាគី​ពាក់ព័ន្ធ​ទាំង​ពលរដ្ឋ និង​សង្គម​ស៊ីវិល ហាក់​ទន់ជ្រាយ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ទំនប់​ដនសាហុង ដែល​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ភាគី​ឡាវ ផ្អាក​ការ​សាងសង់។ លើស​ពី​នេះ កិច្ច​សហប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​ដនសាហុង ក៏​ហាក់​នៅ​មាន​កម្រិត ខណៈ​គណៈកម្មការ​ទន្លេ​មេគង្គ និង​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​ឡាវ គោរព​ស្មារតី​កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥។

តំណាង​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត ដែល​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​មាន​លក្ខណៈ​ធំធេង​បំផុត ទាំង​សង្គម និង​បរិស្ថាន ហេតុ​នេះ​ក្រុម​យុវជន​បន្ត​ធ្វើ​យុទ្ធនាការ​ទៅ​ប្រទេស​អាស៊ាន ដែល​ផ្ដោត​សំខាន់​ឲ្យ​បញ្ឈប់​ទំនប់​វារីអគ្គិសនី​ដនសាហុង។ លោក​កត់សម្គាល់​ថា សន្ទុះ​ចលនា​ប្រឆាំង​ទំនប់​ដនសាហុង របស់​ភាគី​ពាក់ព័ន្ធ​កន្លង​មក ហាក់​ពុំ​មាន​ឥទ្ធិពល​ដល់​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លូកដៃ​ចូល​អន្តរាគមន៍​ឲ្យ​ឡាវ ពិចារណា​ផ្អាក​សាងសង់​ទំនប់​នោះ​ទេ។

លោក​សំណូមពរ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ច​សហប្រតិបត្តិការ រៀបចំ​វេទិកា​អន្តរជាតិ​ផ្សេងៗ ដើម្បី​រក​ដំណោះស្រាយ​ដាក់​សម្ពាធ​ឲ្យ​ឡាវ ផ្អាក​ការ​សាងសង់៖ «ខ្ញុំ​បារម្ភ​ពី​ក្រសួង​ពាក់ព័ន្ធ​គាត់​អត់​មាន​រវីរវល់ តើ​ត្រី​ងាប់​ដោយ​សារ​អី? គឺ​គាត់​អត់​ខ្វល់​តែម្ដង»

លោក ជុំ ហួត មើល​ឃើញ​ថា មាន​ការ​ប៉ះពាល់​ច្រើន​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ឆ្លង​ដែន ខណៈ​សន្ទុះ​នៃ​ដំណើរ​ការ​សាងសង់​ទំនប់​ដនសាហុង បាន​វិវឌ្ឍ​ទៅ​យ៉ាង​លឿន។ លោក​កត់សម្គាល់​ថា ការ​បង្ហូរ​កាកសំណល់​គ្រឿងចក្រ​ធ្យូង​ថ្ម​ចូល​ទន្លេ​នៅ​ខ្សែ​ទឹក​ខាង​លើ​របស់​ក្រុមហ៊ុន​សាងសង់​ទំនប់ កំពុង​គំរាមកំហែង​ជា​បណ្ដើរៗ​ដល់​ត្រី និង​សត្វ​ផ្សោត​នៅ​តំបន់​នោះ បន្ទាប់​ពី​ចំនួន​ត្រី​ងាប់​បាន​កើន​ឡើង។

លោក​កត់សម្គាល់​ទៀត​ថា កោះ​សាដាំ ឬ​កោះ​ហួសាដាំ និង​ច្រក​ហ៊ូសាហុង (Hu Sahong) ដែល​ជា​ច្រក​ទំនាក់ទំនង​គ្នា​រវាង​ឡាវ និង​ខ្មែរ ត្រូវ​បាន​បិទ​ទាំងស្រុង​បង្ក​ឲ្យ​រាំង​ខ្ទប់​លំហូរ​ទឹក​នៃ​ខ្សែ​ទឹក​ខាង​លើ ដែល​ធ្វើ​ប៉ះពាល់​ដល់​បំឡាស់​ទី​របស់​ត្រី និង​ត្រី​ពង៖ «ខ្ញុំ​ចំណាំ​មើល​ថា ត្រី​ងាប់​ពេល​ព្រឹក​ពេល​ថ្ងៃ និង​ពេល​ល្ងាច អ៊ីចឹង​មាន​ន័យ​ថា ប្រហែល​ជា​ឡាវ បំផ្ទុះ​ថ្ម​ដែល​ប៉ះពាល់​ដល់​ត្រី​បង។ កត់សម្គាល់​មែនទែន​គឺ​ពិតប្រាកដ មិន​មែន​ជា​ការ​ស្រមើស្រមៃ​ទេ គឺ​ខ្ញុំ​ឃើញ​ផ្ទាល់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា។ ទោះជា​យ៉ាង​ណា លោក​ធ្លាប់​មាន​ប្រសាសន៍​ថា កន្លង​មក​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា ធ្លាប់​ស្នើ​ឲ្យ​ភាគី​ឡាវ ធ្វើ​ការ​សិក្សា​ឡើង​វិញ​ពី​ផល​ប៉ះពាល់​ឆ្លងដែន ប៉ុន្តែ​ភាគី​ឡាវ អះអាង​ថា វា​គឺជា​ដែន​អធិបតេយ្យភាព​របស់​គេ។ លោក​បន្ត​ថា ប្រទេស​ថៃ និង​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ សិក្សា​បន្ថែម​ទៀត​ដែរ។

ទីប្រឹក្សា​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់សម្គាល់​ថា បើ​ទោះបី​ជា​ក្រុម​យុវជន​សហគមន៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា និង​រដ្ឋាភិបាល​ប្រឹងប្រែង​ទប់ស្កាត់​ការ​សាងសង់​ទំនប់​ដនសាហុង យ៉ាង​ណា​ក្ដី ក៏​រដ្ឋាភិបាល​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទុក្ខ​កង្វល់​របស់​ពួកគេ​ទៅ​ជជែក​ដោះស្រាយ​នោះ​ទេ។ លោក​មើល​ឃើញ​ថា ភាព​យឺតយ៉ាវ​នៃ​ការ​ប្រឆាំង​ការ​សាងសង់​ទំនប់​ដនសាហុង របស់​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ ហាក់​យឺត​ជាង​ដំណើរ​ការ​សាងសង់​ទំនប់​ដនសាហុង៖ «រដ្ឋាភិបាល​និង​គណៈកម្មការ​ទន្លេ​មេគង្គ​ជាតិ​ យើង អត់​ព្រម​យក​កង្វល់​របស់​សហគមន៍ ក៏​ដូចជា​កង្វល់​របស់​ក្រុម​យុវជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យក​ទៅ​ពិចារណា និង​ជំរុញ​កិច្ច​ការងារ​ហ្នឹង​ឲ្យ​ខ្លាំង ជា​ការ​បញ្ជាក់​មក​ថា មិន​មាន​ភាព​យក​ចិត្ត​ទុក​ដាក់ ហើយ​ការងារ​រដ្ឋបាល​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ជាតិ ហាក់​ដូចជា​ធ្វើ​ទៅ​អង្អែលៗ»

​របាយការណ៍​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (WWF) រក​ឃើញ​ថា នៅ​ពេល​ទំនប់​ដនសាហុង សាងសង់​ចប់​ជា​ស្ថាពរ វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពលរដ្ឋ​រស់​នៅ​អាស្រ័យផល​តាម​ដង​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម ក្នុង​មួយ​ឆ្នាំ​ប្រមាណ ១.៤០០​លាន​ដុល្លារ រហូត​ដល់ ៣.៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទំនប់​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ​មេគង្គ​ដល់​កម្រិត​លំហូរ​ទឹក​ទន្លេ​មេគង្គ ព្រម​ទាំង​បំផ្លាញ​ប្រព័ន្ធ​ផ្លាស់​ទី​របស់​ត្រី​នៅ​តំបន់​ទន្លេ​មេគង្គ​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles