ដោយ យ៉ង ចាន់តារា
2016-04-17
RFA

ស្ថានភាពចរាចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។ RFA/Ou Banung
![]()
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ បានថយចុះច្រើន បើប្រៀបធៀបនឹងឆ្នាំមុន ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើងទៅវិញ។ ការបើកបរហួសល្បឿនកំណត់ ជាមូលហេតុឈានមុខគេដែលបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះដល់ស្លាប់។ អង្គការសង្គមស៊ីវិល ជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែម ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលជាជំងឺរ៉ាំរ៉ៃក្នុងសង្គមកម្ពុជា។
របាយការណ៍របស់នាយកដ្ឋាននគរបាលនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៧ មេសា បង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨លើក ដែលបណ្ដាលឲ្យមនុស្សជិត ៥០នាក់ (៤៧នាក់) បាត់បង់ជីវិត និងជាង ២០០នាក់ផ្សេងទៀត (២០៧នាក់) រងរបួស។
តួលេខនេះបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា បានថយចុះ ២០ភាគរយ បើប្រៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ២០១៥ ដែលមានចំនួន ១២៣លើក។
ថ្វីត្បិតតែចំនួនគ្រោះថ្នាក់ត្រូវបានកាត់បន្ថយ ប៉ុន្តែចំនួនអ្នកស្លាប់បែរជាមានច្រើនជាងឆ្នាំមុនទៅវិញ។ កាលពីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៥ មានអ្នកបាត់បង់ជីវិត ៤៣នាក់ ដោយឡែកនៅឆ្នាំ២០១៦ នេះ មានអ្នកស្លាប់ដល់ទៅ ៤៧នាក់ ពោលគឺកើនឡើងចំនួន ៤នាក់។
ជុំវិញការកើនឡើងនៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង យល់ឃើញថា វាបណ្ដាលមកពីប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់បានយល់ដឹងច្បាស់អំពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍ ហើយពួកគេថែមទាំងបើកបរដោយបំពាន មិនខ្លាចគ្រោះថ្នាក់ទៀតផង។ ក្រៅពីនេះ លោកទម្លាក់ការទទួលខុសត្រូវមួយផ្នែកធំទៅលើមន្ត្រីអាជ្ញាធរ ដែលមិនបានទទួលខុសត្រូវពេញលេញចំពោះតួនាទីរបស់ខ្លួន និងឆកល្វែងក្នុងការអនុវត្តច្បាប់៖ «ឲ្យតែមានលុយ អាចទៅទិញឡានយកមកបើកបាន។ បើគ្មានគ្រូ ចេះតែបើកតាមគ្នា ត្រង់នេះហើយដែលធ្វើឲ្យយើងទាំងអស់គ្នាជួបប្រទះបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពិតមែនតែមានផ្លាកសញ្ញាចរាចរណ៍ សួរគាត់សាកមើល មានអ្នកឆ្លើយខុសរហូតដល់ទៅ ៩៧នាក់ មានតែ ៣នាក់ប៉ុណ្ណោះ ដែលច្បាស់លាស់»។
មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺដោយសារអ្នកបើកបរ បើកហួសល្បឿនកំណត់ បើកក្នុងស្ថានភាពស្រវឹង បើកប្រជែងគ្នា មិនគោរពសិទ្ធិអ្នកដទៃ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយគេង និងកត្តាយានយន្ត។ ក្នុងចំណោមមូលហេតុទាំងនេះ ការបើកបរហួសល្បឿនកំណត់ គឺជាកត្តាឈានមុខដែលផ្តាច់ជីវិតអ្នកបើកបរ ឬអ្នកដំណើរ (២៧នាក់)។ ចំណែកកត្តាពីរសំខាន់ទៀតដែលបណ្ដាលឲ្យមានអ្នកស្លាប់ដែរនោះ គឺបើកបរដោយស្រវឹង (៥នាក់) និងប្រជែងគ្នា (៨នាក់)។
ខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ច្រើនជាងគេ គឺខេត្តព្រៃវែង (៨នាក់) ខេត្តតាកែវ (៧នាក់) និងខេត្តកណ្ដាល (៦នាក់)។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង យល់ឃើញថា ការអប់រំពលរដ្ឋឲ្យយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺជាដំណោះស្រាយដែលត្រូវធ្វើព្រមគ្នា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើពលរដ្ឋត្រូវធ្វើបែបណាដើម្បីអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបាន?
- អ្នកជំនាញក្រើនរំឭកអ្នកបើកបរឲ្យគោរពច្បាប់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
- ក្រសួងមហាផ្ទៃអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ពលរដ្ឋរិះគន់សមត្ថកិច្ចច្រកទ្វារអន្តរជាតិប៉ោយប៉ែតថាមិនអើពើរៀបចំសណ្ដាប់ធ្នាប់
- ពលរដ្ឋស្នើអាជ្ញាធរខេត្តព្រះសីហនុចាត់វិធានការចំពោះរថយន្តចតគ្មានសណ្ដាប់ធ្នាប់
- លោក ខៀវ កាញារីទ្ធ ថាអ្នកបើកបរឡានឲ្យថ្នាក់ដឹកនាំមិនសូវយល់ដឹងពីច្បាប់ចរាចរណ៍
- អ្នកជំនាញបង្ហាញពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
- គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើតក្រុមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍
- កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហាញរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥
- នីតិវិធីគ្រប់គ្រងប្រាក់ចំណូលបានពីការផាកពិន័យអំពើល្មើសច្បាប់ចរាចរណ៍