តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 8:03 AM
http://vodhotnews.com

កំសាន្ដ

លោក រាជ បុរី កាលពីកន្លងទៅ


កាលពីយប់ថ្ងៃទី១៦ ខែមេសាមុននេះ តារាចម្រៀងនិងជាតារាសម្ដែងល្បីឈ្មោះគួរសមនៅក្នុងផលិតកម្មក្លាស៊ិក លោក រាជ បុរី ត្រូវបានសមាជិកគ្រួសារចេញមុខប្រកាសថាបានទទួលមរណភាពហើយ បន្ទាប់ពីលោកបានជួបឧបទ្ទវហេតុក្រឡាប់រថយន្តដ៏រន្ធត់មួយក្នុងពេលធ្វើដំណើរ។

លោក ហួស សុផល ម្ចាស់ក្លិបកម្សាន្តក្លាសិក ដែលត្រូវគេស្គាល់ថាជាសាច់ញាតិរបស់លោករាជ បុរី បានអះអាងប្រាប់VOD ថាលោករាជ បុរី ពិតជាបានស្លាប់មែន នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១៦ មេសា ក្នុងពេលតារារូបនេះធ្វើដំណើរតាមផ្លូវ ហើយក៏មានឧបទ្ទវហេតុក្រឡាប់ធ្លាក់ផ្លូវនៅតំបន់ប៉ោយប៉ែត។ លោកថាសាកសពរបស់លោករាជ បុរី ត្រូវបានដឹកចេញពីកន្លែងកើតហេតុ យកមកតម្កល់នៅវត្តចាក់អង្រែក្រោម ដើម្បីទុកធ្វើបុណ្យតាមប្រពៃណីនិងដើម្បីឲ្យអ្នកធ្លាប់រាប់អានលោក រាជ បុរី បានចូលរួមរំលែកទុក។ សពរបស់លោកត្រូវបូជានៅព្រឹកថ្ងៃទី១៨ខែមេសា។

លោកស្នើឲ្យមានការចូលរួមពីតារាសិល្បៈ ក្នុងពិធីបុណ្យសពនេះ ដោយអះអាងថាក្នុងពេលមានជីវិត លោករាជ បុរី គឺជាតារាចម្រៀង និងជាតារាសម្ដែងម្នាក់ដែលមានទស្សនិកជនមួយចំនួនគាំទ្រ និងមានតារាសិល្បៈភាគច្រើនស្រឡាញ់ចូលចិត្ត។ លោកបញ្ជាក់ថា រថយន្តដែលក្រឡាប់នោះមានអ្នកស្លាប់២នាក់ប៉ុណ្ណោះ ក្នុងចំណោម៥នាក់ដែលបានធ្វើដំណើរ ខណៈដែលម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង២ គឺមានម្នាក់ជាតារាចម្រៀងរាជ បុរី។

លោក រាជ បុរី ស្លាប់ដោយសារក្រឡាប់រថយន្ត (រូបថតពីហួស សុផល)
លោក រាជ បុរី ស្លាប់ដោយសារក្រឡាប់រថយន្ត (រូបថតពីហួស សុផល)

លោកនិយាយថា៖ “បុរីស្លាប់ហើយបង គឺគាត់ស្លាប់ដោយសារក្រឡាប់ឡាននៅប៉ោយប៉ែត គាត់ជិះបាឡែនគ្នា៥នាក់ ប៉ុន្តែពេលហ្នឹងស្លាប់តែគាត់ និងម្ដាយអ្នកបើក២នាក់ទេ ក្រៅពីនោះគេត្រឹមតែមានរបួសប៉ុណ្ណោះ!”។ លោកពោលដោយអួលដើមកថា៖ “បងអើយខ្ញុំនិយាយអត់ចង់ចេញទេ នៅពេលគាត់ស្លាប់ផុយៗអញ្ចឹង មុនហ្នឹងនិយាយគ្នាឲ្យកកោក សុំទោសបងខ្ញុំនិយាយអត់កើតទេ ខ្ញុំសុំរៀបចំសពគាត់សិន”។

នេះជាព័ត៌មានដ៏រន្ធត់ថ្មីមួយទៀត បន្ទាប់ពីតារាចម្រៀង និងជាអតីតតារាសម្ដែងអ្នកនាងហួត សារ៉ាវឌី ក៏ទើបនឹងមានដំណឹងថាទទួលមរណភាពទាំងរន្ធត់កាលពីថ្ងៃទី១៤ មេសា ធ្វើឲ្យផ្អើលពិភពហ្វេសប៊ុកផងដែរ។ លោកហួរ សុផល ថ្លែងថា លោករាជ បុរី ស្លាប់ក្នុងវ័យ៣០ឆ្នាំ និងបន្ទាប់ពីលោកទើបតែបានបើកហាងកាត់សក់យីហោ«រាជបុរីកាត់សក់បុរស» នៅជិតផ្សារទួលទំពូងក្រោមការជ្រោមជ្រែងរបស់លោក កាលពីមុនចូលឆ្នាំប៉ុន្មានសប្ដាហ៍។ លោកថាដ្បិតតែមួយរយៈចុងក្រោយលោករាជ បុរី មិនបានបង្ហាញខ្លួនលើឆាកទូរទស្សន៍ព្រោះតែគ្មានបទថ្មី ប៉ុន្តែតារារូបនេះនៅតែទទួលច្រៀង និងបង្ហាញម៉ូដនៅតាមកម្មវិធីខេត្តក្រុងមិនសូវដាច់នោះទេ ដោយសារតែលោកត្រូវការចំណូលពីការងារសិល្បៈដើម្បីជីវភាព។ លោកបានបង្ហោះទិដ្ឋភាពនៃការស្លាប់របស់លោករាជ បុរី ជាមួយពាក្យមួយឃ្លាថា«រាជបុរីស្លាប់ហើយ» ដោយក្រុមអ្នកលេងហ្វេសប៊ុកមួយចំនួននឹកស្មានថានោះជារូបសម្ដែងរបស់តារារូបនោះប៉ុណ្ណោះ ជាពិសេសនៅពេលមានការជជែកដេញដោល ហើយមិនមានការឆ្លើយតប។

គួរបញ្ជាក់ផងដែរថា លោករាជ បុរី គឺជាតារាល្បីឈ្មោះមួយរូបក្នុងពេលផលិតកម្មក្លាស៊ិកនៅដំណើរការផលិតចម្រៀងកាលពីប៉ុន្មានឆ្នាំមុន។ លោកបានចាប់ដៃគូជាមួយប្អូនស្រីលោកហួរ សុផល គឺនាងសុគន្ធ អារីយ៉ា ហើយបានទទួលការគាំទ្រយ៉ាងខ្លាំង ទាំងការច្រៀង និងសម្ដែងក្នុងរឿង ដែលផលិតដោយផលិតកម្មក្លាស៊ិក។ នៅក្នុងពិភពសម្ដែងគេស្គាល់លោកខ្លាំងតាមរយៈរឿង«សេដ្ឋីវ័យក្មេង»របស់ប៉ុស្ដិ៍លេខ៥ រឿង«ព្រះនាងព្រិលស» និងរឿង«ទាយាទអារីយ៉ា» ជាដើម។ បើទោះជាលោកក្នុងមួយរយៈចុងក្រោយមិនសូវមានមុខឡើងប៉ុស្ដិ៍ ប៉ុន្តែតាមរយៈការងាររបស់លោកនៅក្នុងក្លិបក្លាស៊ិកនៅតែធ្វើឲ្យលោកមានទំនាក់ទំនងច្រើននៅឡើយក្នុងពិភពសិល្បៈ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់"

  1. CountryStudent says:

    My condolence to you and family and please Rest in Peace