
ឈុតស្រ្តីមេម៉ាយ និងកូនប្រុស យកចេតិយខ្មោចជាជម្រក។ Youtube
Mon, 18 April 2016
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ភាពយន្តឯកសាររឿង «រស់ដោយសារខ្មោច» រយៈពេល ៧ នាទី ស្តីពីជីវិតដ៏សែនលំបាកនៃស្រ្តីមេម៉ាយវ័យ ៥៤ ឆ្នាំ និងកូនប្រុសដែលគ្មានទីជម្រក រស់នៅអាស្រ័យជាមួយនឹងមុខរបរដើររើសកំប៉ុង ដប អេតចាយលក់ ហើយបានយកចេតិយជាទីកន្លែងបញ្ចុះសពមកធ្វើជាលំនៅឋាននោះ បានចាក់បញ្ចាំងហើយនៅឯមជ្ឈមណ្ឌលបុប្ផាណា កាលពីថ្ងៃទី១១ ខែមេសាកន្លងមក។
រឿង «រស់ដោយសារខ្មោច ឬ Home Cemetery» គឺជាវណ្ណកម្មរបស់ កញ្ញា ងឿម ផល្លី ផលិតឡើងក្រោមគម្រោងពហុប្រព័ន្ធផ្សព្វផ្សាយ និងជាសមិទ្ធផលភាពយន្តឯកសារទី ១៥ របស់ផលិតកម្ម បុប្ផាណា ផងដែរ នៅឆ្នាំ ២០១៦ នេះ។

ទស្សនាភាពយន្ដឯកសាររឿង «រស់ដោយសារខ្មោច» បានតាមប្រព័ន្ធ YouTube។ ផា លីណា
កញ្ញា កាស៊ូមិ អារ៉ាយ គឺជាបុគ្គលិកផ្នែកទំនាក់ទំនងរបស់មជ្ឈមណ្ឌលបុប្ផាណាឲ្យដឹងពីគម្រោងថា៖ «មជ្ឈមណ្ឌលបុប្ផាណា បើកទូលាយសម្រាប់បច្ចេកវិទ្យាថ្មីៗ។ គំនិតផ្ដួចផ្ដើមដំបូងរបស់យើងគឺគម្រោងនៃភាពយន្តឯកសារឈ្មោះ «មួយដុល្លារ» ហើយបច្ចុប្បន្ននេះយើងក៏មានគម្រោងផ្សេងៗជាច្រើនទៀតក្នុងការរៀបចំនូវវគ្គបណ្ដុះបណ្ដាលក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។ យើងចង់គាំទ្រផងដែរនូវការផលិតខ្លឹមសារជាប្រព័ន្ធឌីជីថលនៅជុំវិញបញ្ហា ដែលគ្រប់ដេប៉ាតឺមង់របស់យើងជួបប្រទះរួមមានប្រវតិ្តសាស្ត្រ បេតិកភណ្ឌសិល្បៈ បរិស្ថាន និងការកែប្រែសង្គម។ បេសកកម្មរបស់យើង គឺចង់ឲ្យកម្ពុជា ក៏ដូចជា ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដែលអាចគ្រប់គ្រងនូវឧបករណ៍ ដូចជាប្រទេសអភិវឌ្ឍន៍ដែរ និងបោះជំហាននៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយ»។
បើតាមសាច់រឿងផលិតករបង្ហាញបានឲ្យឃើញថា តួអង្គស្រ្តីវ័យ ៥៤ ឆ្នាំឈ្មោះ សារ៉ាន់ គឺជាស្រ្តីមេម៉ាយ បន្ទាប់ពីប្តីស្លាប់ចោលគាត់ និងកូនប្រុសម្នាក់មានជំងឺប្រចាំកាយ ខណៈដែលគ្រួសារគាត់ គឺជា គ្រួសារមួយក្នុងចំណោម ៥៩ គ្រួសារនៃពលរដ្ឋក្រីក្រ ដែលត្រូវបានគេបណ្តេញចេញពីលំនៅឋានខ្លួនដោយគ្មានឲ្យប្រាក់សំណង។

ស្រ្តីមេម៉ាយ សារ៉ាន់ ដើររើសកំប៉ុង និងដប ក្នុងគំនរសំរាម។ Youtube
គ្មានជម្រើស ស្រ្តីមេម៉ាយ និងកូនប្រុស ក៏បានសម្រេចទៅរស់នៅជ្រកកោនក្រោមដំបូលចេតិយខ្មោចនៅក្នុងបរិវេណវត្តមួយ និងមានមុខរបរដើររើសអេតចាយតាមគំនរសំរាមតាមផ្លូវនានា ដោយមួយថ្ងៃគាត់អាចរកប្រាក់បានពីការលក់ កំប៉ុងភេសជ្ជៈ និងដបទឹកសុទ្ធ មិនដល់ ១ ដុល្លារ ឬស្មើ ៤០០០ រៀលផង។
ផលិតករស្រីវ័យ ២៦ ឆ្នាំ កញ្ញា ងឿម ផល្លី បានចាប់ផ្តើមការងារមួយនៅឯមជ្ឈមណ្ឌលបុប្ផាណា ជាអ្នកសរសេររឿង និងជាជំនួយការរបស់ផលិតករដែលផលិតរឿង «The Storm Makers» នៅឆ្នាំ ២០១១ ។
ឆ្នាំ២០១៤ កញ្ញា បានទទួលនូវការបណ្តុះបណ្តាលមួយឆ្នាំក្នុងកម្មវិធី Future Filmmakers របស់បុប្ផាណា៕