កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សម្រេចចូលបំភ្លឺនៅតុលាការ​នៅថ្ងៃស្អែក

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ | ម៉ោង 5:36 PM
http://vodhotnews.com

សិទ្ធិមនុស្ស

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា ​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)


កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកំពុងរងការចោទប្រកាន់ថាជាស្រីកំណាន់ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចចិត្តចូលខ្លួនបំភ្លឺនៅថ្ងៃស្អែក តាមការកោះហៅរបស់តុលាការ ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

បើតាមដីកាកោះចុះថ្ងៃទី១១ ខែ មេសា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានកោះហៅកញ្ញាស្រីមុំចូលបំភ្លឺនៅថ្ងៃទី១៩ ខែមេសា វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថាមានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់សមាគមអាដហុក កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ លើកឡើងថា កញ្ញាសម្រេចចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ប៉ុន្តែកញ្ញាមិនបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះកញ្ញានឹងត្រូវនិយាយអ្វីបានខ្លះនោះទេ។ កញ្ញាបន្ថែមថា៖ “ព្រោះថាខ្ញុំអត់ត្រូវថា អ្វីដែលខ្ញុំនិយាយ ព្រោះថាខ្ញុំអត់អាចត្រៀមបាន ព្រោះខ្ញុំថាពេលខ្ញុំទៅនៅថ្ងៃទី១៩ហ្នឹង គឺខ្ញុំគិតថាសម្រេចចិត្តខ្ញុំគ្រាន់តែគិតថាខ្ញុំសម្រេចនឹងទៅ ព្រោះមុននឹងក្រោយគឺខ្ញុំត្រូវចូលទៅបំភ្លឺចឹង”

មេធាវីការពារក្ដីឲ្យកញ្ញាស្រីមុំ គឺលោកស្រី ទ្រី ឈូន មានប្រសាសន៍ថា បើតាមការសិក្សាសំណុំរឿងលោកស្រីថា កូនក្ដីរបស់លោកស្រីមិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ។ ចំពោះការចូលបំភ្លឺនៅព្រឹកថ្ងៃស្អែកនេះ លោកស្រីថា លោកស្រីមិនការព្រួយបារម្ភនោះទេ។ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំអត់មានការបារម្ភទេ។ ឆ្លងកាត់ការសិក្សាសំណុំរឿងទៅ ខ្ញុំយល់ឃើញថា កូនក្ដីរបស់ខ្ញុំជាជនរងគ្រោះ”

គួរបញ្ជាក់ថា កាលថ្ងៃទី៨ ខែមេសា កញ្ញាស្រី មុំ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះឲ្យចូលបំភ្លឺម្ដងរួចហើយ ទាក់ទងនឹងករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។ តែដោយសារតែភាគីជាជនសង្ស័យមិនទាន់មានមេធាវីការពារក្ដីទើបស្នើសុំពន្យារពេលចូលបំភ្លឺ។

កន្លងទៅ ក្រុមអង្គការការពារសិទ្ធិស្ដ្រីបានចេញសេក្ដីថ្លែងការណ៍រួមថ្កោលទោសចំពោះការចេញខ្សែអាត់សំឡេងជាបន្តបន្ទាប់ និងចាត់ទុកការចេញដីកាកោះរបស់តុលាការនេះថាជាការចោទប្រកាន់គ្មានឈរលើមូលដ្ឋានច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់កញ្ញាស្រីមុំ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles