ដោយ ហ៊ុំ ចំរើន
2017-07-18
RFA

ប្រជាពលរដ្ឋតម្រង់ជួរចាំចុះឈ្មោះបោះឆ្នោតនៅការិយាល័យវត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ Photo Provided
![]()
ក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្ដេជ្ញាសហការគ្នាបំពេញការងាររបស់សង្កាត់ ដើម្បីបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះការប្ដេជ្ញានេះ។
ចៅសង្កាត់ស្ដីទីសង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ លោក កង សុខឿន ឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ថា ចាប់ពីអភិបាលក្រុងប៉ោយប៉ែត ប្រកាសតែងតាំងឲ្យលោកបំពេញការងារជាចៅសង្កាត់ស្ដីទីជំនួសឲ្យលោក ចៅ វាសនា ចៅសង្កាត់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារមក ការងារនៅក្នុងសង្កាត់មួយនេះដំណើរការដោយរលូន ដ្បិតអីទាំងក្រុមប្រឹក្សាសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សហការធ្វើការងាររួមគ្នាបានល្អ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៖ «ខ្ញុំបានប្ដេជ្ញាចំពោះប្រជាពលរដ្ឋហើយថា ខ្ញុំបម្រើប្រជាពលរដ្ឋដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយនោះទេ សំខាន់គឺជាតម្រូវការរបស់ពលរដ្ឋដែលច្បាប់កំណត់។ ខ្ញុំនឹងបំពេញជូនពួកគាត់»។
លោកបន្ថែមថា កាលពីថ្ងៃទី៦ ខែកក្កដា មានសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ៩នាក់ ដែលបានចូលរួមប្រជុំទាំង២គណបក្សនយោបាយមានមតិព្រមគ្នា សម្រេចអនុម័តបទបញ្ជាផ្ទៃក្នុងរបស់សង្កាត់ដើម្បីប្រើប្រាស់ជាផ្លូវការដោយពុំមានក្រុមប្រឹក្សាសង្កាត់គណបក្សបក្សណាជំទាស់ឡើយ។
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត គណបក្សប្រជាជនកម្ពុជា លោក យ៉ុត ម៉ៃយ៉ាន មានប្រសាសន៍ថា មូលហេតុដែលលោកសហការជាមួយក្រុមប្រឹក្សាបក្សប្រឆាំងគឺដើម្បីផលប្រយោជន៍របស់ពលរដ្ឋ៖ «ខ្ញុំប្រយោជន៍របស់ប្រជាពលរដ្ឋដោយពុំមិនគិតរឿងបុគ្គល ខ្ញុំធ្វើការទៅតាមនីតិវិធីដែលយើងបានចែក ហើយយើងនឹងបន្តការងារនេះទៅមុខទៀត»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សាទរទៅនឹងទង្វើរបស់ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ដែលសហការគ្នាធ្វើការងារដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋជាធំនេះថា ជាគំរូល្អមួយជំរុញឲ្យការអភិវឌ្ឍនៅក្នុងមូលដ្ឋានរីកចម្រើនបានឆាប់រហ័ស។
លោកស្នើឲ្យក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីទូទាំងប្រទេសមកពីគ្រប់គណបក្សនយោបាយគួរយកគំរូនេះទៅអនុវត្តដើម្បីការអភិវឌ្ឍប្រទេសជាតិ៖ «ព្រោះក្នុងនាមជាមន្ត្រីដែលទទួលភារៈបម្រើការងារនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ បើទោះជាពួកគាត់មកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ប៉ុន្តែតាមច្បាប់នៅពេលពួកគាត់ជាប់ឆ្នោតនៅក្នុងឃុំ-សង្កាត់ គឺជាមន្ត្រីសាធារណៈដែលត្រូវតែបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋដោយមិនរើសអើង»។
ចៅសង្កាត់ប៉ោយប៉ែត ស្ដីទី លោក កង សុខឿន នឹងបន្តតំណែងជាចៅសង្កាត់មួយនេះ រហូតលោក ចៅ វាសនា ចេញពីពន្ធនាគារ។
សង្កាត់ប៉ោយប៉ែត មានសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ១១នាក់ គឺមកពីគណបក្សសង្គ្រោះជាតិ ៨នាក់ និងគណបក្សប្រជាជនកម្ពុជា ៣នាក់៕