ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ថា​ការ​ដោះស្រាយ​នៅ​អគារ​ប៊ូឌីង​ថា​ជា​យន្តការ​ដោះស្រាយ​គំរូ

ដោយ ឡេង ម៉ាលី
2017-07-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​អគារ​ប៊ូឌីង នៅ​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Brach Chev
ទិដ្ឋភាព​អគារ​ប៊ូឌីង នៅ​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។ RFA/Brach Chev


បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​វិវាទ​រ៉ាំរ៉ៃ​ដោះស្រាយ​មិន​ដាច់​ស្រេច និង​អូស​បន្លាយ​រាប់​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មើល​ឃើញ​ការ​ដោះស្រាយ​បញ្ហា​នៅ​អគារ​ស ឬ​ហៅ​ថា​អគារ​ប៊ូឌីង ជា​យន្តការ​ដោះស្រាយ​បាន​ឆាប់​រហ័ស។

ទាំង​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុទ្ធតែ​បញ្ចេញ​ទស្សនៈ​សាទរ​ចំពោះ​យន្តការ​ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​នៅ​អគារ​ស ហៅ​ថា​អគារ​ប៊ូឌីង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ថា​ជា​យន្តការ​ល្អ​មួយ។

តំណាង​អ្នក​បឹងកក់ ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​តាំង​ពី​ឆ្នាំ​២០១១ គឺ​លោកស្រី បូវ សោភា សរសើរ​ដល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​អគារ​ស ហៅ​អគារ​ប៊ូឌីង ថា​ជា​ការ​គិត​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ៖ «»

លោកស្រី​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​អ្នក​ភូមិ​បឹងកក់​សរុប​ចំនួន ២៥​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ចប់។

ដោយឡែក​អ្នក​បុរីកីឡា​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់​អ្នកស្រី ស៊ុយ សុផាន ក៏​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចប់​ដែរ។ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​រស់នៅ​បុរីកីឡា ១៤​គ្រួសារ​ទៀត​ដែល​នៅ​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ។

ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​នៅ​អគារ​ប៊ូឌីង តំណាង​សហគមន៍​បុរីកីឡា​ដែល​នៅ​សេសសល់ គឺ​លោកស្រី សរ ស៊ន មាន​ប្រសាសន៍​ថា លោកស្រី​ចង់​បាន​ការ​ដោះស្រាយ​ដូច​គ្នា​នេះ​ដែរ ព្រោះ​ជា​ការ​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន៖ «»

ទន្ទឹម​គ្នា​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ប៉ះពាល់​នៅ​អគារ​ប៊ូឌីង ថា​ជា​គំរូ​ដែល​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​ជា​យូរ​មក​ហើយ៖ «»

ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ចំពោះ​ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​មួយ​ចំនួន​កន្លង​ទៅ សុទ្ធតែ​បន្សល់​ទុក​ភាព​មិន​ដាច់​ស្រេច ហើយ​មិន​ទទួល​យក​បាន​គ្រប់​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​នៅ​បន្ត​ការ​តវ៉ា តួយ៉ាង​ដូចជា​អតីត​អ្នក​បឹងកក់​ម្នាក់ គឺ​លោកស្រី ស៊ា ណារ៉េត ដែល​តែង​ចេញ​ទាមទារ​រក​សំណង​បន្ថែម​ទៀត​ពី​សាលា​រាជធានី​ភ្នំពេញ៖ «»

ក្រៅ​ពី​អ្នក​បឹងកក់ បុរីកីឡា សហគមន៍​ថ្មគោល អេស.អូ.អេស (SOS) និង​អ្នក​ទៅ​នៅ​ទីតាំង​ភ្នំ​បាត ឯ​ខេត្ត​កណ្ដាល និង​ពលរដ្ឋ​ដែល​រស់នៅ​តាម​សងខាង​ផ្លូវ​រថភ្លើង​ចំនួន ៨​សហគមន៍​នៅ​ខណ្ឌ​ទួលគោក ក៏​កំពុង​បារម្ភ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល​ដែរ។ ពួក​គាត់​សុទ្ធតែ​ចង់​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​សំណង​សមរម្យ​ទទួល​យក​បាន​តាម​គំរូ​នៅ​អគារ​ប៊ូឌីង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles