សមត្ថកិច្ច​រកឃើញ​ទណ្ឌិត​គំរាម​ទារ​ប្រាក់​ចេញ​ពី​ពន្ធនាគារ

សមត្ថកិច្ច​រកឃើញ​ទណ្ឌិត​គំរាម​ទារ​ប្រាក់​ចេញ​ពី​ពន្ធនាគារ។ រូបថត Fresh News




ភ្នំពេញប៉ុស្តិ៍

កណ្តាលៈ ​បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​សមត្ថកិច្ច​បាន​រកឃើញ​ជនសង្ស័យ​ជា​ទណ្ឌិត​ម្នាក់​ដែល​មាន​លទ្ធភាព​លេង​ហ្វេសប៊ុក​នៅ​ក្នុង​ពន្ធនាគារ ហើយ​បាន​គំរាម​បង្ហោះ​វីដេអូ​អាក្រាតកាយ​របស់​ស្ត្រី​ម្នាក់​ដែល​បាន​លង់​ស្នេហ៍​លើ​ទណ្ឌិត​រូប​នោះ​ប្រសិន​បើ​ស្ត្រី​រូប​នោះ​មិន​ផ្ញើ​ប្រាក់​ឲ្យ​ខ្លួន​ចំនួន​ ៥ ​ពាន់​ដុល្លារ​។

លោក​ អ៊ាវ ចំរើន ស្នងការ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រោយ​ពេល​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស.ណ.ជ អាយុ ៤៥ ឆ្នាំ​រួច​មក​សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​ស្រាវជ្រាវ​រយៈពេល​ ៥ ​ថ្ងៃ និង​បាន​រកឃើញ​ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ យ៉ែម ប្រុស អាយុ​ ៤៣ ​ឆ្នាំ​ដែល​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ដែល​ជន​នេះ​បាន​គំរាម​ថា​នឹង​បង្ហោះ​វីដេអូ​អាក្រាត​របស់​ស្ត្រី​ខាង​លើ បើ​សិន​ជា​ជនរងគ្រោះ​មិន​ផ្ញើ​ប្រាក់​ឲ្យ​ខ្លួន​។

ការ​ស្រាវជ្រាវ​រហូត​ដល់​កំណត់​បាន​មុខ​សញ្ញា​ខាង​លើ​នេះ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ដែល​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ដោយ​បាន​លើក​ឡើង​ថា​កាលពី​ចុង​ខែ​មិថុនា​ម្ចាស់​ហ្វេសប៊ុក​ម្នាក់​មាន​អាខោន​ឈ្មោះ Pros Na បាន​ធ្វើ​ជា​មិត្តភក្តិ​របស់​នាង​តាម​ហ្វេសប៊ុក​។

ក្រោយ​ពេល​បាន​ស្គាល់​គ្នា​ហើយ​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ ឈ្មោះ​នេះ​បាន​ឲ្យ​នាង​ថតរូប​អាក្រាត​ផ្ញើ​ឲ្យ​គេ​។ ក្រោយ​ពេល​ផ្ញើ​ហើយ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​ឈ្មោះ​នេះ​បាន​ទូរស័ព្ទ​មក​ទារលុយ ៣ ពាន់​ដុល្លារ ប៉ុន្តែ​នាង​បាន​ផ្ញើ​ឲ្យ​តែ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កក្កដា​ឈ្មោះ​នេះ​បាន​ទូរស័ព្ទ​មក​ម្តង​ទៀត​ដោយ​ទារ​ប្រាក់​ ៥ ​ពាន់​ដុល្លារ និង​គំរាម​បង្ហោះ​រូប​តាម​ហ្វេសប៊ុក បើ​សិន​ជា​នាង​មិន​ព្រម​ឲ្យ​។

ប៉ុន្តែ​លោក អ៊ាវ ចំរើន បាន​បញ្ជាក់​ថា​ជនសង្ស័យ​ជា​ទណ្ឌិត​រូប​នេះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង Line ដើម្បី​ធ្វើ​សកម្មភាព​អាក្រាត​កាយ​រៀងៗ​ខ្លួន​ជាមួយ​ស្ត្រី​រងគ្រោះ​។ ឆ្លៀត​ពេល​នោះ​ជន​នេះ​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​មក​ថត​សកម្មភាព​ដើម្បី​ទុក​គំរាម​ទារ​ប្រាក់​។

លោក​បាន​បញ្ជាក់​ថា​ តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជនសង្ស័យ​ យ៉ែម ប្រុស បាន​ប្រាប់​ថា​ខ្លួន​ជាប់​ពន្ធនាគារ​ក្នុង​បទល្មើស​ប្លន់ ៨ ​ករណី​ដែល​ត្រូវ​ជាប់​ពន្ធនាគារ ១០ ​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ​ ២០១០ នៅ​ពន្ធនាគារ​ខេត្ត​កំពត​ហើយ​ត្រូវ​បាន​ផ្ទេរ​មក​កាន់​ខេត្ត​ព្រៃវែង​។

ជន​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​៖ «​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ពេល​ដែល​រូប​ខ្ញុំ​ចេញ​មក​ក្រៅ​បន្ទប់​ឃុំឃាំង​គឺ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​បាន ពីព្រោះ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក អ៊ុំ រ៉ាយឿង ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង កន្លង​មក​ខ្ញុំ​ធ្លាប់​ទិញ​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​គាត់​។ នៅ​ក្នុង​ពន្ធនាគារ​ខ្ញុំ​បាន​ប្រើប្រាស់​ទូរស័ព្ទ​ ៣ ​គ្រឿង និង​កុំព្យូទ័រ Laptop មួយ​គ្រឿង​»​។

ជនសង្ស័យ​បន្ត​ថា ខ្លួន​បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ចំនួន​ ៥ ដែល​មាន​ឈ្មោះ pros na, Bong rin, Sothea ra, ឈ្មោះ បឺតភា កូនម៉ាក់មុំ​, និង​ឈ្មោះ Chang Chang​។ នៅ​ពេល​គំរាម​ឲ្យ​ស្ត្រី​រងគ្រោះ​ផ្ញើ​ប្រាក់ ៥០០ ​ដុល្លារ​តាម​វីង ខ្លួន​បាន​ឲ្យ​មន្ត្រី​ពន្ធនាគារ​ម្នាក់​ឈ្មោះ ចែ ម៉ៅ ទៅ​បើក​លុយ​មក​ឲ្យ​ខ្លួន ហើយ​ក្រោយ​មក​បាន​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​ ២០ ​ដុល្លារ​ទៀត​ដោយ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ឈ្មោះ គង់ ជា​អ្នក​ទៅ​បើក​។

លោក អ៊ាវ ចំរើន បាន​បន្ត​ថា​៖ «​នៅក្នុង Laptop ជនល្មើស​នៅ​មាន​រូប​វីដេអូ​អាក្រាត​របស់​នារី​ដែល​វា​ទាក់ទង​ស្នេហា​មិន​ក្រោម ៥-៦ នាក់​ទៀត​ហើយ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ជនល្មើស​មាន​មិត្តភក្តិ​សុទ្ធ​តែ​ជា​នារី​ក្នុង​មួយ​គណនី​ជាង​ ១៥០ ​នាក់​ផង​ដែរ​»​។

យោង​តាម​ហ្វេសប៊ុក​អាខោន​មួយ​ដែល​មាន​ឈ្មោះ Pros Na មាន​មិត្តភក្តិ​ជា​ស្ត្រី​ចំនួន ១២៤ នាក់​ដែល​ស្ទើរតែ​ជា​ស្ត្រី​ទាំងអស់​។ អាខោន​ហ្វេសប៊ុក​នេះ​បាន​កំណត់​ទីតាំង​ថា​នៅ​ខេត្ត​ព្រៃវែង​។

ហ្វេសប៊ុក​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា «​បឺតភា​កូន​ម៉ាក់​មុំ​» មាន​ដាក់​រូប​ជន​សង្ស័យ​ខាង​លើ និង​មាន​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​ជាង​ ៤០ ​ឆ្នាំ​។

លោក​ស្នងការ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា​លោក​មិន​ដឹង​ថា​ឈ្មោះ​នេះ​បាន​ប្រព្រឹត្ត​អំពើ​បែប​នេះ​តាំងពី​ពេល​ណា​ទេ​។ លោក​ថា​ជនសង្ស័យ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង​ ខណៈ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​។

លោក​ថ្លែង​ថា​៖ «​មុខ​សញ្ញា​វា​នៅ​ក្នុង​គុក​ស្រាប់​ហើយ មិន​ចាំបាច់​ទៅ​ចាប់​ទេ វា​ជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោស​។ ទាក់ទង​នឹង​មន្ត្រី​ពាក់ព័ន្ធ​ហ្នឹង​អាស្រ័យ​លើ​អង្គភាព​របស់​គាត់​ហើយ​ទី​ពីរ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ ក្នុង​ចំណោម​ជនរងគ្រោះ​ ៥ ​ទៅ​ ៦ ​នាក់ អត់​មាន​អនីតិជន​ទេ​។ ខ្ញុំ​មើល​ទៅ​សាច់​ឈាម​គាត់​អាយុ​ប្រហែល​ជា ៣០ ឬ ៤០ ជាង ឬ​ក្រោម​ ៥០ ​ឆ្នាំ​ភាគច្រើន​មេម៉ាយ​។ នៅ​ពេល​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ហើយ​ប្រធាន​អយ្យការ​ប្រហែល​លោក​ឲ្យ​បំផ្លាញ​ចោល​ហើយ​មិន​ទុក​ទេ ព្រោះ​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​គាត់​»​។

លោក​ នុត សាវនា អគ្គនាយករង​ពន្ធនាគារ​ថ្លែង​ថា​មន្ត្រី​របស់​លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​នេះ​ក្នុង​សប្តាហ៍​នេះ​ហើយ​ថា​អ្នក​ដែល​ពាក់ព័ន្ធ​អាច​ប្រឈម​បទ​សម្រួល​ដល់​ជនល្មើស​ដើម្បី​ប្រព្រឹត្ត​បទល្មើស​។

លោក​ថ្លែង​ថា​៖ «​ទី​មួយ​សុទ្ធតែ​ជា​រឿង​បទល្មើស​ពាក់ព័ន្ធ​ព្រហ្មទណ្ឌ សម្រួល​ដល់​ការ​ប្រើប្រាស់​វត្ថុ​ហាមឃាត់​នៅ​ក្នុង​ពន្ធនាគារ​មួយ​ទៀត​បណ្ដោយ​ឲ្យ​ជន​ជាប់​ឃុំ​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្តល់​ជា​មធ្យោបាយ​អនុញ្ញាត ឬ​ផ្តល់​ឱកាស​ធ្វើ​ឲ្យ​វា​អាច​ប្រព្រឹត្ត​បទល្មើស​បាន​អាហ្នឹង​វា​ជាប់​ពាក់ព័ន្ធ​ដែរ​។ អាហ្នឹង​ទាំង​បទល្មើស​ព្រហ្មទណ្ឌ ទាំង​បទល្មើស​រដ្ឋបាល ហើយ​ខ្ញុំ​កំពុង​តែ​រៀបចំ​ដើម្បី​ចុះ​ទៅ​ធ្វើ​ការងារ​ហ្នឹង​»​។

ទោះ​យ៉ាង​ណា​ លោក​ សាវនា មាន​ការ​មិន​ពេញ​ចិត្ត​ដែល​សមត្ថកិច្ច​បាន​បញ្ចេញ​ព័ត៌មាន​នេះ​ជា​សាធារណៈ​។

លោក ជួប សារីម ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ម្សិលមិញ​៕


Contact author: នៀម ឆេង

What Next?

Recent Articles