សកម្មជន​បក្ស​សង្គ្រោះជាតិ​ ​រិះ​គន់​តុលាការ​​គ្មាន​ដាក់​​បាវចនាជាតិ

លោក អ៊ុក ពេជ្រសំណាង ពេល​ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​នា​ពេល​កន្លង​មក។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ដែល​ជាប់​​ចោទ​ពីបទ​ដឹក​នាំ​បាតុកម្ម​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី​ កាល​ពី​ឆ្នាំ​​ ២០១៤ ហើយ​បាន​ដល់​ឆ្នាំ​ត្រូវ​ដោះ​លែង​ ប៉ុន្តែ​នៅ​បន្ត​ជាប់​ពន្ធនាគារ​ក្នុង​បទ​ចោទ​ ៥ ​ទៀត​បាន​រិះគន់​​តុលាការ​កំពូល​ពី​ការ​មិន​ដាក់​បាវចនា​ក្នុង​បន្ទប់​សវនាការ ខណៈ​ស្ថាប័ន​នេះ​ជា​តំណាង​​ឲ្យ​យុត្តិធម៌​របស់​ប្រទេស។

ថ្លែង​ក្នុង​បន្ទប់​មុន​ពេល​បើក​សវនាការ លោក អ៊ុក ពេជ្រ​សំណាង បាន​​រិះគន់​ខ្លាំងៗ​ដល់​តុលាការ​និង​រដ្ឋាភិបាល​ថា៖ «បាវចនា​តំណាង​ឲ្យ​ជាតិ​តែ​បើ​ស្ថាប័ន​មួយ​គ្មាន​បាវចនា​ត្រឹមត្រូវ​ទេ​នោះ​នយោបាយ​ប្រទេស​ជាតិ​ក៏​ពិបាក​ដែរ។ ក្នុង​បន្ទប់​សវនាការ​គ្មាន​ដាក់​តាំង​បាវចនាជាតិ​ទេ​ បើ​តុលាការ​​គ្មាន​ស្ថិរភាព​បែប​នេះ​ អីចឹង​ចង់​ចោទ​ឬ​យក​អី​មក​ដាក់​ក៏​បាន​ដែរ។ ឯ​ប្រទេស​មាន​តែ​ការ​ធ្វើ​ទារុណកម្ម​ដោយ​សារ​តែ​នយោបាយ​ឆ្កួត។

លោក​ថា៖ «អ្នក​ដែល​មិន​ហ៊ាន​តវ៉ា​ គឺ​អ្នក​នោះ​បាន​សុខ​ខ្លួន​ តែ​បើ​អ្នក​ហ៊ាន​តវ៉ា​បាន​ដេក​គុក។​ មុខ​​ពួក​ឯង​នេះ​បាន​តែ​កាត់​ទោស​ជាមួយ​អ្នក​ស្នេហា​ជាតិ​ទេ​ ហើយ​បើ​​កាត់​ក្តី​លើ​ឧក្រិដ្ឋ​ជន​វិញ​អ្នក​ឯង​​ស៊ី​លុយ​គេ​ហើយ។ យើង​ដឹង​ហើយ​ថា​ ថ្ងៃ​នេះ​តុលា​ការ​មិន​បាន​កាត់​ក្តី​ឲ្យ​យើង​បាន​ត្រឹម​ត្រូវ​ទេ។

លោក អ៊ុក ពេជ្រ​សំណាង ត្រូវ​តុលា​ការ​ថ្នាក់​ក្រោម​ចោទ​​ក្នុង​ ៦ ​បទ​ល្មើស​ពាក់ព័ន្ធ​បទ​ចូល​រួម​បាតុកម្ម​នៅ​ខាង​ជើង​នាគ​បាញ់​ទឹក​ក្បែរ​​ផ្ទះ​​លោក​នាយក​រដ្ឋមន្រ្តី​​កាល​ពី​ថ្ងៃ​ទី​ ២០ ​​ខែ​ តុលា ​ឆ្នាំ​ ២០១៤ ហើយ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ផ្តន្ទា​ទោស​ ២ ​ឆ្នាំ​ចោទ​ពី​បទ​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ និង​​ពិន័យ​ប្រាក់​ ៤ ​លាន​រៀល​ចូល​ថវិកា​រដ្ឋ​និង​បង្គាប់​ឲ្យសង​ជំងឺ​ចិត្ត​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ​ម្នាក់​ឈ្មោះ​ គឹម វុត្ថា ចំនួន​ ១០ លាន​រៀល។

យ៉ាង​ណាក្ដី​សំណុំ​​រឿង​នេះ​ក្រោយ​ពី​អនុវត្ត​ទោស​ចប់​ត្រូវ​តុលា​ការ​ដោះលែង​នៅ​ថ្ងៃ​ទី​១១​ខែ​​វិច្ឆិកា​ឆ្នាំ​២០១៦។ ប៉ុន្តែ​តុលា​ការ​បាន​លើក​រឿង​នេះ​មក​ជំនុំ​ជម្រះ​ថ្ងៃ​នេះ​តាម​បណ្តឹង​របស់​លោក​ អ៊ុក ពេជ្រសំណាង ដែល​គាត់​ចង់​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ថា​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​តុលាការ​ឡើយ។

គួរ​រំឭកថា កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​តុលា​ឆ្នាំ​ ២០១៤ មាន​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ​ប្រមាណ​ ១០០ ​នាក់​បំណង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកា​ល័យ​​លោក​នាយក​រដ្ឋមន្រ្តី​ក្បែរ​វិមាន​ឯករាជ្យ។ ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​និង​នគរបាល​ចរាចរណ៍​​រា​រាំង​ផ្លូវ​ តែ​ត្រូវ​លោក​ អ៊ុក ពេជ្រសំណាង ដែល​បើក​ម៉ូតូ​កង់​បី​បាន​បើក​បុក​បារ៉ាស​ហើយ​ក៏​មាន​ការ​វាយ​តប់​គ្នា​ជាមួយ​កង​សន្តិសុខ​ផងដែរ។

លោក​ព្រះរាជ​អាជ្ញា​ ចាន់​ តារា​រស្មី​ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ តាម​អង្គ​ហេតុ​​ មាន​កង​សន្តិសុខ​ ៥ ​នាក់​បាន​ប្តឹង​ជន​ជាប់​ចោទ​ហើយ​តាម​ចម្លើយ​របស់​ក្រុម​ជន​រង​គ្រោះ​ថា​នៅ​ថ្ងៃ​នោះ​​ពួកគេ​បាន​ដាក់​បារ៉ាស​មិន​ឲ្យ​ក្បួន​ហែរ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​ជិះ​បំបុក​បារ៉ាស​ហើយ​វាយ​ពួក​គេ​ឲ្យ​របួស​ដែល​ត្រូវ​ព្យាបាល​អស់​ពី​ ៤០០ ទៅ​ ៧០០ ​ដុល្លារ។

លោក​បន្ត​ថា៖ «តាម​សាក្សី​ជា​សន្តិសុខ​និង​ប៉ូលិស​រួម​អង្គ​ហេតុ​បញ្ជាក់​ថា​ ជន​ជាប់​ចោទ​ពិត​ជា​បាន​ប្រព្រឹត្ត​​ដូច​ការ​ចោទ​មែន។​ ខ្ញុំ​សូម​ក្រុម​ប្រឹក្សា​ពិចារ​ណា​រឿង​នេះ​និង​តម្កល់​សាល​ដីកា​របស់​សាលា​​ឧទ្ធរណ៍​នៅ​ដដែល»។

លោក​ លី​ សុចិត្រា មេធាវិ​ការពារ​សិទ្ធិ​ឲ្យ​លោក​ អ៊ុក​ ពេជ្រ​សំណាង ​សន្និដ្ឋាន​ថា​ រឿង​នេះ​កូន​ក្តី​លោក​គ្រាន់​តែ​ដឹក​នាំ​ក្រុម​ពលរដ្ឋ​​ទៅ​ដាក់​ញាត្តិ​ប៉ុណ្ណោះ​​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ ព្រះវិហារ ប៉ុន្តែ​ពេល​រុញ​ច្រាន​គ្នា​នោះ​កូនក្តី​លោក​ត្រូវ​កង​សន្តិសុខ​វាយ​បែក​ក្បាល​និង​របួស​ដង​ខ្លួន​យ៉ាង​ដំណំ។

លោក​ថ្លែង​ថា៖ «ក្នុង​រឿង​នេះ​ពុំ​មាន​សាក្សី​ណា​បញ្ជាក់​ថា​ កូន​ក្តី​ខ្ញុំ​ប្រព្រឹត្ត​ទេ​ ឯ​តុលាការ​ដាក់​ទោស​កូន​ក្តី​​ខ្ញុំ​ធ្វើ​តាម​តែ​បណ្តឹង​របស់​កង​សន្តិសុខ​ប៉ុណ្ណោះ។ ខ្ញុំ​សូម​តុលាការ​ពិចារណា​ឲ្យ​កូនក្តី​ខ្ញុំ​រួច​ផុត​ពី​សំណង»។

ក្រោយ​ជំនុំ​ជម្រះ​លោក​ចៅ​ក្រម​​ ឃឹម ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថ្លែង​ថា សាល​ដីកា​​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២ ​ខែ​តុលា ឆ្នាំ ២០១៧៕

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​សង្គ្រោះជាតិ​ ​រិះ​គន់​តុលាការ​​គ្មាន​ដាក់​​បាវចនាជាតិ"

  1. people says:

    Veitcong court is controlled by veitcong mafia dictator one eye veitcong mafia dictator one eye is controlled by veitcong germs ‘veitcong germs controlled by angka lour in ha noi so don’t expect justice in this veitcong puppet government ‘ No way unless have a green light from hanoi ‘look at this veitcong court never obey constitution or law&order so people must think and study from the pass and present and thinking about future’ all kon khmer must wake up. GOD bless all cambodian people’