
រូបថតពីវិដេអូចម្រៀង ដែលច្រៀងដោយលោក ហ៊ុយ ឧត្តម កាលពីឆ្នាំ ២០១៣។
Tue, 26 September 2017
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ក្រចេះ៖ ចៅក្រមស៊ើប សួរសាលាដំបូងខេត្ត ក្រចេះ បានសម្រេចដោះលែងបុរសអ្នកខេត្ត កំពង់ស្ពឺម្នាក់ដែលបានច្រៀងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបុរសនេះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយតុលាការសាលាដំបូងខេត្ដ ក្រចេះ ទាក់ទងទៅនឹងវីដេអូមួយដែលបុរសជាប់ចោទបានច្រៀង កាលពីឆ្នាំ ២០១៣ ដែលបានច្រៀងរៀបរាប់ រិះគន់ដល់គោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្រោយមកគាត់ក៏បានច្រៀងសុំទោសវិញ។
លោក ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បានបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តក្រចេះដោះលែងជនត្រូវចោទ បន្ទាប់ពីគាត់បានសុំទោសចំពោះសកម្មភាពជាយុវវ័យរបស់គាត់ ដោយសំដៅដល់គណបក្សប្រឆាំងផងដែរ។
គាត់បានច្រៀងថា៖ «ខ្ញុំពិតជាអៀនខ្មាសណាស់ដែលបានខ្ញុំជេរប្រមាថពូ [ហ៊ុន សែន] ហើយគណបក្សប្រឆាំងតែងតែញុះញង់ [ប្រជាជន] ឱ្យជេរប្រមាថពូ»។
នៅក្នុងដីកាបង្គាប់ឲ្យដោះលែងនោះបានបញ្ជាក់ថា៖ «យើង ថាន់ ឃុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បង្គាប់ឲ្យលោកប្រធានពន្ធនាគារខេត្តក្រចេះ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុយ ឧត្តម អាយុ ២៩ ឆ្នាំ….ដែលត្រូវចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តិនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីខែ កញ្ញា ឆ្នាំ ២០១៣»។
លោក ហ៊ុយ ឧត្តម បានឱ្យដឹងថា ក្នុងឡុងឆ្នាំ ២០១៣ កាលណោះគាត់ដើរតែមួយច្រកតួច មិនបានបើកចិត្តឲ្យទូលំទូលាយទេកាលនោះ គាត់នៅក្មេង ជាយុវវ័យ ឈាមរាវ គិតថាសម្តេច ហ៊ុន សែន បញ្ជាពីលើមកធ្វើបាបរាស្ត្រ រឹបអូសដីរាស្ត្រ និងបានឃើញរូបភាពតាម បណ្តាញហ្វេសប៊ុកខ្លះៗ ពេលនោះគាត់ក៏កើតចិត្តអាណិតប្រជាពលរដ្ឋ ដូច្នេះក៏បានតែងជាបទចម្រៀងមួយដើម្បី បញ្ចេញកំហឹងថាឈឺចាប់ ចំពោះការបាត់បង់ដីធ្លីទាំងនោះ។
លោក ឧត្តម បន្តថា៖ «ខ្ញុំមិនមានគម្រោងអ្វីផ្សេង ឬបង្កើតជាសមាគមឬសមាជិកណាដើម្បីផ្តួលរំលំរដ្ឋាភិបាលអីគឺអត់ទេ … ពីព្រោះកាលហ្នឹងខ្ញុំជាយុវវ័យនៅក្មេង អត់ចេះដឹង អត់គិតច្រើន គឺដើរផ្លូវណាដើរផ្លូវហ្នឹង។ បើនិយាយពីបទចម្រៀងហ្នឹងថានិយាយពីអត្ថន័យគឺមិនត្រឹមត្រូវហើយខ្ញុំក៏មានការសោកស្តាយមួយដែរ ដែលពីមុនខ្ញុំបានធ្វើអញ្ចឹង ខ្ញុំបានប្រព្រឹត្តនូវកំហុស ឆ្គងមួយដោយបានជេរប្រមាថ វាយប្រហារ ខ្ញុំក៏បានលើកដៃសុំទោសទៅកាន់សម្តេចតេជោ ហ៊ុន សែន ពីព្រោះពេលហ្នឹងខ្ញុំនៅឆោតល្ងង់»។
«ប្រសិនបើបងប្អូនជេរប្រមាថទៅអញ្ចឹងវាទៅជាចលាចល វាកើតទៅជាកំហឹង ខ្មែរយើងឈ្លោះជាមួយខ្មែរគ្នាឯង នោះវាមិនល្អទេ»។
នៅក្នុងវីដេអូនោះ លោក ហ៊ុយ ឧត្តម អាយុ ២៩ ឆ្នាំ បានច្រៀងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានផ្តល់ដីឲ្យយួនពាក្យថា «យួន» ជាពាក្យដែលគេប្រើដើម្បីប្រមាថលើជនជាតិវៀតណាម។ ហើយលោកក៏បានច្រៀងបន្តថាកាប់ឈើគ្មានសល់ឈប់ខ្វល់អស់រ៉ែត្បួងបំផ្លាញមច្ឆាតិណជាតិ និងបានច្រៀងថា៖ «ល្មោភអំណាចតែម្នាក់ឯងមិនដែលកោតក្រែងចិត្តប្រជាជន….ជ្រុលហួសហេតុពេកហើយ…..គួរណាឡើយឯងកុំមន្តើយធ្វើដូចនេះទៀត ឯងកើតជាខ្មែរចរិតជាឆ្កែដ៏ចោលម្សៀត…»។
ស្នងការរងខេត្តក្រចេះ លោក អ៊ុំ ភី បានថ្លែងថា តុលាការបានដោះលែងគាត់ពីព្រោះអ្នកដឹកនាំលោកបានលើកលែងទោសឲ្យគាត់ហើយ បន្ទាប់ពីគាត់បានសុំទោសចំពោះកំហុសរបស់គាត់។
លោកថ្លែងថា៖ «នេះគឺជាការសម្រេចចិត្តរបស់តុលាការ … នេះគឺជាការលើកលែងទោសពីមេដឹកនាំដូច្នេះគាត់ត្រូវបានដោះលែង»៕NS
Contact author: ម៉ិច ដារ៉ា