
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតនៅខេត្តស្ទឹងត្រែងកាលពីម្សិលមិញ។ ហុង មិនា
Tue, 26 September 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ស្ទឹងត្រែងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញថ្លែងរិះគន់ដល់អ្នកបរិស្ថាននិយមជ្រុលនៃអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីទូត (មិនបញ្ចេញឈ្មោះ) ដែលតំណាងឲ្យប្រទេសជាច្រើនបានព្យាយាមរារាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីរបស់រាជរដ្ឋាភិបាលដែលមានបំណងចង់ឲ្យប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នឹងអាចមានចរន្តអគ្គិសនីប្រើប្រាស់នៅឆ្នាំ ២០២២។
បន្ទាប់ពីថ្លែងសុន្ទរកថាអស់រយៈពេល ១ ម៉ោងនៅក្នុងពិធីធ្វើជាអធិបតីភាពបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតក្នុងឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង លោកនាយករដ្ឋមន្ត្រីបានចុចប៊ូតុងបិទទំនប់ទឹកភ្លាមៗ ខណៈដែលពលរដ្ឋជាង ១០០ គ្រួសារនៅតែមិនព្រមចាកចេញពីលំនៅឋានចាស់ បើទោះបីជាលំនៅសំណង់ថ្មីត្រូវបានសាងសង់រួចរាល់ក៏ដោយ។
លោក ហ៊ុន សែន ថ្លែងថា៖ «គ្មានការអភិវឌ្ឍណាដែលមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ។ គ្រាន់តែវាមានទំហំច្រើន ឬតិចតែប៉ុណ្ណោះ តែទាមទារនូវការថ្លឹងថ្លែងដើម្បីថាតើយើងគួរធ្វើ ឬមិនធ្វើតែប៉ុណ្ណោះ។ ចំណុចនេះខ្ញុំគិតថា អ្នកបរិស្ថាននិយមជ្រុលមួយចំនួនគួរតែត្រូវបានត្រិះរិះ។ ម្ខាងខ្លួនទាមទារមានអគ្គិសនីប្រើប្រាស់ និងតម្លៃថោក តែម្ខាងទៀតខ្លួនតែងតែទៅរារាំង ដើម្បីបញ្ចៀសកុំឲ្យអភិវឌ្ឍ។ ទៅកន្លែងណាក៏មានមុខអ្នកឯងទៅប្រឆាំងដែរ។ អ្វីក៏ប្រឆាំងៗប្រឆាំងគ្រប់ទាំងអស់នៅកម្ពុជាយើងវាជាឋានសួគ៌លោកិយនៃក្រុមអង្គការប្រឆាំងតែម្តងអ្នកណាប្រឆាំងគឺអ្នកហ្នឹងបានលុយពីបរទេសយកមកធ្វើសកម្មភាពប្រឆាំងតែម្តង»។
លោកនាយករដ្ឋមន្ត្រីក៏បានរំឭកផងដែរថាប្រហែលជា ៥ ឆ្នាំមុនអគ្គរដ្ឋទូតម្នាក់ដែលតំណាងឲ្យប្រទេសច្រើនមិនចង់ឲ្យមានការសាងសង់ទំនប់នេះនោះទេ ដោយលើកហេតុផលថាវាប៉ះពាល់ដល់ត្រីចំនួន ៧០ ភាគរយ។
លោកថ្លែងថា៖ «វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះត្រីនៅប្រទេសយើងចេះឡើងដើមឈើ ចេះឡើងភ្នំព្រោះត្រីប្រទេសយើងខ្ញុំនៅទន្លេសាប នៅទន្លេមេគង្គ។ វាមិនមកនៅនឹងទន្លេសេសាននេះទេ។ ខ្ញុំប្រាប់គាត់ថា ឯកឧត្តមមិនស្គាល់កម្ពុជាផង ហើយមកនិយាយជាមួយខ្ញុំអ៊ីចឹង មិនខ្មាសគេទេ?..ចេះនិយាយទៅរួច។ ស្ថានភាពនៅនេះវានៅលើភ្នំ។ រឿងអីត្រីមកនៅទីហ្នឹង។ ធ្វើរួចលែងត្រីឲ្យច្រើនទៅ។ ទួប៊ីនមិនកិនត្រីងាប់ឯណា»។
លោក ហ៊ុន សែន ក៏បានលើកឡើងពីការបង្កើតអង្គការទន្លេ បី ដែលលោកសង្ស័យថាជាបណ្តាញរបស់អង្គការមាតាធម្មជាតិដែលត្រូវក្រសួងមហាផ្ទៃលុបចេញពី ២ សប្តាហ៍មុន។
លោកបន្តថា៖ «អាហ្នឹងដើរតែរករឿងគ្រប់តែរឿងតែម្តង។ ធ្វើអ៊ីចឹងយើងអភិវឌ្ឍម្តេចទៅ? ធ្វើនេះក៏មិនបាន ធ្វើនោះក៏មិនបាន។ ផលិតធ្យូងថ្ម ប្រេងកាត វាថាអាហ្នឹងផ្សែង។ ផលិតវារីអគ្គិសនី វាប៉ះពាល់បរិស្ថានបើអ៊ីចឹងមានតែដុតអាវសិនទៅ»។
ទំនប់វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ដែលធំបំផុតនៅកម្ពុជា និងមានតម្លៃជាង ៧៨១ លានដុល្លារអាមេរិកត្រូវបានលោក ហ៊ុន សែន ចុចប៊ូតុងបិទទ្វារទឹកជាផ្លូវការដើម្បីស្តុកទឹកឲ្យទួប៊ីនទី ១ ផលិតអគ្គិសនីនៅចុងខែវិច្ឆិកាខាងមុខនេះហើយនឹងដំណើរការផលិតអគ្គិសនីទាំងស្រុងនៅឆ្នាំ ២០១៨។
ទំនប់នេះនឹងត្រូវប្រគល់ជូនរដ្ឋគ្រប់គ្រងវិញក្រោយពេលក្រុមហ៊ុនរកស៊ីរយៈពេល ៤០ ឆ្នាំ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ដំណាក់កាលដុតទៀន ចង្កៀងប្រេងកាត ដុតចន្លុះ ខ្លាញ់ត្រីត្រូវបានរសាត់ឆ្ងាយពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយ ឥឡូវនេះមិនមែនដូចកាលពី ៣០ ឆ្នាំមុនទេ ដែលយើងលក់ប្រេងកាតឲ្យពលរដ្ឋរបស់យើងតម្រូវការអគ្គិសនីមានតម្រូវការកាន់តែខ្ពស់»។
សម្រាប់ភូមិភាគឦសានមានខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលមានការផ្គត់ផ្គង់អគ្គិសនីមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះដោយទិញពីប្រទេសឡាវមកខ្លះ និងក្រុមហ៊ុនតូចមួយចំនួន តែចាប់ពីទួប៊ីនទី ១ ចាប់ផ្តើមដំណើរការ (នៅចុងខែវិច្ឆិកាខាងមុខ) ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់ និងនៅតាមតំបន់នេះតាមរយៈអនុស្ថានីយស្ទឹងត្រែង-ក្រចេះ វានឹងអាចផ្តល់ឲ្យខេត្តទាំង ២ នេះនូវស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីរយៈពេលវែង ហើយមានតម្លៃថោកនឹងកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសវៀតណាម ថៃ និងឡាវ។
បើទោះបីជាមានភ្លើងប្រើប្រាស់ តែកម្ពុជាខ្វះខាតថវិកាសម្រាប់ តភ្ជាប់បណ្តាញអគ្គិសនី តែយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានប្រកាសថា ក្នុងឆ្នាំ ២០២២ នៅគ្រប់ភូមិទាំង ១៤ ១៦៨ ភូមិនៅកម្ពុជានឹងមានអគ្គិសនីប្រើប្រាស់។ មកទល់នឹងពេលនេះមានតែ ១១ ១៩៤ ភូមិស្មើនឹង ៧៩ ភាគរយ ឬជាង ៣ លានខ្នងផ្ទះមានអគ្គិសនីប្រើប្រាស់ក្នុងតម្លៃសមរម្យ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថាតម្លៃភ្លើងពីមុនគឺ ៩៥០ ទៅ ១០០០ រៀល/kwm តែនាពេលបច្ចុប្បន្ននេះចុះមកនៅ ៧៧០ រៀល /kwm នៅតំបន់អគ្គិសនី និង ៧៩០ រៀល /kwm ក្នុងតំបន់ដែលផ្នែកឯកជនភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិ។
ចំពោះពលរដ្ឋក្រីក្រដែលប្រើតិចមិនលើសពី ១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែគឺមានតម្លៃតែ ៤៨០ រៀលប៉ុណ្ណោះ /១kwm ហើយបើប្រើអស់ពី ១១ ដល់ ៥០១/kwm បង់តែ ៦១០ រៀល/kwm ប៉ុណ្ណោះ ដែលរដ្ឋជួយចេញខាតឲ្យខ្លះ។
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានសិក្សាតាំងពីឆ្នាំ ២០០៤ ហើយចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១៤។ ក្រុមហ៊ុនស្ថិតក្នុងគម្រោងនេះរួមមានក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ៣៩ ភាគរយក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិន ៥១ ភាគរយ (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Huaneng Group) និងក្រុមហ៊ុននៃប្រទេសវៀតណាម EVN International មាន ១០ ភាគរយ។
រហូតមកដល់ពេលនេះប្រជាពលរដ្ឋស្រែគ ១២០ គ្រួសារ និងក្បាលរមាស ៥៨ គ្រួសារមិនព្រមចាកចេញទៅកាន់ទីតាំងដែលក្រុមហ៊ុនបានធ្វើឲ្យ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកមិនទាន់ចាកចេញបើតាមខ្ញុំដឹងគាត់មានចម្ការវិលជុំរបស់គាត់អ៊ីចឹងច្បាស់ត្រៀមលុយ ត្រៀមផ្ទះ។ យើងចេះតែត្រៀមទៅ។ គាត់ចង់យកលុយ ឲ្យលុយ ចង់យកផ្ទះឲ្យផ្ទះ។ យើងនឹងបន្តការអភិវឌ្ឍអគ្គិសនីតាមដំណាក់កាល ដើម្បីធ្វើឲ្យតម្លៃភ្លើងរបស់យើងកាន់តែធ្លាក់ចុះ»។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថាពលរដ្ឋប៉ះពាល់ទាំងអស់មាន ៨៦០ គ្រួសារ តែរហូតមកដល់ពេលនេះបានដោះស្រាយបានសម្រេច ៧៥៤ គ្រួសារហើយ ដែលស្មើនឹង ៨៨ ភាគរយ។ នៅសល់ ១០៦ ខ្នងផ្ទះស្មើនឹង ១២ ភាគរយដែលមិនទាន់យល់ព្រមទទួលយកសំណង។ ផ្ទះឈើជាច្រើនដែលក្រុមហ៊ុនបានសង់ជាសំណងត្រូវបានចាក់សោទុកនៅក្នុងភូមិស្រែគថ្មី ដើម្បីរង់ចាំពលរដ្ឋផ្លាស់ប្តូរជំហរទៅទទួលយក។
ប៉ុន្តែតំណាងពលរដ្ឋភូមិស្រែគចាស់ លោក ហ្វុត ឃឿន បានអះអាងពីម្សិលមិញថាពួកគាត់នឹងមិនមានការផ្លាស់ប្តូរចិត្តទៅរស់នៅទីតាំងថ្មីនោះទេបើទោះបីជាក្រុមហ៊ុន និងអាជ្ញាធរបានសង់ផ្ទះថ្មីរង់ចាំក្តី៕
ចាំទុក ហ៊ុន សែន តិចលោថ្ងៃក្រោយមានបញ្ហាដោយសារទំនប់នេះប្រយ័ត្នវើយ!មហាជនខ្មែរមិនលើកលេងទោសអោយទេ រួមទាំងអាមេងផងនាំគ្នាបួងសួងអោយទំនប់នេះផ្ដល់សេចក្ដីសុខដល់រាស្ត្រខ្មែរចុះកុំអោយមានអីកើតឡើងដោយសាទំនប់នេះអោយសោះ។