សមត្ថកិច្ចរុះរើបដាទាមទារឲ្យដោះលែងលោក កឹម សុខា នៅ៣កន្លែងផ្សេងគ្នា​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 9:42 PM
http://vodhotnews.com

នយោបាយ

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា


សមត្ថកិច្ចនៅក្នុងរាជធានីខេត្ត៣ផ្សេងៗគ្នា បានរុះរើបដា ដែលមានរូប និង សារទាមទារឲ្យដោះលែងលោក កឹម សុខា ដោយសំអាងថា ជាទង្វើខុសច្បាប់ព្រោះករណីនេះ មេបក្សប្រឆាំងរូបនេះកំពុងស្ថិតនៅក្នុងដំណាក់កាល​តុលាការ។​

អនុប្រធានគណបក្សសង្គ្រោះជាតិ​លោកស្រី មូរ សុខហួរ ប្រាប់វីអូឌីថា ​ បដាជារូបភាពនិងសារ ៣ កន្លែងដែលដកហូតនោះមាននៅភ្នំពេញ មណ្ឌលគិរី និង ខេត្តកំពត។

លោកស្រី៖ «បាន២៥ ខេត្តក្រុង ហើយពីព្រឹកមិញនេះ ខ្ញុំបានព័ត៌មាននៅខេត្តមណ្ឌលគិរី ខាងប៉ូលីស គេបានប្រាប់ឲ្យយើងដក ដល់សួរទៅថាបានបញ្ជាពីណា ថាបានបញ្ជាពីអភិបាលខេត្ត​! នៅខេត្តកំពត មួយទៀត »។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ លើកឡើងថា ក្រសួងមិនបានបញ្ជាទេ។ ទោះយ៉ាងណាលោកថា ចំណាត់ការរបស់អាជ្ញាធរ ដែលរារាំង និង រុះរើបដារបស់គណបក្សសង្គ្រោះជាតិទាំងនេះជា រឿងត្រឹមត្រូវ។​

លោក ខៀវ សុភ័គ បន្តថា ការលើកបដាទាំងនេះ មិនមានប្រយោជន៍ដល់ការស្វែងរកដំណោះស្រាយទេ ផ្ទុយទៅ​នាំឲ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់គណបក្សសង្គ្រោះជាតិ​ទៀតផង។​

លោក៖«ការលើកស្លាក លើកអីវាអត់មានប្រយោជន៍អីចំពោះការដោះលែងលោក កឹម សុខា នោះទេ ទី ១ , ទី២ តុលាការគេអត់បានចោទទៅលើបក្សសង្គ្រោះជាតិទេ គេចោទតែបុគ្គលកឹមសុខា មួយ ដូច្នេះការដែលផ្លាក លើកអីសុំដោះលែងវានាំឲ្យការពាក់ព័ន្ធគណបក្សសង្គ្រោះជាតិនឹងឯង។ ខ្ញុំយល់ អ្វីដែលសមត្ថកិច្ចបានដកផ្លាកនេះចេញត្រឹមត្រូវ ហើយអ្វីចឹងៗ វាអត់ប្រយោជន៍ទេ»

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានប្រកាសថា ​នឹងធ្វើយុទ្ធនាការលើកបដាជា រូបភាព នៅតាមទីស្នាក់ការគណបក្សនេះ ​ទូ​ទាំ​ងប្រទេស​​ដើម្បីទាមទារឲ្យ​មាន​ការ​ដោះ​លែង​​ លោក កឹម សុខា​ ដោយគ្មានលក្ខខ័ណ្ឌ​។​

ទោះជា មានការរារាំង និង មានការរុះរើខ្លះក៏ដោយ ប៉ុន្តែលោកស្រី មូរ សុខហួរ បញ្ជាក់ថា បដារូប និង សារទាមទារឲ្យដោះលែងលោក កឹម សុខា លើកនៅតាមស្នាក់ការគណបក្សបានទូទាំងប្រទេសហើយ។​

លោក​កឹម សុខា ដែល​ពេល​នេះ ​កំពុង​ត្រូវ​បានឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ បន្ទាប់ពីការចាប់ខ្លួន​កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ខែកញ្ញា ដោយចោទថា ពីបទក្បត់ជា​តិ។

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles