ដោយ លោក ញឹម សុខន | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ | ម៉ោង 6:15 PM
http://vodhotnews.com

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt (FB: U.S. Embassy Phnom Penh, Cambodia)
ក្រសួងការរទេសកម្ពុជា អះអាងថា ជំនួយរបស់អាមរិក ជាង២០ឆ្នាំមកនេះ មិនមានអ្វីជាដុំកុំភួនទេ ដោយថា ភាគច្រើនជំនួយទាំងនោះ បានផ្តោតសំខាន់តែទៅលើក្រុមអង្គការសង្គមស៊ីវិល។
ការលើកឡើងរបស់រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសកម្ពជានេះ បានធ្វើឡើងក្រោយពីទំនាក់ទំនងការទូត កម្ពុជានិងអាមេរិក មានភាពតានតឹងជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋាភិបាល ចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា។ ជាងនេះ ទៅទៀត អាមេរិក ក៏បានប្រកាស ដាក់ទណ្ឌកម្មឈប់ផ្តល់ទិដ្ឋាការដល់មន្ត្រីនៅក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយកឡើងទៅ មិនឲ្យចូលទឹកដីអាមេរិកទៀតផង។
រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ថ្លែងក្នុងសន្និសីទ «ស្តីពីសមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ខែកញ្ញា នេះ ថា ជំនួយអាមេរិក ដែលផ្តល់ឲ្យកម្ពុជាចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ លោកថា មាន១ពាន់លានដុល្លារ។
ប៉ុន្តែលោក អ៊ុច បូររិទ្ធ មានប្រសាសន៍បន្ថែមថា ជំនួយទាំងនោះ មិនជាដុំកុំភួនអ្វី សម្រាប់រដ្ឋាភិបាលទេ ដោយថា ភាគច្រើនអាមេរិក បានផ្តោតទៅលើតែក្រុមអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ។
លោកថា៖ «១ពាន់លាននេះ បើយើងពិនិត្យជាក់ស្តែង គឺពុំឃើញមានអ្វីជាដុំកុំភួនទេ គឺភាគច្រើនជំនួយទាំងអស់ឲ្យទៅខាង NGOs [អង្គការសង្គមស៊ិវល]…»។
ប៉ុន្តែ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត ធ្លាប់លើកឡើងថា អាមេរិក ជាអ្នកគាំទ្រដ៏ខ្លាំងមួយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដោយថា អាមេរិក បានជួយកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញ ក្រុមហ៊ុនផលិតសំលៀកបំពាក់ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុនរបស់អាមេរិករាប់សិបផងដែរ។
លោកមានប្រសាសន៍ថា៖ «នៅក្នុងឆ្នាំ កន្លងទៅនេះ យើងបានបង្កើតឧស្សាហកម្មថ្មីស្រឡាងមួយ ដែលមានតំលៃ ១០០លានដុល្លា ស្តីពីទំនិញសំរាប់ការធ្វើដំណើរ ដែលនៅពេលនេះ ប្រើកំលាំងកម្មករចំនួនជិត ១០០ ០០០ នាក់។ គ្រាន់តែនៅឆ្នាំនេះ យើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយ ដែលគិតគូរ ចំពោះបញ្ហានៃតំលៃកសិកផលទាបខ្លាំង ដែលប៉ះពាល់ដល់កសិករកម្ពុជា។ យើង បានជួយកម្ពុជានៅក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី លើកឡើងថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាដៃគូគ្នាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការជំរុញអភិបាលកិច្ច ធានាដល់ការអភិវឌ្ឍមួយបែបតម្លាភាព។
លោកថា៖ «អញ្ចឹងហើយ បានជាយើងឃើញ មានការងារនៅតាមជនបទ ជាច្រើនដែលអង្គការក្រៅរដ្ឋាភិបាលហ្នឹងបានបំពេញ ហើយកិច្ចការហ្នឹង បើទុកឲ្យរដ្ឋាភិបាលធ្វើ៥០ឆ្នាំទៀត ក៏ធ្វើអត់បានដែរ»។
ទោះជាយ៉ាងណា លោក អ៊ុច បូររិទ្ធ ថ្លែងនៅក្នុងពិធីនោះដែរថា កម្ពុជា មានការព្រួយរម្ភពី ការបិទកូតានាំចេញផលិតផងសំលៀកបំពាក់ ក្នុងវិស័យកាត់ដេរ ដោយ ថាពេលនេះ សភាអាមេរិក កំពុងជំរុញឲ្យមានការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា៕