ពលរដ្ឋនៅសៀមរាប រិះគន់ការចាក់ដីលុបប្រឡាយទឹកសាធារណៈ

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:13 PM
http://vodhotnews.com

សង្គម


ប្រជាពលរដ្ឋមួយចំនួន នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប រិះគន់ថា អាជ្ញាធរស្រុកនេះ ហាក់គ្មានវិធានការ ករណីឈ្មួញម្នាក់ បានចាក់ដីលុបប្រ​ឡាយទឹកសាធារណៈ ដោយថា ធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់អ្នកភូមិ។

ពលរដ្ឋម្នាក់ គឺអ្នកស្រី ឡម សារ៉េត និង មេភូមិរការកំបុត នៃឃុំត្រពាំងធំ គឺ លោក ឈុំ យ៉ា ​ និង ឲ្យដឹងប្រហាក់ប្រហែលគ្នា កាលពីថ្ងៃទី២៦ខែកញ្ញា នេះថា ប្រឡាយទឹកសាធារណៈនេះ មានទីតាំងជាប់ផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកប្រាសាទបា​គង ត្រូវបានឈ្មួញម្នាក់ចាក់ដីលុប ដើម្បីធ្វើអាជីវកម្ម ដែលពួកគេថា ករណីនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ពួកគាត់ទាំងនៅខាងលើប្រឡាយ និងខាងក្រោមប្រឡាយ។

អ្នកស្រី ឡម សារ៉េត ឲ្យដឹងទៀតថា នៅពេលមានភ្លៀងធ្លាក់ទឹកជំនន់បានជន់លិចស្រូវ ប៉ុន្ដែនៅពេលរំាងស្ងួតខ្វះទឹកស្រោចស្រប់ ខណៈប្រឡាយសាធារណៈនោះ មានទឹកហូរជាប្រចាំ។ អ្នកស្រី បន្ដថា ការចាក់ដីលុបប្រ​ឡា​យ​ទឹកនេះ កើតឡើងជាច្រើនខែមកហើយ និងសុំអន្ដរាគមន៍ពីអាជ្ញាធរជាច្រើនលើកមកហើយ ប៉ុន្ដែគ្មានប្រសិទ្ធិភាព។

អ្នកស្រីបន្ដថា៖ «គេចេះតែស្នើហើយ ស្នើទៀត ប៉ុន្ដែមិនឃើញដាក់លូ ឥឡូវទឹកលិចស្រូវអ្នកស្រុកអស់រលីង។ ប្រជាជន បានស្នើថា បើចាក់ក៏ចាក់ទៅ តែធ្វើលូឲ្យធំ ប៉ុន្ដែមិនឃើញមានធ្វើទេ។ ហើយអ្នកធ្វើស្រែនៅខាងលិច (ខាងក្រោមស្ពាន)គ្នាធ្វើស្រែ អត់មានទឹកទេ ព្រោះវាស្ទះ កាលពីមុនមានប្រឡាយពីរហូរមកលិច និងទៅកើត»

ទាក់ទងករណីនេះ អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត លោកទទួលស្កាល់ការចាក់ដីលុបប្រឡាយនេះ ដោយថា ទំហំទទឹងប្រមាណ៩០ម៉ែត្រ និងបណ្ដោយប្រវែង ៨០០ម៉ែត្រ ដោយមានម្ចាស់ដីឈ្មោះ ផែ ហុកឈួន មានទីលំនៅទីក្រុងភ្នំពេញ ក្នុងគោលបំណងធ្វើអាជីវកម្មផ្ទាល់ខ្លួន។

លោកបន្ដថា ទង្វើរបស់ឈ្មួញម្នាក់នោះ បានកើតឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៧នេះ ប៉ុន្ដែគ្មានច្បាប់អនុញ្ញាត ពីអាជ្ញាធរនោះឡើយ។ លោកបានបន្ដទៀតថា អា​ជ្ញា​ធរស្រុក បានកោះហៅលោក ផែ ហុកឈួន ដែលជាម្ចាស់ដីជាច្រើនលើកហើយ ប៉ុន្ដែឈ្មួញរូបនោះ មិនចូលខ្លួនដោះស្រាយ ។

ទោះជាយ៉ាងណា ច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៣៦ ចែងថា បុគ្គល ដែលមានបំណងចាក់ដីលុប ឬធ្វើអ្វីមួយលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្ន ល់ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតជាលាយលក្ខអក្សរទៅស​មត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ហើយអនុវត្ដការងារក្រោយបានទទួលលិខិតអនុញ្ញាតជាផ្លូវការ និង​ត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ចផ្លូវថ្នល់៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

One Response to "ពលរដ្ឋនៅសៀមរាប រិះគន់ការចាក់ដីលុបប្រឡាយទឹកសាធារណៈ"

  1. people says:

    Must take this guy to court and fine him heavy ‘