ដោយ លោក ឃុត សុគន្ធ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ | ម៉ោង 4:58 PM
http://vodhotnews.com

សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ ឲ្យម្ចាស់បណ្តាញខ្សែកាបិ៍្ល និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនានា នៅជុំវិញស្ពានជ្រោយចង្វារទី១ត្រូវរុះរើចេញ ដោយថា ដើម្បីយកកន្លែងនោះ ធ្វើការដ្ឋានជួសជុលស្ពានឡើងវិញ។
ក្នុងសេចក្តីជូនដំណឹងចុះទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញ តម្រូវឲ្យអង្គភាពរដ្ឋ និងម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបណ្តាញខ្សែកាបិ៍្លទាំងនៅលើអាកាស និងក្រោមដី រួមទាំងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនានានៅជុំវិញការដ្ឋានជួសជុលស្ពានត្រូវរុះរើឬរំកិលចេញ ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ ធ្លាប់ផ្អាកមិនឲ្យធ្វើចរាចរណ៍នៅដើមឆ្នំា២០១៥ ដើម្បីឲ្យមន្ត្រីជំនាញរបស់កម្ពុជា និងជប៉ុន ចុះពិនិត្យទម្រស្ពាន ដោយសារស្ថានភាពទ្រុឌទ្រោម ខណៈស្ពាននោះមានអាយុជិត៥០ឆ្នាំ ហើយស្ពាននោះនឹងចាប់ផ្តើមជុសជុលម្តងទៀតនៅថ្ងៃទី១ខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៦ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែអំឡុងដើមទសវត្សរ៍ឆ្នាំ៧០ ស្ពាននេះត្រូវបានកាត់ផ្តាច់ក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគ្រប់គ្រងដោយរបបលោក លន់ នល់។ រហូតដល់ឆ្នាំ១៩៩៥ ស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាលជប៉ុនជួសជុលតភ្ជាប់ឲ្យដំណើរការវិញរហូតដល់បច្ចុប្បន្ន៕