ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានកោតសរសើរដល់កំណែទម្រង់វិស័យអប់រំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយថា កំណែទម្រង់វិស័យអប់រំបានជះឥទ្ធិពលដល់មហាជន ដើម្បីជំរុញឲ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្របន្ថែមទៀត។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា៖«កំណែទម្រង់វិស័យអប់រំមួយនេះ វាបានផ្ដល់ឱកាសធំណាស់សម្រាប់កុមារ សម្រាប់យុវជន មាតាបិតា និងអាណាព្យាបាល ដើម្បីជំរុញពួកគេឲ្យខិតខំរៀន។ មាតាបិតា គឺតាស់តឿនឲ្យកូនបានខិតខំរៀន។ ជោគជ័យនៃកំណែទម្រង់ក្នុងវិស័យអប់រំ បានទទួលផ្លែផ្ការួចមកហើយ ក្នុងហ្នឹង ផ្នែកដ៏សំខាន់មួយ គឺទាក់ទងនឹងកំណែទម្រង់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ»។
ក្រៅពីថ្លែងកោតសរសើរដល់ការរៀបចំការប្រឡងបាក់ឌុបកាលពីខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា កំណែទម្រង់មួយនេះ បានជះឥទ្ធិពល និងប្រតិសកម្មចំពោះឥរិយាបថរបស់សិស្ស របស់យុវជន កុមារ ក៏ដូចជាមាតាបិតា និងអាណាព្យាបាលរបស់សិស្ស។
កំណែទម្រង់វិស័យអប់រំកម្ពុជា បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០១៣ បន្ទាប់ពីលោកបណ្ឌិត ហង់ជួន ណារ៉ុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំ យុវជន និងកីឡា។
ស្ថិតក្រោមរដ្ឋបាលរបស់រដ្ឋមន្ត្រីអប់រំថ្មី ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានរឹតបន្តឹង នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយមកនេះ។
លទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ បង្ហាញថា បេក្ខជនប្រឡងដល់ទៅជាង ៦៣ភាគរយ បានប្រឡងជាប់ នៅក្នុងចំណោមបេក្ខជនសរុបជាង ១០ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះសិស្សដល់ទៅ ៤២៤នាក់ ទទួលបានលំដាប់ពិន្ទុរខ្ពស់ ឬនិទ្ទេស A ឬកើនឡើងជាង ៤ភាគរយ បើធៀបនឹងតួលេខកាលពីឆ្នាំមុន៕
ជាមួយកំណើននៃជយលាភីនិទ្ទេស A បែបនេះ លោក ហ៊ុន សែន បានថ្លែងថា លោកត្រូវបញ្ជាទិញកុំព្យូទ័របន្ទះ ឬ ឧបករណ៍ iPad ដល់ទៅជាង ៤០០គ្រឿងពីបរទេសដោយផ្ទាល់ ដែលលោកថា សម្រាប់ប្រគល់ដល់ជយលាភីនិទ្ទេស A នៅក្នុងឆ្នាំនេះ៕