លោក ហ៊ុន សែន៖ យើង​មិន​រង់ចាំ​ការ​ផ្ដល់​ខ្យល់​អុកស៊ីសែន​ពី​អ្នក​ណា​ទាំង​អស់

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាលរបស់លោក កំពុងប្រឹងប្រែងធ្វើម្ចាស់ការលើខ្លួនឯង និងរៀនរស់ដោយឈប់ពឹងផ្អែកខ្យល់អុកស៊ីសែនពីប្រទេសដទៃ ដែល​ការ​ថ្លែង​បែប​នេះ​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ចាត់​វិធានការ​ថ្មី​បន្ថែមទៀត​ប្រឆាំងនឹង​កម្ពុជា។

ក្នុងពិធីជួបជាមួយកម្មករនៅថ្ងៃនេះ លោក ហ៊ុន សែន ថ្លែងថា ក្នុងទំនាក់ទំនងអន្ដរជាតិ ប្រទេសនីមួយៗ មានសិទ្ធិស្មើគ្នាដោយមិនប្រកាន់និន្នាការនយោបាយ និងថា អ្វីដែលរដ្ឋាភិបាលរបស់លោកធ្វើនាពេលនេះ គឺរក្សាសន្ដិភាព ដែលខំរកបានដោយលំបាក។

លោក ហ៊ុន សែន ថ្លែងថា៖ «កុំខ្វល់ថា នរណាគិតពីអី​ ប្រទេសណាគិតពីអី មានការ គេរត់ចោលយើងអស់ គ្មាននរណាជួយយើងទេ។ នៅពេលដែល ប៉ុល ពត សម្លាប់យើង តើអ្នកណាមកជួយយើង គេមិនជួយយើង ហើយគេថែមទាំងជួយ ប៉ុល ពត នៅអង្គការសហប្រជាជាតិ។ យើងត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ យើងមិនរង់ចាំការផ្ដល់ខ្យល់អុកស៊ីសែនពីអ្នកណាទាំងអស់ យើងត្រូវខិតខំម្ចាស់ការលើខ្លួនឯងឡើង។ យើងជាប្រទេសនៃសមាជិកអង្គការសហប្រជាជាតិ គេក៏ត្រូវការយើងគាំទ្រគេ យើងក៏ត្រូវការគេគាំទ្រយើង»។

ការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ បានជំរុញឲ្យមានទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដាច់ជំនួយអភិវឌ្ឍន៍​ជាច្រើន​មកកម្ពុជា បន្ទាប់ពីរដ្ឋាភិបាល មិនអើពើជុំវិញការទទូចឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

សេតវិមានអាមេរិក បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ​ថា ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង និងហៅការបោះឆ្នោតព្រឹទ្ធសភាអាណត្ដិទី៤កាលពីថ្ងៃអាទិត្យកន្លងទៅថា មិនឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋ។ ​

កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ សភាអឺរ៉ុប ក៏បានចេញថ្លែងការណ៍មួយទៀត ដោយទទូចបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ឲ្យ​ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបលោក ហ៊ុន សែន ជាជាងក្រើនរំឭកដដែលៗ ប៉ុន្ដែ គ្មានការបន្ទន់ជំហរណាមួយសោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា កម្ពុជា​មិនអាចឱបជើងចិន ហើយផ្ដាច់ទំនាក់ទំនងពាណិជ្ចកម្មជាមួយប្រទេសលោកសេរីបានទេ ដោយថា កម្ពុជា​ជាប្រទេសក្រីក្រនៅឡើយ។ លោកថា បើមានទណ្ឌកម្មមែន រដ្ឋាភិបាលនឹងប្រឈមបញ្ហាជាច្រើន ដូចជា ប្រជាពលរដ្ឋអត់ការងារធ្វើ អសន្ដិសុខសង្គម និងវិបត្តិផ្ទៃក្នុង។

លោកថា៖​ «សហគមន៍អឺរ៉ុប គេបានព្រមានមកលើយើង វាច្រើនខែមកហើយដែរ ប៉ុន្ដែយើងក៏ប្រកាន់ជំហរមួយ មិនយកគំនិតរបស់គេមកពិចារណា បើយើងមកមើលក្នុងខ្លួនយើងវិញ យើងក៏មិនប្រាកដថា អាចរស់ពឹងទៅលើខ្លួនឯងបាន ហើយនៅពេលដែលយើងកំពុងផ្អែកខ្លួនទៅរកចិន អញ្ចឹងហើយដែលធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង។ រឿងការគាបសង្កត់ផ្នែកពាណិជ្ជកម្ម បើគេដាក់ ក៏នឹងធ្វើឲ្យយើងមានវិបត្តិផ្ទៃក្នុង ប៉ះពាល់ទំនាក់ទំនងផ្ទៃក្នុងរបស់យើងជាមួយពលរដ្ឋ ដែលគាត់ទទួលផងពីផលប្រយោជន៍ពាណិជ្ជកម្មហ្នឹង»។

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចោលនោះ សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានទណ្ឌកម្មការទូត និងសេដ្ឋកិច្ចលើរដ្ឋាភិបាលកម្ពុជា។

ករណីនេះ ក៏ជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចដាក់ទណ្ឌកម្មទិដ្ឋាការលើកម្ពុជាផងដែរ ដោយថា បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles