កម្ពុជា
រូបឯកសារ៖ កម្មការិនីកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ (Reuters)
28 កុម្ភៈ 2018
ហ៊ុល រស្មី
វីអូអេខ្មែរ
មេដឹកនាំសហជីព អះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។
មេដឹកនាំអង្គការសង្គមស៊ីវិល និងក្រុមសហជីពដែលមិនរណបរដ្ឋាភិបាលបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះវិធានការខាងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលអាចនឹងធ្វើឡើងដោយសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតរបស់ទំនិញកាត់ដេរនៅកម្ពុជា។
កាលពីថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបបានចេញនូវសេចក្ដីសម្រេចមួយ ព្រមានចាត់វិធានការតបតនឹងរដ្ឋាភិបាលកម្ពុជាចំពោះការបង្ក្រាបនយោបាយដ៏ជ្រាលជ្រៅលើក្រុមនយោបាយជំទាស់ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានដែលមិនចំណុះរដ្ឋអំណាចខ្មែរ។
បន្ទាប់ពីការចេញសេចក្តីសម្រេចនោះ អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាមេដឹកនាំក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប បានថ្លែងក្នុងសន្និសីទព័ត៌មានថា សេចក្តីសម្រេចនេះនឹងស្នើឲ្យគណៈកម្មការអឺរ៉ុបបង្កើនការពិនិត្យលើស្ថានភាពនៃការអនុគ្រោះពាណិជ្ជកម្មនានានៅក្រោមកម្មវិធី Every Thing But Arms គឺ«អនុគ្រោះពន្ធលើទំនិញទាំងអស់ក្រៅសព្វាវុធ»។
ក្នុងកិច្ចសន្ទនានោះ អ្នកស្រី Federica Mogherini បានឲ្យដឹងពីវិធានការចុងក្រោយមួយតាមន័យដើមយ៉ាងដូច្នេះ៖
«យើងបានបញ្ជាក់អំពីការត្រៀមរួចជាស្រេចដើម្បីពិចារណា វិធានការគោលដៅជាក់លាក់ ប្រសិនបើស្ថានភាពមិនបានល្អប្រសើរឡើងវិញ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel បានសរសេរលើគណនី Facebook របស់លោករៀបរាប់ពីការវិវត្តនៃដំណើរការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើប្រទេសកម្ពុជា។
លោក គល់ បញ្ញា បានសរសេរក្នុងន័យដើមថា៖
«មានការវិវត្តទៅមុខនិងមិនអាចគេចផុតពីវិធានការទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលមានផលប៉ះពាល់ធ្ងន់ធ្ងរលើពាណិជ្ជកម្មនិងចំពោះការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញទំនិញដ៏ធំបំផុតរបស់កម្ពុជា។ ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀងលើកលែងពន្ធលើទំនិញគ្រប់មុខលើកលែងតែអាវុធ តែមានលក្ខខណ្ឌការគោរពសិទ្ធិមនុស្ស»។
លោក គល់ បញ្ញា បានថ្លែងបន្តថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបគឺជា«ការថ្កោលទោសការវិវត្តនយោបាយដែលគួរឱ្យព្រួយបារម្ភ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបធ្វើឡើងមួយថ្ងៃក្រោយពីការបោះឆ្នោតអសកលនៅប្រទេសកម្ពុជា ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាគណបក្សនយោបាយតែមួយគត់ដែលក្តោបយកអាសនៈចំនួន៥៨នៅព្រឹទ្ធសភា ខណៈដែលគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងសំខាន់មួយរបស់គណបក្សកាន់អំណាច មិនបានចូលរួម។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា សម្តែងក្តីបារម្ភជាខ្លាំង ចំពោះការរម្លឹកឡើងវិញរបស់សហភាពអឺរ៉ុបអំពីចំណាត់ការទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅការវិវត្តស្ថានភាពនយោបាយនៅកម្ពុជា។
មេដឹកនាំសហជីពរូបនេះបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលគួរពិចារណាផ្សះផ្សាខាងផ្លូវនយោបាយក្នុងនាមរដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យកម្ពុជាក្លាយជាប្រទេសដែលប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ។ លោកពន្យល់បន្តថា រដ្ឋាភិបាលតែងយល់ថា ការលើកឡើងទាំងឡាយរបស់សហភាពអឺរ៉ុប គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តែភាគីអឺរ៉ុបគេបារម្ភអំពីការគោរពសិទ្ធិមនុស្សដែលជាផ្នែកសំខាន់នៃការអនុញ្ញាតឲ្យនាំទំនិញចេញពីកម្ពុជាទៅសហភាពអឺរ៉ុប ដោយគ្មានការបង់ពន្ធនោះ។ លោកពណ៌នាយ៉ាងដូច្នេះ៖
«វាមានគំនិតផ្ទុយគ្នា អីចឹងមានតែការសម្របសម្រួលគ្នាទេ ដែលរកចំណុចរួមឃើញ។ ប្រសិនជារដ្ឋាភិបាលបន្ថយមួយជំហាន សហគមន៍អឺរ៉ុបបន្ថយមួយជំហាន ខ្ញុំគិតថា រឿងហ្នឹងអាចដោះស្រាយបញ្ហាហ្នឹងបានល្អ ហើយពេលនោះ ខ្ញុំគិតថា ឧទាហរណ៍ថា ដំណើរនៃការអភិវឌ្ឍប្រទេសកម្ពុជា យើងផ្លូវ១០០ម៉ែត្រ ឧទាហរណ៍ណា៎ បើយើងដើរបាន៥០ ឬ៦០ ឬ៧០ម៉ែត្រហើយ បើយើងថយមក ១០ម៉ែត្រវិញ បានន័យថា វាយូរ។ តែបើសិនយើងដោះស្រាយបញ្ចប់ យើងបន្តទៅ៨០ម៉ែត្រ ៩០ម៉ែត្រ យើងនឹងអាចឈានទៅដល់ការគ្រោងទុកនៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីសម្រេចនូវផែនការដែលប្រទេសមាន ដូចថា កម្រិតមធ្យម ឬក៏ចំណូលខ្ពស់កម្រិតមធ្យម អីចឹងទៅ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លែងថា អ្នកស្រី ក៏ដូចជាកម្មករខ្មែរជិតមួយលាននាក់ មិនចង់ឃើញទណ្ឌកម្មទេ តែការដាក់ទណ្ឌកម្មកើតមាន ឬគ្មាននោះ គឺអាស្រ័យលើសុភវិនិច្ឆ័យរបស់រដ្ឋាភិបាលកម្ពុជា។
«ធម្មតា ខ្ញុំប្រជាពលរដ្ឋខ្មែរ ម្នាក់ដែរ មិនចង់មើលឃើញប្រទេសកម្ពុជាយើងដែលគេដាក់ទណ្ឌកម្មមកដល់ប្រទេសកម្ពុជាយើងដែលធ្វើឲ្យពលរដ្ឋបាត់បង់ការងារធ្វើអីហ្នឹងទេ។ អីចឹងខ្ញុំមិនមែនមានសិទ្ធិក្នុងការសម្រេចចិត្តរឿងហ្នឹងទេ»។
មុនការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទនេះ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ បានប្រាប់ក្រុមអ្នកកាសែតក្នុងវិទ្យាល័យមួយនៅក្រុងភ្នំពេញថា រដ្ឋាភិបាលនៅបន្តតាមមើលការវិវត្តនៃចំណាត់ការទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍កាន់លទ្ធិប្រជាធិបតេយ្យធំៗពីរ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារតែសហគមន៍ទាំងពីរគ្រាន់តែបញ្ចេញសំឡេងអំពីវិធានការរបស់ពួកគេ តែគ្មានសកម្មភាពជាក់លាក់នៅឡើយ។
«យើងនឹងតាមមើលតទៅទៀត ច៎ា! ព្រោះមកដល់ពេលនេះគឺឮតែសំឡេងទេ មិនទាន់ឃើញមានការអនុវត្ត»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ VOA ភ្លាមៗក្រោយការចេញសេចក្តីសម្រេចនោះថា រដ្ឋាភិបាលកម្ពុជាមានការសោកស្តាយចំពោះចំណាត់ការរបស់សហភាពអឺរ៉ុប ដែលលោកថា បានយល់ច្រឡំអំពីស្ថានការណ៍នយោបាយ និងការអនុវត្តច្បាប់ជាក់ស្តែងនៅកម្ពុជា។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា សហភាពអឺរ៉ុបអាចមានវិធានការពីរយ៉ាង គឺទីមួយលុបចោលគម្រោងអនុគ្រោះពាណិជ្ជកម្ម EBA ឬហៅថា«អនុគ្រោះពន្ធលើទំនិញទាំងអស់ក្រៅសព្វាវុធ» ហើយបន្តឲ្យកម្ពុជានាំទំនិញចូលដោយបង់ពន្ធ ឬក៏សហភាពអឺរ៉ុបនឹងកាត់ផ្តាច់ចំណងទាក់ទងពាណិជ្ជកម្មទាំងស្រុងតែម្តង ជាមួយកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនព្រមបន្ទន់ជំហរស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ។ ក៏ប៉ុន្តែលោករំពឹងថា នឹងមានការសម្រុះសម្រួលរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបដើម្បីបញ្ចប់ការខ្វែងគំនិតគ្នា ទាក់ទិនដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
មេដឹកនាំសហជីពរូបនេះអះអាងថា ប្រសិនបើទំនិញកម្ពុជាមិនអាចនាំចូលសហភាពអឺរ៉ុបមែននោះ នោះអ្នករងគ្រោះគឺកម្មករកាត់ដេរ ធនាគារ និងប្រតិបត្តិករគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ លោកមានប្រសាសន៍បន្តថា ប្រទេសចិនដែលគេដឹងថា បានចេញមុខគាំទ្រការបង្រ្កាបរបស់រដ្ឋាភិបាលមកលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាចរ៉ាប់រងទំនិញកាត់ដេរកម្ពុជាបានទេ។
«យើងមើលទំហំទីផ្សារនាំចេញ ជុំវិញពិភពលោកទៅក្នុងប្រទេសចិនវាជាង៥០ភាគរយ ហើយកម្ពុជាយើងបានតែ១,៧ភាគរយនៅក្នុងចំណោមប្រទេសដែលមានការប្រកួតប្រជែងជាមួយចិន ជាមួយហ្នឹងដែរ អីចឹងខ្ញុំគិតថា លទ្ធភាពពាក់ព័ន្ធទៅនឹងការអភិវឌ្ឍផ្សេង ឬក៏ហេដ្ឋារចនាសម្ព័ន្ធ ឬក៏ពាក់ព័ន្ធអាការជំនួយ ឬក៏អាការអភិវឌ្ឍផ្សេង អាហ្នឹងវាអាចពឹងពាក់ចិនបាន ប៉ុន្តែពាក់ព័ន្ធកាត់ដេរនេះ ខ្ញុំគិតថា មិនមានអី ដែលអាចចិនហ្នឹងជួយបានច្រើនទេ»។
បន្ថែមលើការបារម្ភរបស់ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពពាក់ព័ន្ធទណ្ឌកម្មសេដ្ឋកិច្ចដដែលនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ក៏ធ្លាប់បានស្នើឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិនានា កុំយកបញ្ហានយោបាយនៅក្នុងប្រទេសនេះមកបង្កភាពច្របូកច្របល់ដល់ឧស្សាហកម្មកាត់ដេរ ដែលនឹងនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់កម្មករយ៉ាងហោចណាស់ជាង៧០ម៉ឺននាក់ ដែលកំពុងធ្វើការក្នុងវិស័យនេះ។ ការស្នើរបស់ GMAC ធ្វើឡើង ក្រោយពីតុលាការកំពូលចេញដីការំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងសេចក្តីសម្រេចចុងក្រោយមួយរបស់ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីពិធីចុះហត្ថលេខាមួយក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះថា នយោបាយការបរទេសកម្ពុជាគឺរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងអស់នៅលើសកលលោក រួមទាំងសហភាពអឺរ៉ុបផងដែរ។
អ្នកនាំពាក្យរូបនេះបានផ្តល់ក្តីសង្ឃឹមថា សហភាពអឺរ៉ុបនឹងនៅតែគោរពទំនាក់ទំនងរវាងកម្ពុជានិងសហភាពអឺរ៉ុប ដូចដែលកម្ពុជាធ្វើចំពោះសហភាពអឺរ៉ុប។ លោកថ្លែងបញ្ជាក់បន្ថែមថា សហភាពអឺរ៉ុបមិនទាន់ចាត់សកម្មភាពជាក់ស្តែង បិទការនាំចូលទំនិញរបស់កម្ពុជាទៅក្នុងសហភាពអឺរ៉ុបនោះទេ។
«ខ្ញុំគិតថា នៅពេលនេះ វាដូចជាឆាប់ពេក និយាយដល់ការបិទទីផ្សារ ពីព្រោះនៅក្នុងសេចក្តីសម្រេចរបស់ការប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏អត់ទាន់បាននិយាយដល់បញ្ហាហ្នឹងដែរ។ អត់មានការសម្រេចណ៎ាពាក់ព័ន្ធការបិទទីផ្សារអត់ទាន់មានទេ»។
ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបគិតជាទឹកប្រាក់៤.៥៥៥លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហភាពអឺរ៉ុបគិតជាទឹកប្រាក់៦៤៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦។ ប្រទេសកម្ពុជាក៏បាននាំចេញទំនិញទៅសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ ២.៨១៤លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហរដ្ឋអាមេរិកគិតជាទឹកប្រាក់ចំនួន២៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក៕
advice to all these thousands of workers
ask publicly that their conditions will be maintained not only verbal promises but to hold a ceremony and HUN SEN promises and swears to the almighty gods that he keeps these promises
In case of violation the lightnings and the worst disasters fall on him and all those who have him dear in the minutes that follow
miloss please do not believe this guy . do you remember he said if I can not protecting forest in Cambodia I will cut my KHDOR off. until now do you see HUN SEN cut any thing jet instate he cut some one KHDOR off . I knew be for hand if US and EU they out of patient in Cambodia can be a new bloody war. I knew HUN SEN will bleed Cambodian blood again if they are protest to get him out . I see he put his close relative in high position preparing for that day. GOD bless Cambodia and it’s people