លោក ហ៊ុន សែន យកថវិការដ្ឋជាង៤លានដុល្លាផ្ដល់​ទៅ​កម្មករក្រោយ​ថៅកែរត់ចោល

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ (FB: លោក ហ៊ុន សែន)


ប្រមុខរដ្ឋាភិបាល បាន​ប្រកាសផ្តល់ប្រាក់ជាង ៤លានដុល្លា ដើម្បីដោះស្រាយបញ្ហាកម្មករ បន្ទាប់​ពី​ថៅកែរត់ចោល​ដោយ​មិនបានទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាផ្ទាល់​មាត់​កាលពីថ្ងៃទី២១កុម្ភៈ ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយថា មិនត្រូវទុកបញ្ហានេះជាជំងឺរាំរ៉ៃនោះទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី២៨កុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន រំឮកទៅក្រសួងពាក់ព័ន្ធជាថ្មីទៀត ឲ្យដោះស្រាយបញ្ហាកម្មករដែលត្រូវថៅកែរត់ចោល ក្នុងនោះលោក​បានប្រកាសផ្តល់ថិវកាប្រមាណ ៤លាន ៦សែនដុល្លារដើម្បីទូទាត់សំណងជូនកម្មករ ៤១០០នាក់។

លោកបន្ថែមថា៖ «ឥលូវធ្វើម៉េចឲ្យលុយហ្នឹងបានទៅដល់កម្មករ-កម្មការនីដែលអត់ការងារធ្វើ ដែលថៅកែរត់ចោល ហើយក្រៅពីនោះ ឆ្លៀតពេលហ្នឹង រកការងារឲ្យក្មួយៗបានធ្វើឡើងវិញ អាហ្នឹងជាការខិតខំដោះស្រាយ​បញ្ហា។ កន្លងទៅ ក្រសួងខិត​ខំ​សម្រួលថា ធ្វើម៉េចឲ្យថៅកែ ឥលូវហ្នឹងយើងដោះស្រាយជាមួយពួកថៅកែហ្នឹងក្រោយ។ យើងចាប់ផ្តើមយកប្រាក់នេះបើកភ្លាម បើកចប់ទេអាទិត្យហ្នឹងទេមើលទៅ? ព្រោះនេះជាតម្រូវការ គ្នាធ្វើការព្រោះថៅកែរត់ចោលបាត់ទៅ។ ចំនួនកម្មករ៤១០០នាក់»។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា កាលពីសប្ដាហ៍​មុន បានសាទរចំពោះយន្តការដោះ​ស្រាយរដ្ឋាភិបាលនេះ ប៉ុន្តែ លោកក៏បានស្នើទៅរដ្ឋាភិបាលឲ្យមានវិធានការផ្លូវច្បាប់ចំពោះថៅកែទាំងឡាយណាដែលបិទទ្វាររត់ចោលអត់ទូទាត់លុយជូនកម្មករ និងត្រូវបង្កើតយន្តថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនកម្មករពេលថៅកែរត់ចោលនោះផងដែរ ដោយថា កំឡុងពេលរងចាំដំណោះស្រាយនោះ គឺកម្មករជួបផលលំបាកច្រើន។

កាលពីម្សិលមិញកម្មករនៅរោងចក្រ២ក្នុងចំណោមរោងចក្រជាច្រើនទៀត ដែលថៅកែរត់ចោល បានរាយការណ៍ប្រាប់វីអូឌីថា រោងចក្រ អ៊ីហ្វា ហ្គាមេន និងរោងចក្រ ជីឡុង មិនទាន់ទទួលបានសំណងទេ បើទោះជា លោក​នាយករដ្ឋមន្រ្តីបញ្ជាទៅមន្រ្តី​ក្រោម​ឱវាទឲ្យចុះដោះស្រាយបន្ទាន់ក៏ដោយ។

កម្មករបម្រើការងារនៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ្នកស្រី ហ៊ន សុខឃាង និយាថា ការពន្យាពេលនេះបានធ្វើឲ្យ កម្មករជួបផលលំបាកច្រើន ដូចជា គ្មានលុយបង់ថ្លៃទឹកភ្លើង បន្ទាប់ជួល និងការចាយវាយប្រចាំថ្ងៃជាដើម។

អ្នកស្រីបន្ថែមថា«សម្តេចគាត់ស្រែកប៉ុណ្ណឹងហើយ សូមឲ្យថ្នាក់នាំក្រោមៗស្តាប់គាត់ផង ហើយធ្វើការតាម បញ្ជាគាត់ផង ចុះមកដោះស្រាយឆាប់ៗមក ព្រោះកម្មករលំបាក អត់បានទៅរកការងារធ្វើទៀតទេ ដោយកម្មករនៅតែបន្តដេកយាមរោងចក្រ ហើយកម្មករចង់បានតែប្រាក់ចុងក្រោយទេ ម្នាក់ៗ២០០ជាងហ្នឹង»។

ក្រុម​កម្មករ-កម្មការនី នៅរោងចក្រ ២ ក្នុងចំណោមរោងចក្រ ៤ ដែលថៅកែរត់ ចោលបាន​អះអាងថា ពួកគេសម្រេចលក់សម្ភារៈក្រុមហ៊ុនឡៃឡុងដើម្បីទូទាត់សំណង ខណៈរោងចក្រផ្សេងទៀតបន្តដេកយាមមុខរោងចក្រដើម្បីរងចាំដំណោះស្រាយតាមប្រសាសន៍ លោក ហ៊ុន សែន។

កាលពីដើមកុម្ភៈកម្មករប្រហែល២ពាន់នាក់នៃរោងចក្រ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលមានថៅកែជាជនជាតិចិន​តែ​ម្នាក់​នោះ បានផ្ទុះការតវ៉ាដោយដេកយាមមុខរោងចក្រតាំងពីថ្ងៃទី៨ ខែកុម្ភៈរហូតមកដល់ថ្ងៃនេះ បន្ទាប់ពីថៅកែបិទទ្វារត់ចោលដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ក្រៅពីរោងចក្រទាំង៤នេះ គឺមានរោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យ ក៏ថៅកែរត់ចោលអត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែរ ខណៈរោងចក្រ ហ្វឹស ហ្គាវ័ន្តនៅសង្កាត់ចាក់​អង្រែលើ និងរោងចក្រ ហ្គា​វ័ន្ត នៅក្រុងតាខ្មៅ ត្រូវកម្មករដេករោងចក្ររយៈពេលជាង ២ខែហើយរហូតមកថ្ងៃនេះ ដោយសារឃើញថៅកែលួចដឹកឥវ៉ានចេញ៕


សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន យកថវិការដ្ឋជាង៤លានដុល្លាផ្ដល់​ទៅ​កម្មករក្រោយ​ថៅកែរត់ចោល"

  1. Chourn says:

    គ្រាន់តែជាល្បិចមួយថ្មីទៀតដើម្បីទាក់ទាញទឹកចិត្តកម្មករតាមរយះយកលុយទៅទិញទឹកចិត្តតាមរូប ភាពឃុបឃិតគ្នារវាងរដ្ឋាភិបាលនិងថៅកែរោងចក្រ។ ដំបូងរដ្ឋាភិបាលបញ្ជារឲ្យយរោងចក្ររត់ចោល ហើយក្រោយមករដ្ឋាភិបាលធ្វើជាចូលទៅដោះស្រាយយកមុខមាត់។ តាមពិតរាល់ក្រុមហ៊ុនមករកសុី នៅស្រុកខ្មែរនិមួយៗរដ្ឋាភិបាលតម្រូវឲ្យយក្រុមហ៊ុននោះដាក់តម្កល់លុយនៅធនាគារជាតិព្រោះនៅ ពេលមានហានិភ័យកើតឡើងដូចជាថៅកែរោងចក្ររត់ចោលនោះគេត្រូវយកលុយដែតម្កល់ទាំង នោះ មកបើកឲ្យកម្មករ៕ ដូច្នេះលុយដែលបើកឲ្យកម្មករទាំងនោះគឺមិនមែនលុយរដ្ឋាភិបាលនោះទេ។

  2. Anonymous says:

    How come Prime minister Hun Sen has lot of money????????????????? Where is the money come from, his family’s benefits or corruption??????????????
    Cambodians has the answers, if you don’t know please call global witnesses.org.