រដ្ឋា​ភិ​បាល​ផ្ទេរ​ឥណ​ទាន​សម្រាប់​ចំណាយ​លើ​សម្ភារ​ទប់​ទល់​បាតុ​កម្ម

សកម្មភាពបង្ក្រាបបាតុករនៅតាមបណ្ដោយផ្លូវវេងស្រេង កាលពីឆ្នាំ ២០១៤។ ភ្នំពេញ ប៉ុសិ៍្ត



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ រដ្ឋា​ភិ​បាល​កម្ពុជា​បាន​សម្រេច​ផ្ទេរ​ឥណ​ទាន​ថវិកា​ប្រ​មាណ​ជា​៤,៥​លាន​ដុល្លា​រ​អា​មេ​រិក​សម្រាប់​ចំណាយ​លើ​សម្ភារ​ទប់​ទល់​នឹង​បាតុ​កម្ម​ជា​អ្វី​ដែល​សង្គម​ស៊ី​វិល​និង​អ្នក​វិភាគ​ថា​គួរ​បែង​ចែក​ថវិកា​ទាំង​នេះ​ទៅ​លើ​រឿង​ផ្សេង​ដែល​នេះ​ហាក់​បង្ហាញ​ពី​ភាព​ស្រ​ពេច​ស្រ​ពិល​ដោយ​មិន​ទុក​ចិត្ត​ពី​ស្ថាន​ការ​ណ៍​នា​ថ្ងៃ​អនា​គត​។

នៅ​ក្នុង​អនុ​ក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​២៩​ខែធ្នូ​ ឆ្នាំ​២០១៧ ​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ដែល​ភ្នំ​ពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​លោក​ អូន ​ព័ន្ធ​មុនី​រ័ត្ន ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ផ្ទេរ​ឥណទា​ន​ថវិកា​ចំនួន ​១៧ ​៩៣២​ ០០០​ ០០០ រៀល​ ប្រ​ហែល​៤,៥​លាន​ដុល្លារ​ពី​ជំពូក​៦៩​ (ចំណាយ​មិន​បាន​គ្រោង​ទុក​)នៃ​ខ្ទង់​ចំណាយ​មិន​ទាន់​បែង​ចែក​មក​ជំពូក​៦០(​ការ​ទិញ)ជូន​ក្រសួង​មហា​ផ្ទៃ​(សន្តិ​សុខ​សា​ធា​ណៈ)សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧។​​

អនុ​ក្រឹត្យ​នោះ​បាន​បញ្ជាក់​ថា៖«ការ​បែង​ចែក​ឥណ​ទាន​ថវិកា​ចំណាយ​ក្នុង​ជំពូក​នេះ​តាម​គណនី​និង​អនុ​គ​ណនី​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​សម្រាប់​ទិញ​ឧបក​រណ៍​ការ​ពារ​បាតុ​ក​ម្ម​ចំនួន​៩​មុខ»​។

អនុ​ក្រឹត្យ​នោះ​បន្ថែម​ថា៖​«រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្ដី​សម្រេច​នេះ​តាម​ភារ​កិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេ​ខា​
តទៅ»​។

យ៉ាង​ណា​ក៏​ដោយ ​អនុ​ក្រឹត្យ​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​សម្ភារ​ទាំង​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ​។

លោក​ សន​ ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ថា ថវិកា​នេះ​គួរ​ត្រូវ​បាន​បែង​ចែក​ឱ្យ​បាន​ល្អ​ប្រសើរ​​ដោយ​ប្រើ​ប្រាស់​សម្រាប់​បង្ក្រាប​ការ​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ​ការ​ឆក់​ប្លន់ លួ​ច​និង​ការ​ញៀន​ថ្នាំ ​វិញ​។

លោក​បានបន្ត​ថា៖​«ខ្ញុំ​មិន​គិត​ថា​បាតុក​ម្ម​នឹង​កើត​ឡើង​ម្តង​ទៀត​នៅ​កម្ពុជា​ទេ​ ខណៈ​គណ​បក្ស​ប្រ​ឆាំង​ត្រូវ​បាន​រំលាយ»ហើយ​ពល​រដ្ឋ​ដែល​មក​ធ្វើ​បាតុ​កម្ម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​បញ្ហា​យុត្តិ​ធម៌​ ខ្ញុំ​គិត​ថា​ពេល​រដ្ឋា​ភិ​បាល​បង្ក្រាប​ពួក​គេ​វា​នឹង​កាត់​បន្ថយ​សេរី​ភាព​បញ្ចេញ​មតិ»​។

អ្នក​វិភាគ​នយោ​បាយ​និង​សង្គម​លោក​ បណ្ឌិត​ មាស ​នី​ បាន​ថ្លែង​ថា៖«វា​ហាក់​ដូច​ជា​រដ្ឋា​ភិ​បាល​មាន​ការ​ស្រ​ពេច​ស្រ​ពិល​មិន​ទុក​ចិត្ត​ស្ថាន​ការ​ណ៍ក្នុង​ពេល​អនា​គត។​ យើង​ឃើញ​មា្ខ​ង​ដូច​ជា​ចង់​បាន​ប្រជា​ប្រិយ​ភាព​ពី​ប្រជា​ជន​ដូច​ជា​ សម្តេច​នាយ​ក​ គាត់​បាន​ចុះ​ទៅ​មូល​ដ្ឋាន​ ហើយ​មាន​ការ​កំណែ​ទម្រង់​ផ្សេងៗ ​ហើយ​មន្ត្រី​ដទៃ​ទៀត​ក៏​បាន​ចុះ​មូល​ដ្ឋាន​ទៅ​ជួប​ពលរដ្ឋ​ដើម្បី​ប្រជា​ប្រិយ​ភាព​ដែរខណៈ​ដែល​ដៃ​ម្ខាង​ទៀត​ច្រើន​តែ​​​​ប្រើ​​នូវ​​ភាសា​​ខ្លះ​​ដែល​​អាច​នាំឱ្យ​មនុស្ស​ភ័យ​ខ្លាច​និង​តាម​រយៈ​ការ​ផ្តល់​ប្រាក់​និង​សម្ភារ​សម្រាប់​បង្ក្រាប​។

លោក​ថ្លែង​ថា​៖«វា​គឺជា​ផ្នែក​មួយ​នៃ​កា​រធ្វើឱ្យ​មនុស្សភ័​យខ្លា​ច​ឬ​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ​នៅ​ពេល​ប្រជា​ជន​តវ៉ា​រឿង​ផ្សេងៗ​និង​ភាព​អយុត្តិ​ធម៌»។​

លោក​បាន​បន្ត​ថា​ នេះ​គឺ​ដូច​ជា​ការ​ព្យាបា​ល​ជំងឺ​មហា​រីក​ នៅ​ពេល​យើង​ប្រើ​ថ្នាំ​ខុស​ឆ្គង​ដើម្បី​ព្យា​បាល​ វា​អាច​បណ្តាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់​ភ្លាមៗ ហើយ​ដូច​ជា​ការ​បង្ក្រាប​និង​វិធាន​ក្ដៅ​របស់​រដ្ឋាភិ​បាល​វា​អាច​ទៅជា​ដូចជា​ ការ​ប្រើ
ប្រា​ស់​ថ្នាំ​ខុស​និង​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​ភាព​របស់​វា​នា​ពេល​ខាង​មុខ​។

លោក​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​គិត​ថា​ចារ​កម្ម​របស់​រដ្ឋាភិ​បាល​បាន​ធ្វើកា​រ​យ៉ាង​ហ្មត់​ចត់​បន្ទាប់​ពី​ការ​ចុះ​ខ្សោយ​គណ​បក្ស​ប្រ​ឆាំង។ ​វា​ហាក់​ដូច​ជា​មិន​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ប៉ុន្មាន​ ដោយ​​សារ​តែ​ការ​គាំទ្រ​របស់​គណប​ក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា ​នៅ​ទ្រឹង​និង​បាក់​ទឹក​ចិត្ត…ដូច្នេះ​ហើយ​រដ្ឋា​ភិ​បាល​ត្រូវ​ព្រួយ​បារម្ភ​ថា​វា​អាច​ជា​បញ្ហា​តវ៉ា​នៅ​ពេល​បោះ​ឆ្នោត។ ​វា​ជា​ការ​ត្រៀម​ទុក​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​»។

អ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​លោក​ ខៀវ សុ​ភ័គ មិន​បាន​ឆ្លើយ​តបនឹង​ករណី​នេះ​ទេ ដោយ​លោក​បាន​បង្វែរ​ឲ្យ​សួ​រ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក គៀត ច័ន្ទ​ថារិទ្ធ ដែល​មិន​អាច​ទាក់​ទង​បាន​កាល​ពី​ម្សិល​មិញ​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles