សមាជិកសភាអូស្ដ្រាលីថា លោក ហ៊ុន សែន មិនអាចគំរាមអ្នកតវ៉ាលើទឹកដីអូស្ដ្រាលី

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

លោក Chris Bowen សមាជិក​សភា​អូស្ត្រាលី​មក​ពី​បក្ស​ប្រឆាំង (រូបភាពពី AFR)


សមាជិកសភាអូស្ដ្រាលីម្នាក់ គាំទ្រការតវ៉ាប្រឆាំងវត្តមានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅឯ​កិច្ចប្រជុំកំពូលមួយនៅ​ក្នុង​ខែ​មីនានេះ បន្ទាប់ពីមេដឹកនាំកម្ពុជា បាន​ថ្លែង​គំរាម​​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រូប​លោក​នៅ​លើ​ទឹក​ដី​អូស្ត្រាលី។

ថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃពុធម្សិលមិញ លោក Chris Bowen សមាជិក​សភា​អូស្ត្រាលី​មក​ពី​បក្ស​ប្រឆាំង បានទទូចទៅរដ្ឋាភិបាលប្រទេសមួយនេះ ឲ្យគាំទ្រសហគមន៍ខ្មែរ-អូស្ដ្រាលី ដែល​ត្រៀមធ្វើបាតុកម្មអហិង្សាប្រឆាំងវត្តមានលោក ហ៊ុន សែន។ នេះ​បើ​តាម​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​សមាជិក​សភា​រូប​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​វីដេអូ​នោះ លោកថ្លែងថា ទោះបីលោក ហ៊ុន សែន ជាមេដឹកនាំអាស៊ាន ប៉ុន្ដែភាសាគំរាមកំហែង​ដែលលោកប្រើនោះ មិនគួរត្រូវបានស្វាគមន៍លើទឹកដីអូស្ដ្រាលីឡើយ។

សមាជិកសភាអូស្ដ្រាលីរូបនេះ ក៏ថ្លែងរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ថា ពោរពេញដោយការរំលោភសិទ្ធិមនុស្ស គៀបសង្កត់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។

លោកថ្លែងថា៖ «លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបង្ក្រាបទៅលើសិទ្ធិបញ្ចេញមតិដោយសេរី។ គាត់បិទស្ថាប័ន​ព័ត៌មាន​ដែលរិះគន់គាត់ គាត់ចាប់ដាក់គុកសមាជិកបក្សប្រឆាំង ហើយអ្វីជាក្ដីព្រួយបារម្ភជាងនេះទៀតនោះ គឺលោក ហ៊ុន សែន បានថ្លែងសន្ទរកថា ដែលក្នុងសន្ទរកថានោះ គាត់ថា បើមានការតវ៉ាប្រឆាំង ឬដុតរូបទីងម៉ោងមានរូបគាត់នោះ គាត់នឹងឲ្យគេតាមពួកគេដល់ផ្ទះ វាយពួកគេ និងចាប់ពួកគេ ហើយពួកគេត្រូវដឹងថា សភាមួយនេះ មិនអនុញ្ញាតឲ្យមានភាសាបែបនេះ​ពីនរណាម្នាក់ បើទោះជាពួកគេជាប្រមុខរដ្ឋាភិបាលប្រទេសណាមួយក៏ដោយ។ យើងនឹងឈរនៅជាមួយសហគមន៍ខ្មែរ-អូស្ដ្រាលី និងសិទ្ធិរបស់ពួកគេ ក្នុងការតវ៉ាដោយសន្ដិវិធី។ បើទោះគាត់ជានាយករដ្ឋមន្ដ្រី គាត់មិនអាចមកប្រទេសយើង ហើយប្រកាន់អាកប្បកិរិយាដូចនេះបានឡើយ»។

ថ្លែងក្នុងពិធីមួយពីខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន រំឭកឲ្យរដ្ឋាភិបាលអូស្ដ្រាលី ការពារសុវត្ថិភាពរបស់លោក ដោយថា អាចមានក្បួនតវ៉ាណាមួយ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលីខាងមុខនេះ។

លោកថ្លែងថា៖ «ក្នុងស្រុកខ្មែរអត់ហ៊ានស្រែកទេ ហ៊ានស្រែកក្រៅប្រទេស ប៉ុន្ដែ ខ្ញុំព្រះករុណាខ្ញុំ​ទៅប្រទេសអូស្ដ្រាលី រដ្ឋាភិបាលប្រទេសអូស្ដ្រាលី ក៏ត្រូវមានការទទួលខុសត្រូវ មិនមែនខ្ញុំទៅជិះតាក់ស៊ីទេ ជិះឡានដាក់ទង់ជ័យកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ដ្រី​នៃប្រទេសឯករាជ្យ អធិបតេយ្យភាព ហើយក៏ជាសមាជិកអាស៊ាន»។

យ៉ាងណាក៏ដោយ សន្ទុះនៃការតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន​ សែន បានកើនឡើង បន្ទាប់ពីលោក ហ៊ុន សែន ថ្លែងគំរាមឲ្យកម្លាំងតាមពួកគេដល់ផ្ទះ បើហ៊ានដុតទីម៉ោង ដែលភ្ជាប់រូបលោកនាយករដ្ឋមន្ដ្រីនោះ។

ពលរដ្ឋខ្មែរនៅអូស្ដ្រាលី ដែលមិនពេញចិត្តការដឹកនាំរបស់លោក ហ៊ុន​ សែន បានប្រកាសថា ពួកគេនឹងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី នៅថ្ងៃទី១៧-១៨ខែមិនាខាងមុខនេះ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

One Response to "សមាជិកសភាអូស្ដ្រាលីថា លោក ហ៊ុន សែន មិនអាចគំរាមអ្នកតវ៉ាលើទឹកដីអូស្ដ្រាលី"

  1. people says:

    Funny veitcong mafia dictator’ he doesn’t know how the democracy in the world’ he only know how to kill’ how to cheat how to corrupted how to jail any body critizice him so his brain are the veitcong killer brain . This guy need to be punished because he killed a lot of people’ . GOD bless all good people’