
លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃបោះឆ្នោតនៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៨។ Pha Lina
Mon, 9 April 2018
សុទ្ធ គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២ រូប គឺលោកស្រី ជា ច័ន្ទទេវី និងលោក សួន មាន ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រ ឱ្យធ្វើជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៤ នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០១៨ ហើយសមាជិកទាំង ២ រូបនេះ នឹងត្រូវចូលកាន់តំណែងនៅព្រឹទ្ធសភា នាពេលខាងមុខ ជាមួយនឹងសមាជិកព្រឹទ្ធសភាចំនួនចំនួន ៦០ រូបផ្សេងទៀត។
តាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា មានចំនួនពាក់កណ្តាល នៃសមាជិករដ្ឋសភា ពោលគឺមានចំនួន ៦២ រូប សម្រាប់អាណត្តិថ្មីនេះ ក្នុងនោះមាន ២ រូប ត្រូវបានជ្រើសតាំងដោយ ព្រះមហាក្សត្រ ២ រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង ៥៨ រូបទៀត ត្រូវដាក់ឱ្យបោះឆ្នោតដោយ សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិករដ្ឋសភា ដែលជាអង្គបោះឆ្នោត។
ដោយសារតែការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និតិកាលទី ៤ នេះ ពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងដ៏ខ្លាំងក្លា ជាមួយគណបក្សកាន់អំណាច ដោយសារតែគណបក្សប្រឆាំងមួយនេះ ត្រូវបានរំលាយ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំងអស់ នៅក្នុងការបោះឆ្នោតនេះ។
ការបោះឆ្នោត នៅព្រឹកថ្ងៃទី ៩ ខែមេសា នេះ ធ្វើឡើងខណៈដែលរដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី ១០ នីតិកាលទី ៥ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចំនួន ១១៤ រូបចូលរួម។
ជាលទ្ធផលដែលប្រកាសដោយលោក ហេង សំរិន បានបង្ហាញថា សន្លឹកឆ្នោតសរុបមានចំនួន ១១៤ សន្លឹក នៃសមាជិករដ្ឋសភាជាតិទាំងមូល ដោយបានបោះជូនលោកស្រី ជា ច័ន្ទទេវី ចំនួន ១០៤ សំឡេង សន្លឹកឆ្នោតមិនព្រមមានចំនួន ៩ សំឡេង សន្លឹកឆ្នោតអនុបវាទចំនួន ១ សំឡេង។ ចំណែកលោក សួន មាន ទទួលបានការគាំទ្រចំនួន ១០៤ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល សន្លឹកឆ្នោតមិនព្រមចំនួន ៧ សំឡេង សន្លឹកឆ្នោតអនុបវាទចំនួន ៣ សំឡេង។
លោក ហេង សំរិន បានប្រកាសថា៖«តាមលទ្ធផលនៃការបោះឆ្នោត នាពេលនេះ ខ្ញុំសូមប្រកាលថា លោកជំទាវ ជា ច័ន្ទទេវី និងឯកឧត្តម សួន មាន ត្រូវបានអង្គសភាជាតិ បោះឆ្នោតជាប់ជាសមាជិក សមាជិការព្រឹទ្ធសភា និតិកាលទី ៤ ជ្រើសតាំងដោយរដ្ឋសភាជាតិ»។
ក្រៅពីការបោះឆ្នោតគាំទ្របេក្ខភាពសមាជិកព្រឹទ្ធសភា ក្នុងកិច្ចប្រជុំរដ្ឋសភា ក៏មានការអានព្រះរាជសារព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ បានលើកសសើរ ដល់រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង បំពេញកិច្ចការងារ បានយ៉ាងល្អ ធ្វើឲ្យស្រុកទេស មានសុខសន្តិភាព មានការអភិវឌ្ឍ និងអានរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី ៩ និងលើកទី ១០ នីតិកាលទី ៤ និងបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕
Contact author: សុទ្ធ គឹមសឿន