លោក​ ហ៊ុន សែន ថា ២០១៧ ជា​ឆ្នាំ​​ដែល​បដិវត្តន៍​ពណ៌​ត្រូវ​ទទួល​បរាជ័យ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កន្លង​មក​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ឆ្នាំ ២០១៧ ​កន្លង​ទៅ​គឺជា​ឆ្នាំ​ដែល​ «​បដិវត្តន៍​ពណ៌​» ត្រូវ​ទទួល​ «​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​» នៅ​កម្ពុជា​ជា​អ្វី​ដែល​លោក​បាន​អធិប្បាយ​ថា ជា​ឧបាយកល​របស់​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ការ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ «​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​»​។

ប៉ុន្តែ​អតីតមន្ត្រី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​វោហារស័ព្ទ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា គ្រាន់​តែ​ជា​ការ​ «​លាប​ពណ៌​» ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​។

ក្នុង​សារលិខិត​ដែល​មាន​ចំនួន​ ៥ ទំព័រ​ផ្ញើ​ជូន​ជនរួមជាតិ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​ដែល​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ៣ ខែ​មេសា ហើយ​ទើប​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ឆ្នាំ ២០១៧ ថា​ជា​ឆ្នាំ​ដែល​ «​បដិវត្តន៍​ពណ៌​» ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដោយ​លោក​សំដៅ​សកម្មភាព​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

តុលាការ​កំពូល​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន​ ១១៨ រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ ខណៈ​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​នេះ កំពុង​ជាប់​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​។

លោក​ ហ៊ុន សែន ​បាន​សរសេរ​ថា​៖ «​ក្នុង​ឆ្នាំ​កន្លង​ទៅ​ទោះបី​កម្ពុជា​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក៏ដោយ ក៏​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន និង​ខឿន​សន្តិសុខ​ជាតិ​ត្រូវ​បាន​ពង្រឹង​យ៉ាង​រឹងមាំ​ធានា​ដល់​កិច្ចការពារ​បូរណភាព​ដែនដី ការពារ​សន្តិសុខ ស្ថិរភាព​នយោបាយ និង​ភាព​សុខដុមរមនា​នៃ​សង្គមជាតិ​ទាំង​មូល​ជាពិសេស​ឧបាយកល​បដិវត្តន៍​ពណ៌​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក៏​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​តាមរយៈ​វិធានការ​ច្បាប់​ដ៏ម៉ឺងម៉ាត់ ហើយ​ក៏​ជា​ឆ្នាំ​ដែល​បដិវត្តន៍​ពណ៌ ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ផង​ដែរ​»​។

លោក​គូសបញ្ជាក់​ថា​៖ «​ជា​លទ្ធផល កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះមហន្តរាយ​ជាថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ជាតិ​»​។

បន្ថែម​លើ​នេះ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​សរសើរ​ពី​កំណើន​សេដ្ឋកិច្ច ៦.៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ​ការ​ទទួល​បាន​សេវា​អប់រំ​គ្រប់​រូបភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​វិស័យ​ធារាសាស្ត្រ ឧស្សាហកម្ម ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ឲ្យ​ឡើង​ដល់ ១៧០ ដុល្លារ​ក្នុង ១ ខែ ជា​ដើម​។ លោក​ក៏​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ ២០១៨ ដើម្បី​ «​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ក្នុង​ឋានៈ​ជា​ម្ចាស់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន​»​។

នៅ​ចុង​បញ្ចប់​នៃ​សារលិខិត​ដែល​មាន​ចំនួន​ ៥ ​ទំព័រ​នេះ​លោក ហ៊ុន សែន បាន​បួងសួង​ឲ្យ​ «​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឲ្យ​មាន​សន្ដាន​ចិត្ត​ជា​កុសល យោគយល់​គ្នា រួបរួម​សាមគ្គី​គ្នា ជា​មហា​គ្រួសារ​តែ​មួយ​នៅលើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត និង​ប្រកប​ដោយ​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ តរៀង​ទៅ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​សមិទ្ធផល​ជា​វិជ្ជមាន​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​កន្លង​មក តែ​ទោះ​យ៉ាង​ណា​លោក​ថា​ការ​ចោទ​គណបក្ស​ប្រឆាំង​ថា​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នោះ​គឺជា​ «​ការយល់​ច្រឡំ​» ​រវាង​គ្នា និង​គ្នា​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ឈរ​លើ​គោលការណ៍​អហិង្សា ហើយ​យើង​តែង​ឈរ​លើ​គោល​មាគ៌ា​នយោបាយ​ប្រជាធិបតេយ្យ យើង​មិន​ដែល​មាន​គំនិត​ដណ្ដើម​អំណាច​ដោយ​ប្រើប្រាស់ ឬ​ក៏​ធ្វើ​បដិវត្តន៍​ពណ៌​ទេ ហើយ​វា​ក៏​មិន logic ផង​ដោយសារ​សំឡេង​អ្នក​ប្រឆាំង សឹង​តែ​ស្មើ​គ្នា​នឹង​សំឡេង​របស់​គណបក្ស​កាន់​អំណាច​ទៅ​ហើយ ដូច្នេះ​គ្មាន​កិច្ចការ​អី​ចាំបាច់​ទៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​តាម​មធ្យោបាយ​ផ្សេង ក្រៅពី​ការបោះឆ្នោត​ទេ​»​។

លោក​បន្ថែម​ថា​៖ «​បើ​យើង​និយាយ​ពី​ការ​លាប​ពណ៌ គឺ​ត្រឹមត្រូវ​ជាង​ដើម្បី​បង្ក្រាប​បក្សប្រឆាំង ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​លោក​យល់​ហើយ ទោះបី​សារ​ជូនពរ​នោះ​មាន​ខ្លឹមសារ​យ៉ាងម៉េច ប្រជាពលរដ្ឋ​ខ្មែរ​លោក​យល់ ហើយ​លោក​មិន​អាច​ទៅ​ជឿ​បាន​ទេ ហើយ​ខ្ញុំ​នៅ​តែ​ជឿ​ថា​ការបំបាត់​សំឡេង​ជាង ៣ លាន​នាក់​ដែល​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ វា​មិនមែន​ជា​ការ​ងាយ​ទេ​»​។

លោក Paul Chambers អ្នក​ជំនាញ​អំពី​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ Naresuan ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​បាន​ថ្លែង​ថា​៖ «​សុន្ទរកថា​របស់​លោក​ ហ៊ុន សែន តំណាង​ឲ្យ​ការធ្វើ​នយោបាយ​សម្រាប់​ការបោះឆ្នោត​នា​ខែ​កក្កដា​។ ជា​ការពិត​សកម្មភាព​របស់​គាត់​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក លោក ហ៊ុន សែន បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធភាព​។ លម្ហ​នយោបាយ និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរីនិយម​បាន​ក្លាយ​ជា​សត្រូវ​ដ៏ខ្លាំងក្លា​របស់​គាត់​»៕

រាយការណ៍​បន្ថែម​ដោយ Andrew Nachemson


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សែន ថា ២០១៧ ជា​ឆ្នាំ​​ដែល​បដិវត្តន៍​ពណ៌​ត្រូវ​ទទួល​បរាជ័យ"

  1. people says:

    Veitcong mafia dictator can do anything in this country because this country is in your hand mr veitcong mafia dictator’ what ever you said are right in your circle in your mafia groups but for international and around the world ‘you are the worse mafia dictator in this planet ‘because you never respected Human right ‘you never respected constitution ,never respected the treaty of Parish accord and you did the coup killing a lot of khmer nationalists ‘you can win here but you will die soon and lose in the hell ‘ and the hell’s gate open for you ‘. GOD bless all good people’