ដោយ ហេង សកល
2018-04-10
RFA

អ្នកភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ស្ងោរឃ្មុំយកក្រមួន។ Photo: RFA
![]()
ពលរដ្ឋដែលក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនី សេសានក្រោម ២ ជាង ១រយគ្រួសារ រស់នៅឃុំស្រែគ និងឃុំក្បាលរមាសចាស់ ស្រុកសេសានខេត្តស្ទឹងត្រែង ត្អូញត្អែរពីការពន្យារពេល ដោះស្រាយបញ្ហាប្រឈម បង្កឲ្យពួកគាត់ជួបការលំបាកផ្នែកសុខភាព ខ្វះខាតទឹកប្រើប្រាស់ និងកុមារជាច្រើនបោះបង់ការសិក្សា។
អ្នកភូមិថា ក្រោយពីក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិ កាលពីចុងឆ្នាំ ២០១៧ ពួកគាត់ជួបការលំបាកវេទនាសព្វបែបយ៉ាងដោយខ្វះស្បៀងអាហារ និងទឹកស្អាតប្រើប្រាស់ និងការគំរាមកំហែងតាមអំណាចតុលាការផង។
ជនជាតិដើមភាគតិចព្នងរស់នៅភូមិក្បាលរមាសចាស់ សម្តែងក្តីអស់សង្ឃឹមចំពោះការសន្យារបស់អាជ្ញាធរក្នុងការអនុវត្តអនុសាសន៍លោក ហ៊ុន សែន ថា នឹងដោះស្រាយសំណូមពររបស់ពួកគាត់ ដែលចង់បង្កើតភូមិថ្មី និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ និងសាលារៀនជាដើម តែរហូតមកទល់ពេលនេះ ពួកគេនៅពុំទាន់ឃើញតម្រុយដំណោះស្រាយជាវិជ្ជមាននៅឡើយទេ។ លើសពីនេះ អាជ្ញាធរបានប្រើតុលាការកោះហៅជនជាតិដើមភាគតិច ៣នាក់ ឲ្យស្រាយបំភ្លឺ ពីបទញុះញង់ឲ្យកើតមានបទល្មើសឧក្រិដ្ឋ ដែលបង្កឲ្យពលរដ្ឋភ័យព្រួយពីសុវត្ថិភាពក្នុងការទាមទារសំណង។
ពលរដ្ឋបដិសេធមិនទទួលសំណងរស់នៅភូមិក្បាលរមាសចាស់ លោកស្រី ស្រាំង ឡាញ់ ឲ្យដឹងនៅថ្ងៃទី០៩ មីនាថា អាជ្ញាធរនៅតែអូសបន្លាយពេលដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ បង្កឲ្យទំហំផលប៉ះពាល់កាន់តែរីកធំឡើង។ លើសពីនេះ បទល្មើសព្រៃឈើក្នុងព្រៃសហគមន៍នៅតែកើតមានឥតឈប់ឈរពីអ្នកខាងក្រៅ ហើយផ្លូវធ្វើដំណើរលំបាក គឺជាឧបសគ្គមួយទៀតប៉ះពាល់ដល់ការដឹកជញ្ជូនកសិផល និងធ្វើដំណើរ។ លោកស្រីកត់សម្គាល់ថា កាលពីខែមីនាកន្លងទៅ ស្ត្រីមានផ្ទៃពោះត្រូវម្នាក់ បានរលួតកូនស្លាប់ នៅគ្រាដែលបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ ដោយសារផ្លូវលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ៖ «រាល់ថ្ងៃនេះ អត់មានខាងអាជ្ញាធរ ឬខាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនជីកអណ្តូងឲ្យ អត់ទាន់មានទេ មានតែជីកខ្លួនឯង។ ទឹកដងមកប្រើប្រាស់ជួបរាករុះខ្លះដែរ មានគ្រុនក្រៅខ្លះដែរ»។
ស្ត្រីដដែលអះអាងថា អ្នកភូមិ ៥៨ គ្រួសារ សុខចិត្តស្លាប់នៅភូមិកំណើត មិនប្តូរឥរិយាបទដាច់ខាត បើទោះបី អាជ្ញាធរប្រើអំណាចតុលាការដាក់សម្ភាធឲ្យពួកគាត់ព្រមទទួលសំណងក្តី។ ក្រៅពីនេះ អ្នកភូមិសាមគ្គីគ្នាសាងសង់ផ្ទះថ្មីជាបណ្តោះអាសន្ន ហើយពលរដ្ឋខ្លះទៀត បន្តរស់នៅលើទីទួលខ្ពស់នៅចម្ការ។ លោកស្រីបន្ថែមថា អ្នកភូមិបានប្រជុំពិភាក្សា ក្នុងការស្វែងរកទីតាំងកសាងវត្តអារាម និងបានដឹកជញ្ជូនព្រះពុទ្ធបដិមាពីភូមិចាស់ ទៅកាន់ទីសុវត្ថិភាពរួចហើយ៖ «ដាច់ខាតមិនចេញទៅណាទេ រស់នៅភូមិកំណើត ទោះបីផ្ទះទឹកលិចនៅតែនៅភូមិជានិច្ច។ កូននៅស្រែម៉ែនៅភូមិ។ ជូបការលំបាកខ្វះគ្រូផង និងខ្វះសាលាផង »។
កាលពីថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខែត្រស្ទឹងត្រែង និងតំណាងក្រុមហ៊ុន បានចុះភិក្សាជាមួយពលរដ្ឋ ៥៨គ្រួសារ នៅភូមិក្បាលរមាសចាស់ដោយអះអាងថា អាជ្ញាធរខេត្តនឹងធ្វើប្លង់ដីសមូហភាព និងផ្ដល់សេវាសាធារណៈជាដើម។ ក៏ប៉ុន្តែអាជ្ញាធរខេត្តពុំបានកំណត់ពេលស្ថាបនាសាលារៀនមណ្ឌលសុខភាព ផ្លូវ និងវាស់វែងកំណត់ទីតាំងថ្មីនៅឡើយទេ។
មេឃុំស្រែគរ លោក សៀក មេគង្គ ដែលរបបលោក ហ៊ុន សែន ដកចេញពីតំណែង អះអាងថា ពលរដ្ឋនៅឃុំស្រែគរចាស់ ៥០គ្រួសារ រួមបញ្ចូលទាំងពលរដ្ឋបំបែកគ្រួសារនៅតែក្រាញននៀលមិនចាកចេញពីភូមិកំណើត និងកំពុងសាងសង់លំនៅឋានថ្មីដោយខ្លួនឯង និងវត្តអារាម ដើម្បីកសាងជីវិតថ្មី បើទោះបីជាអាជ្ញាធរនៅតែព្យាយាមផ្សព្វផ្សាយពីគោលនយោបាយសំណង។ លោកថា អាជ្ញាធរហាក់រើសអើងពលរដ្ឋ និងរារែកក្នុងការអនុវត្តអនុសាសន៍ថ្នាក់ដឹកនាំ។ លោកកត់សម្គាល់ថា អាជ្ញាធរប្រើអំណាចដោះស្រាយបញ្ហា និងប្រើកម្លាំងសមត្ថកិច្ចរឹតត្បិតសិទ្ធិសេរីភាព ពុំមែនជាយន្តការដោះស្រាយសំណងត្រឹមត្រូវតាមច្បាប់នោះទេ និងបង្កឲ្យពលរដ្ឋមិនពេញចិត្ត៖ «គ្នាមិនចាកចេញពីភូមិក៏ដោយ ចុះបើគ្នាលិចទឹកភូមិ ផ្ទះគ្នាទឹកលិចចោលរាល់ថ្ងៃ។ ទោះបីគាត់មិនចេញដោះស្រាយដែរ។ ក្នុងនាមខ្ញុំតំណាងពលរដ្ឋវាខុស បិទទន្លេពីរខ្សែទាំងទន្លេសេសាន និងទន្លេស្រែពក ឲ្យគ្នារត់ទៅភូមិចាស់ម្តេចមិនសង មិនមែនតែគ្នាមិនមករស់នៅភូមិថ្មីមិនសង អត់ត្រូវទេគោលការណ៍ខុសច្បាប់ហើយ»។
កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធចុចកុងតាក់បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោមពីរជាស្ថាពរ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យអ្នកភូមិដែលបដិសេធមិនទទួលសំណងរស់នៅភូមិស្រែគរ និងភូមិក្បាលរមាសចាស់ អាចតាំងទីលំនៅភូមិថ្មីបាន។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយក្នុងការកំណត់ទីតាំងភូមិថ្មីជូនពលរដ្ឋ និងផ្តល់សេវាសារណៈនៅឡើយទេ។
អគ្គលេខាដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ឡូ រ៉ង់ យល់ថា ការអូសបន្លាយពេលដោះស្រាយបញ្ហាប្រឈមរបស់អាជ្ញាធរ នឹងបង្កគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិតពលរដ្ឋ ដ្បិតពលរដ្ឋដែលរងគ្រោះបញ្ហានេះ កំពុងប្រឈមការលំបាកវេទនា ទាំងសេដ្ឋកិច្ច បំនិនជីវិត និងការចំណាយពេលសាងសង់ជម្រករស់នៅដោយខ្លួនឯង។ លោកថា កន្លងទៅអាជ្ញាធរខេត្តសន្យាផ្ទាល់មាត់ជាមួយសហគមន៍ ក្នុងការស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែមកទល់ពេលនេះពួកគាត់ពុំទាន់ទទួលបានលទ្ធផលនៅឡើយ។ លោកសំណូមពរទទួចដោយឲ្យអាជ្ញាធរខេត្តពិចារណាផ្តល់សេវាសាធារណៈដល់សហគមន៍ជាអត្ថិភាព ដើម្បីសម្រាលការលំបាកដល់ពួកគាត់ និងផ្តល់ឱកាសឲ្យកុមារចូលរៀនឡើងវិញ៖ «មានការពន្យារបែបនេះ វាប៉ះពាល់ដល់កុមារ និងប៉ះពាល់សុខភាព អាចនឹងអាយុវជីវិតដល់ពួកគាត់។ មិនគួរណាទុកគាត់យូរបែបនេះទេ។ កន្លែងផ្សេងទៀតរងគ្រោះបែរជាទទួលសេវាយកចិត្តទុកដាក់។ គួរតែដល់ពេលពិចារណាទឹកហ្នឹងឲ្យគាត់វិញជាបន្ទាន់»។
លោក ឡូ រ៉ង់ បន្ថែមថា អាជ្ញាធរមានតួនាទីផ្តល់សេវាធារណៈ មិនគួរទុកឲ្យពលរដ្ឋរស់នៅដាច់សង្វែង និងប្រឈមការលំបាកនោះទេ ហើយបញ្ហាទាំងនេះក៏ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងអាជ្ញាធរ។ លោកបារម្ភថា ប្រសិនបើអាជ្ញាធររើសអើងជនជាតិដើមភាគតិច ដោយសារមិនទទួលសំណងពីក្រុមហ៊ុន គឺជាការរំលោភសិទ្ធិជនជាតិដើមភាគតិច ច្បាប់ជាតិ និងអន្តរជាតិ។
កន្លងទៅអាជ្ញាធរខេត្តស្ទឹងត្រែង ធ្លាប់សន្យានៅចំពោះមុខអ្នករាយការណ៍ពិសេសអង្កការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថា នឹងគោរពសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងជនជាតិដើមភាគតិចផ្សេងទៀតរស់នៅខេត្តនេះ។ ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរកឃើញថា អាជ្ញាធរខេត្តស្ទឹងត្រែង គ្រាន់តែសន្យាជាលេសយករួចខ្លួន តែធាតុពិតប្រើអំណាចតុលាការគំរាមកំហែង និងពង្រាយកម្លាំងប្រដាប់អាវុធរឹតត្បិតសិទ្ធិជនជាតិដើមភាគតិចនៅតំបន់នោះ និងហាមមិនឲ្យអ្នកកាសែត និងអង្កការមិនមែនរដ្ឋាភិបាលចុះទៅតំបន់នោះ។
របាយការណ៍អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា មកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៨គ្រួសារ និងឃុំស្រែគរ ៥០គ្រួសារ រាប់បញ្ចូលពលរដ្ឋបំបែកគ្រួសារ នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ៕