ដោយ មួង ណារ៉េត
2018-04-10
RFA

ឈើដែលត្រូវបានគេដឹកពីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកមកទុកនៅបរិវេណក្រុមហ៊ុនវៀតណាមឈ្មោះ ដាក់ឡាក់ (Dac Lak) ដើម្បីត្រៀមដឹកទៅវៀតណាម។ ថតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ រូបថតពីសហគមន៍ឡាំមេះ
![]()
បទល្មើសព្រៃឈើទ្រង់ទ្រាយធំ កើតឡើងដោយបើកចំហ នៅដែនជម្រកសត្វព្រៃ ភ្នំណាំលៀ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សហគមន៍ដែលបានទៅដល់ទីតាំងបទល្មើសព្រៃឈើនោះ បានថតយករូបភាព និងផ្តល់ព័ត៌មានទៅគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រសួងបរិស្ថាន និងហ្វេសបុកលោក ហ៊ុន សែន ប៉ុន្តែពុំមានការឆ្លើយតបទេ។ ផ្ទុយទៅវិញ បទល្មើសរឹតតែកើតមានច្រើន។
សហគមន៍រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ឲ្យដឹងនៅថ្ងៃទី១០ មេសាថា ឈើជ្រុងច្រើនម៉ែត្រគូប មុខកាត់ចាប់ពី ៣តឹកឡើងទៅ ប្រវែងជាង ២ម៉ែត្រ ត្រូវឈ្មួញដឹកចេញពីដែនជម្រកសត្វព្រៃភ្នំណាំលៀ ទាំងយប់ថ្ងៃ ដោយពុំមានការទប់ស្កាត់។ សហគមន៍ថា រថយន្តយីឌុប គោយន្តកែច្នៃ និងឡានដឹកឈើធំៗ បានប្រមូលឈើជ្រុង ពីដែនជម្រកសត្វព្រៃភ្នំណាលៀ មកស្តុកទុក នៅបរិវេណក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ដាក់ឡាក់ (Dac Lak) ដើម្បីត្រៀមដឹកទៅវៀតណាម។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា លោក ក្រើង តុលា ចាត់ទុកបទល្មើសព្រៃឈើ ទ្រង់ទ្រាយធំនេះថា ជាប្រភពវិនាសកម្មធនធានធម្មជាតិ ក្នុងព្រៃអភិរក្សភ្នំណាំលៀ ដែលព្រៃអភិរក្សនេះ ត្រូវបានចុះបញ្ជី ជាដែនជម្រកសត្វព្រៃរួចទៅហើយ។ លោកថា ឈើគគីរ និងផ្ចឹក ត្រូវគេអារច្រៀកជាជ្រុង ដឹកស្តុកទុកក្នុងបរិវេណក្រុមហ៊ុនវៀតណាម ឈ្មោះ ដាក់ឡាក់ នេះ។ លោកថា សហគមន៍ បានថតរូបភាពបទល្មើសព្រៃឈើនោះ និងបានផ្ញើទៅកាន់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើផង ផ្ញើទៅហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និងផ្ញើទៅក្រសួងបរិស្ថានថែមទៀត បំណងឲ្យចុះបង្ក្រាបឲ្យបានទាន់ពេល។ ប៉ុន្តែទាំងនេះ នៅតែមិនបានផល ព្រោះបទល្មើសព្រៃឈើ នៅតែកើតមានកាន់តែច្រើនឡើង។ រីឯសហគមន៍ ខ្លាចរអាមិនហ៊ានចុះទប់ស្កាត់នោះទេ ដោយខ្លាចក្រែងអាជ្ញាធរចោទថា ជាក្រុមបដិវត្តពណ៍៖ «ការស្នើសុំឲ្យឯកឧត្តមចុះអន្តរាគមន៍ចុះចំណុចនេះនោះ តែបទល្មើសកាន់តែកើន មានន័យថាបទល្មើសដាក់តាមឡង់គ្រីស័រទេ តែឥឡូវដឹកតាមយីឌុបធំៗ។ ផ្ញើឲ្យគាត់បែរជាគាត់មិនឆ្លើយ។ ស្នើសុំឲ្យសម្តេចពិចារណាធនធានធម្មជាតិរបស់កម្ពុជាយើង»។
លោក ក្រើង តុលា កត់សម្គាល់ថា ទាំងបទបញ្ជាទាំងអនុក្រឹត្យ ទាំងច្បាប់ស្តីពីព្រៃឈើ និងសារាចរណ៍ផ្សេងៗ ផង ហាក់គ្មានឥទ្ធិពលជាវិជ្ជមាន ក្នុងការដាក់ទោសទណ្ឌ ដល់ជនល្មើស និងលុបបំបាត់បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាពនោះទេ។ លោកបារម្ភខ្លាចទំហំ ព្រៃឈើ ក្នុងព្រៃអភិរក្សមួយនេះ នឹងរលាយនៅពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន ហើយវានឹងបង្កប៉ះពាល់ជីវភាពជនជាតិដើមភាគតិច។ មិនតែប៉ុណ្ណោះ ការបាត់ព្រៃឈើ វាក៏នឹងបណ្តាលឲ្យប្រែប្រួលអាកាសធាតុ និងការបាត់បង់ជម្រកសត្វព្រៃរស់នៅផងដែរ៖ «មានការសោកស្តាយអ្វីដែលយើងមានព្រៃធនធានធម្មជាតិយើងមានស្រាប់ យើងអត់មានអ្នកអនុវត្ត និងអ្នកការពារចំណុចហ្នឹងហើយ ដែលខ្ញុំសោកស្តាយជាទីបំផុត។ ខ្ញុំអត់មានឥទ្ធិពលទប់ស្កាត់បទល្មើសព្រៃឈើ មានតែថ្នាក់ដឹកនាំកំពូលហ្នឹង ដែលជាអ្នកយកចិត្តទុកដាក់លើការថែរក្សាព្រៃឈើ។ ខ្ញុំគួរតែឲ្យគាត់យកចិត្តទុកដាក់ការសំណូមពររបស់ខ្ញុំ»។
ព្រៃសហគមន៍ឡាំមេះ និងព្រៃសហគមន៍ពូលុ ឋិតក្នុងដែនជម្រកសត្វព្រៃណាំលៀ មានផ្ទៃដីជាង ២ម៉ឺនហិកតារ (២១.៩៣៣) ដែលរដ្ឋាភិបាល បានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ក៏មិនទទួលទូរស័ព្ទដែរ នៅរសៀលថ្ងៃទី១០ មេសា។
ប៉ុន្តែមេឃុំប៊ូស្រា លោក យឺត សារៀន ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតំបន់នោះ ពិតជាកើតមាន ប៉ុន្តែដោយការលួចលាក់។ លោកថា អាជ្ញាធរឃុំ គ្មានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ជ្រុងជ្រោយទេ បានត្រឹមផ្តល់ព័ត៌មានទៅឆ្មាំអភិរក្ស និងសមត្ថកិច្ច ព្រោះវិធានការបង្ក្រាប ជាតួនាទីរបស់ឆ្មាំអភិរក្សក្រសួងបរិស្ថាន និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ៖ «ខ្ញុំអត់មានតួនាទីចាប់ឈើទេ ព្រោះអ្នករកស៊ី គេអត់ប្រាប់យើងឲ្យដឹងទេ។ ការងារនេះគេមានតួនាទីបរិស្ថាន និងរដ្ឋបាលព្រៃឈើ»។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក សឹង សែនករុណា យល់ថា បទល្មើស ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ នៅតែកើតមានច្រើន ជាសញ្ញាណបង្ហាញពីភាពអសកម្ម របស់អាជ្ញាធរពាក់ព័ន្ធ ដែលមិនបានបំពេញតួនាទី ការពារព្រៃឲ្យបានត្រឹមត្រូវ និងមិនបានចាត់វិធានការច្បាប់ដល់ជនល្មើស និងអ្នកពាក់ព័ន្ធ។ លោកបារម្ភដែរថា ព្រៃការពារ ដែលនៅសេសសល់ចុងក្រោយមួយនេះ កំពុងប្រឈមការគំរាមកំហែងធ្ងន់ធ្ងរ៖ «គគ្រឹកគគ្រេងមែនទែន រឿងបទល្មើសព្រៃឈើ យើងឃើញហើយថា មានបទល្មើសនៅតែកើតមាន វាបង្ហាញពីការចាត់វិធានការរបស់អាជ្ញាធរ ដែលមានតួនាទីក្នុងការបង្ក្រាប។ តែការបង្ក្រាបអត់មានប្រសិទ្ធភាព វាបង្ហាញពីភាពអសមត្ថភាពមន្ត្រីទាំងអស់ហ្នឹង»។
សហគមន៍បន្ថែមថា បទល្មើសព្រៃឈើ មិនមែនកើតមាន តែក្នុងដែនជម្រកសត្វព្រៃភ្នំណាំលៀនោះទេ។ ចំណែកឯដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វភ្នំព្រិច ក្នុងខេត្តមណ្ឌលគិរី ក៏មានសេចក្តីរាយការណ៍ថា ការដឹកជញ្ជូនឈើមូលតាមរថយន្តធំៗ ទៅប្រទេសវៀតណាម បានកើតមានពេញទំហឹងដែរ ដែលមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម នៅក្បែរនោះ ដឹកឈើពីខាងក្រៅចូលដោយឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធ៕