ដោយ យន់ សាមៀន
2018-04-10
RFA

ស្លាកសញ្ញារបស់អង្គការបណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី (ANFREL)។ Print screen
អង្គការបណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី (ANFREL) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានបដិសេធអត្ថបទព័ត៌មានចុះផ្សាយដោយឧបករណ៍ផលិតព័ត៌មានរបស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ Swiftnews និង Freshnews ដែលបានសរសេរចោទប្រកាន់ថា អង្គការ ANFREL នឹងធ្វើសកម្មភាពប៉ះពាល់ដល់ការបោះឆ្នោត និងចោទប្រកាន់ថា អង្គការ ANFREL ជាប់ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍។
បន្ទប់ស្ថានការណ៍ជាបណ្តុំអង្គការក្នុងស្រុក ដែលបានបង្កើតឡើង ដើម្បីតាមដានសង្កេតការណ៍បោះឆ្នោត ប៉ុន្តែរបបលោក ហ៊ុន សែន ចោទថា បន្ទប់ស្ថានការណ៍ជាអង្គការខុសច្បាប់។ សេចក្តីថ្លែងការណ៍របស់ (ANFREL) ផ្សាយកាលពីថ្ងៃទី១០ មេសាបញ្ជាក់ថា អង្គការ (ANFREL) មិនបានជាប់ពាក់ព័ន្ធនឹងផែនការណាមួយ ដែលធ្វើឲ្យគ្រោះថា្នក់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជាឡើយ។ អង្គការនេះសម្ដែងការសោកស្តាយ ដែលឧបករណ៍ផលិតព័ត៌មានរបស់លោក ហ៊ុន សែន មិនបានទាក់ទងមន្រ្តីអង្គការនេះ ដើម្បីសាកសួរព័ត៌មានបន្ថែមមុនការផ្សាយ។ អង្គការនេះបន្តថា អង្គការ (ANFREL) ស្វាគមន៍ ចំពោះសំណើសុំសម្ភាស ដើម្បីជៀសវាងការផ្សាយព័ត៌មាន ដោយមិនបានពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ៕